ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន​ចិន​ឈូស​សំណល់​ប្រាសាទ​បុរាណ​ខ្មែរ

  • គង់ សុឋានរិទ្ធ

បុរស​ម្នាក់​បើក​​ម៉ូតូ​កាត់​ផ្លាក​ក្រុមហ៊ុន​ចិន Cambodia Iron Group នៅ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ​។ (រូបថត​ឯកសារ ១០ កុម្ភៈ ២០១៣)
សំណល់​ប្រាសាទ​បុរាណ​ចំនួន​ពីរ​ត្រូវ​ក្រុម​ហ៊ុន​ចិន​មួយ​ឈូស​កម្ទេច​នៅ​ក្នុង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយក្នុង​ខេត្ត​ព្រះវិហារ​ដែល​កំពុងមាន​ទំនាស់​ដី​ធ្លី។

មន្ត្រី​ជំនាញ​ផ្នែក​វប្បធម៌​របស់​ខេត្ត​ព្រះវិហារ​ឲ្យ​ដឹង​ថា ​សំណល់​ប្រាសាទ​បុរាណ​ទាំង​ពីរ​មាន​ចំណាស់​តាំងពីសតវត្ស​ទី​៧។​

អ្នកស្រី​ហ៊ាន សុគន់ ​ជនជាតិ​កួយ​ជា​អ្នកភូមិ​ស្រែព្រាង ​ឃុំ​ប្រមេ ​ស្រុក​ត្បែង​មានជ័យ ​ខេត្ត​ព្រះ​វិហារ។​ នាង​បាន​រៀបរាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថាកម្មករ​របស់​ក្រុម​ហ៊ុន​ចិន ​Lan Feng​ (Cambodia) ​International Co.Ltd ​ដែល​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុនចិន​ចំនួន​ពីរ​ ដែល​ក្រុម​ជន​ជាតិ​កួយ​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​យក​ដី​របស់​ផង​ខ្លួន​នោះ​ បាន​ឈូស​កម្ទេច​ខឿន​ប្រាសាទ​បុរាណចំនួន​ពីរ​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ខែ​កុម្ភៈ។​

«ប្រាសាទ​នោះ​គឺ​ប្រាសាទ​យក្ខព្លួក​ជា​ប្រាសាទ​កប់ដី។​ ប្រហែល​ជា​ទំហំ​ប្រាំ​ម៉ែត្រ​បួន​ជ្រុង​ មាន​បល្ល័ង្ក​ ពី​មុន​កាយ​ប៉ះ​មួយ​ ហើយ​ពេល​នេះ​កាយ​ប៉ះ​មួយ​ទៀត»។

អ្នកស្រី​ហ៊ាន សុគន់ ​ឲ្យ​ដឹង​ថា សំណល់​ប្រាសាទ​ដែល​ត្រូវ​បំផ្លាញ​ចុងក្រោយ​ឈ្មោះ​ថា​ ប្រាសាទ​យក្ខ។​ ហើយមាន​សំណល់​ប្រាសាទ​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្បែរ​នោះ​ ដូចជា​ប្រាសាទ​ព្រះ​ពុទ្ធ​បាក់ក​ និង​ប្រាសាទ​អណ្តូង​ជាដើម។​

លោក​ឡោ ច័ន្ទ ​អ្នក​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ​ មាន​ប្រសាសន៍​ថា​ ការ​ឈូស​ឆាយ​ខឿន​ប្រាសាទ​បុរាណ​នេះសិ្ថត​ក្នុងក្រប​ខណ្ឌ​នៃ​ជម្លោះ​ដី​ធ្លី​រវាង​ក្រុម​ហ៊ុន ​Rui Feng (Cambodia) International Co.Ltd​ និង​ក្រុម​ហ៊ុន​ Lan Feng​ (Cambodia) International Co.Ltd​ ជាមួយប្រជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ។​

ក្រុមហ៊ុន​ចិន​ទាំង​ពីរ​បាន​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី​សរុបជិត​១៨.០០០​ហិចតា​សម្រាប់​ដំណាំ​អំពៅ​ និង​ដាំ​ដើម​អាកាស្យា។

ដោយ​ឡែក​ លោក ​ចាន់ សូវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក​ ដែល​ទើប​នឹង​ត្រឡប់​មកពី​ការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​នៅ​នឹង​កន្លែងបាន​ពិពណ៌នា​អំពី​លក្ខណៈ​ខឿន​ប្រាសាទ​នេះ។​

«ប្រាសាទ​នៅ​តំបន់​នោះ​មាន​បី​បួន​ ហើយ​ប្រាសាទ​មួយ​នោះ​ យើង​ឃើញ​ឈូស​របើក​ខ្ទេចចេញ​ទម្រ​ប្រាសាទ​ ឬ​បល្ល័ង្ក​ប្រាសាទ។​ ថ្ម​ទាំង​នោះ​គឺ​ជា​ថ្ម​ភក់ ​ហើយ​នៅ​ខាង​ក្រោម​ដី​ ដូចជា​ទី​តាំង​ប្រាសាទ»។​

លោក ​គល់ វីរៈ ​អនុ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ព្រះវិហារ ​អះអាង​ថា ភ្នាក់​ងារ​មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យសំណល់​ប្រាសាទ​នេះ​ជំហាន​ដំបូង​រួច​ហើយ។​

«យើង​បាន​ចុះ​ទៅ​ហាម​ឃាត់​ ​មាន​ក្រុម​ការងារ​ថ្នាក់ស្រុក​ និង​បាន​កំណត់​ចំណុច​ហាម​ឃាត់​កុំឲ្យ​ក្រុម​ហ៊ុន​ឈូស​ឆាយ​ឬ​រុករាន»។​

ជាមួយ​គ្នា​នេះ​ លោក​ម៉ៅ វី ​មន្ត្រី​ផ្នែក​បេតិកភណ្ឌ័​របស់​ខេត្ត​ព្រះវិហារ​ បញ្ជាក់​ថាសំណល់​ប្រាសាទ​នេះ​មិន​មាន​រូបរាង​ពិត​ប្រាកដ​នោះ​ទេ​គឺ​មាន​តែ​រូបរាង​ផ្នែក​ខាង​ក្រោម​តែ​ប៉ុណ្ណោះ។ ​ហើយ​ក្រុម​ភ្នាក់ងារ​របស់​អាជ្ញាធរ​នឹង​ចុះ​ទៅ​ពិនិត្យ​តំបន់​នេះ​ឡើង​វិញ​នៅ​ក្នុង​ពេល​ខាង​មុខ។​

សូម​បញ្ជាក់​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ បាន​ឡើង​មក​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ដាក់​ញ្ញត្តិ​ជូនក្រសួង​នានា​ និងជូន​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ទប់​ស្កាត់​អ្វី​មួយ​ដែល​ក្រុម​ជនជាតិ​ភាគ​តិច​ទាំង​នេះ​ហៅ​ថា​ ការ​រំលោភ​បំពាន​ពី​ក្រុម​ហ៊ុន​ឯកជន ​និង​ការ​បំផ្លាញ​ប្រាសាទ​បុរាណ​និង​ទី​កន្លែង​សក្ការៈ​នៃ​ដូនតា​របស់​ពួក​គេ។​

ក៏​ប៉ុន្តែ​រហូត​មកទល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​អន្តរាគមន៍​ណាមួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ៕
XS
SM
MD
LG