ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មករ​ដែល​នៅ​រស់​រៀបរាប់​ពី​ការរួច​ជីវិត​ពី​គំនរ​អគារ​បាក់

  • គង់ សុឋានរិទ្ធ

រថយន្ត​​ពេទ្យ​ឈប់​នៅ​មុខ​រោងចក្រ​ដែល​បាក់​រលំ​​​​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ ឆ្នាំ​២០១៣ ដើម្បី​​​​ដឹក​​​ជន​​រងគ្រោះ​​​​ទៅ​មន្ទីរពេទ្យ។

កម្មករ​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ហើយ​តួលេខ​ចុងក្រោយ​នៅ​ថ្ងៃ​នេះ​បង្ហាញ​ថា​កម្មករ​ចំនួន​១២​នាក់​រង​របួស​ធ្ងន់​និង​ស្រាល។

ភ្នំពេញ៖ នៅក្នុង​អគារ​ទទឹង​ថ្ងៃ​សង់​ផ្ទាល់​ដី​ប្រក់​ដោយ​ដំបូល​សង្កសី​ពណ៌​ក្រហម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ក្រុងភ្នំពេញ​ កម្មករ ​កម្មការិនី ​នៃ​រោងចក្រ​ផលិត​ស្បែកជើង​ Wing Star Shoes ​ចំនួន​ប្រាំបួន​នាក់​កំពុង​សម្រាក​ព្យាបាល​ក្រោម​ការត្រួតពិនិត្យ​ពី​ក្រុមគ្រូពេទ្យ​ជា​ប្រចាំ។

ដៃ​របស់​ពួកគេ​ភ្ជាប់​ជាមួយ​ខ្សែ​សេរ៉ូម ​ពួកគេ​សណ្តូក​ខ្លួន​លើ​គ្រែ​ដែល​មាន​កម្រាល​ពណ៌​ស ​ដោយ​ទឹកមុខ​ក្រៀមក្រំ​ហាក់​ដូចជា​នៅ​ដក់ជាប់​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ចំពោះ​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ​នេះ។

រោងចក្រ​ដែល​មាន​កម្មករ​ជាង​៧០០០នាក់​នេះ​ស្ថិត​ក្នុង​ឃុំ​ព្រៃ​វិហារ ​ស្រុក​គងពិសី ​ខេត្ត​កំពង់ស្ពឺ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង៥០​គីឡូម៉ែត្រ​ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។
ពិដាន​ឡៅតឿ​មួយ​នៃ​អគារ​បណ្តោយ​ថ្ងៃ​សង់​ផ្ទាល់​ដី​បាន​បាក់​រលំ​ដោយសារ​ដាច់​ទឹក បន្សារ​នៃ​ធ្នឹម​ធ្វើ​អំពី​ដែក​ហើយ​បាន​ទម្លាក់​សម្ភារៈ​និង​ផ្ទាំង​ថ្ម​ពិដាន​សង្កត់​លើ​កម្មករ​ដែល​ទើបនឹង​ចាប់ផ្តើម​ធ្វើការ​បាន​បន្តិច។

កម្មករ​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ហើយ​តួលេខ​ចុងក្រោយ​នៅ​ថ្ងៃ​នេះ​បង្ហាញ​ថា​កម្មករ​ចំនួន​១២​នាក់​រង​របួស​ធ្ងន់​និង​ស្រាល។

ជន​រងគ្រោះ​ម្នាក់​គឺ​អ្នកស្រី​ហេង ណាវី​បាន​រៀបរាប់​ឡើង​វិញ​ប្រាប់​វីអូអេ​ថា៖

«កំពុង​រក​លេខ​បាទ​ស្បែកជើង​ដាក់​ទៅ ​នៅពេល​ដែល​ឮ​សូរ​ស្រុត​ទៅ​ រួច​ខ្ញុំ​ក៏​ងើយ​ទៅ​ខាង​លើ​ឃើញ​បាក់​មក​ខ្ញុំ​ក៏​ខំ​រត់ចេញ ​តែ​ចេញ​ឥត​រួចហើយ​ថ្ម​ក៏​សង្កត់​មក​ជាប់​ទៅ»។

អ្នកស្រី​ហេង ណាវី ​បាន​រំលឹក​ឡើងវិញ​ទាំង​មិនអាច​ក្រោក​អង្គុយ​កើត។ ថ្ងាស​ផ្នែក​ខាងស្តាំ ​ភ្នែក​ស្តាំ មាន​ស្នាម​ជាំ​ដោយ​ការប៉ះទង្គិច។ ជើងឆ្វេង​របស់​អ្នកស្រី​ហើម​ធំ​ត្រូវ​រុំ​ដោយ​ស្បៃ​រុំ​របួស​និង​មិនអាច​កម្រើក​បាន​ដោយសារ​តែមាន​ឆ្អឹង​មួយ​បាក់។

«សង្កត់​ចំ​ជើង​មួយ​ខាងឆ្វេង​ហ្នឹង! បាក់ជើង។ ខ្លួន​ខ្ញុំ​បាន​កញ្ច្រែ​ង​ដាក់​បាត​ស្បែកជើង​ខ្ញុំ​ហ្នឹង​ស្តុក​ទុក វា​ច្រើន​ក​ញ្ជ្រែ​ង​ដែរ​ ដោយ​បាន​អាហ្នឹង​វា​រង​ថ្ម ​បាន​ក្បាល​ខ្ញុំ​ហ្នឹង​វា​គេច​រួច​កុំ​អី​វា​សង្កត់​សំប៉ែត​បាត់​ហើយ ​គឺ​ស៊ីម៉ង់ត៍​វាយ​គ្រប​វាយ​ជំហរ​យើង​ដួល​ផ្កាប់​មុខ។ ជើង​ហ្នឹង​រើ​ឥត​រួច ​ព្រោះ​ស៊ីម៉ង់ត៍​វា​ដុំ​ធំៗ​សង្កត់​ជាប់​តែម្តង។ គេ​ឥត​ឃើញ​ខ្ញុំ​ទេ ​ខ្ញុំ​ស្រែកៗ ​ឲ្យ​គេ​ជួយ។ ខ្ញុំ​ថា​ពូ​អើយ​ជួយ​ខ្ញុំ​ផង។ ខ្ញុំ​នៅក្នុង​ហ្នឹង ជាប់​នៅ​ខាង​នេះ​ ទាល់តែ​វាយយក​ថ្ម​ចេញ​ទើប​បាន​ខ្ញុំ។ គេ​វាយ​យក​ជិត​អស់​ហើយ ​វា​នៅ​ផ្ទាំង​ធំ​ពេក។ គេ​ពិបាក​កាត់​ដែក​កាត់​អីហ្នឹង ​គេ​ក៏​យក​ខ្សែពួ​ហ្នឹង​សូក​ម្តង​ពីរៗ​តាម​ប្រហោង ​គេ​វាយ​ឲ្យ​បាន​ប្រហោង​ តាម​ខ្លួន​ខ្ញុំ ​ទើប​ឲ្យ​អា​អិច​ទាញ​បាន​ចេញ»។

អ្នកស្រី​ហេង ណាវី ​អាយុ​៣៥ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ។ នាង​ក៏​ដូចជា​កម្មករ​រងគ្រោះ​ដទៃ​ទៀត​ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ សុទ្ធតែ​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​និង​ផ្តល់​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​ពួកគេ។

អ្នកស្រី​ង៉ែត ផាត ​ងើប​អង្គុយ​ដោយ​ពិបាក​ដោយ​សារតែ​ខ្លួន​របស់​គាត់​ត្រូវ​ឡាំង​សម្ភារៈ​ផលិត​ស្បែកជើង​ធ្លាក់​សង្កត់​លើ​ហើយ​សំណាងល្អ​សសរ​ដែល​ដែល​បាក់​រលំ​នោះ​មិនបាន​ទៅ​សង្កត់​លើ​ខ្លួន​អ្នកស្រី។

«កំពុង​កាន់​ស្បែកជើង ​ក៏​ជ្រុះ​បាត់​ស្បែកជើង​ហើយ​អ្នកផ្សេង​នៅ​ជូត​ស្បែកជើង។ អ្នកខ្លះ​ទៀត​នៅ​លាង​បាត ​លាបទឹក​ថ្នាំ​បង្ហូរ​តាម​ខ្សែ​ ធ្លាក់​មួយ​គ្រឹក​មក​គ្មាន​អ្នកណា​ដឹង​ខ្លួន​ទេ។ ខ្ញុំ​មិន​ដឹងថា​មកពី​មូលហេតុ​អី​ទេ ​ប៉ុន្តែ​នៅពេល​ព្រឹក​កម្ចេច​ដី​ហ្នឹង​ធ្លាក់​មកពី​ខាងលើ ​ហើយ​ធ្លាក់​មក​ប្រឹបៗ ​ហើយ​ខ្ញុំ​មិន​ដឹង​ថា​អាហ្នឹង​វា​បាក់​ទេ។ ហើយ​អីចឹង​នាំគ្នា​ធ្វើការ ​ធ្វើការ​ហើយ​ប្រហែល​១០​នាទី ​អាហ្នឹង​បាក់​មក ដោយ​ម្នាក់ៗ​មិនដឹង​ខ្លួន​ថា​អាហ្នឹង​ធ្លាក់​មក។
អាឡាំង​ធ្លាក់​មក​ចំ​ខ្នង​ខ្ញុំ។ ខ្ញុំ​មាន​ប្រឡោះ​មួយ ​ខ្ញុំ​ខំ​ត្បុល​រត់​ចេញ ​ខ្ញុំ​យំ ​ខ្ញុំ​ភ័យ ​ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ»។

ក្រុមកម្មករ​ដែល​នៅ​រស់រាន​មាន​ជីវិត​សុទ្ធតែ​បាន​អះអាង​ថា​ជា​សំណាង​មួយ​ដែល​ពួកគេ​មិនបាន​រំពឹង​ទុក។

លោក​ចន សុភ័ក្ត្រ ​បាន​ធ្លាក់​ពី​ពិដាន​ឡៅតឿ​មកដល់​ខាង​ក្រោម។

«ខ្ញុំ​ឡើង​លើ​ពិដាន​មកចាក់​ទ្វារ​ ចាក់​ទ្វារ​ហើយ​ខ្ញុំ​ទាញ​ជើងម៉ា​អង្គុយ ​គ្រាន់​ឮ​សូរ​តែ​ប្រ៉ស ​ធ្លាក់​ទៅ​ដល់​ក្រោម​បាត់។ ខ្ញុំ​ទៅ​ជាមួយ​អីវ៉ាន់ ​ទៅ​ជាមួយ​ថ្ម ​ជាមួយ​តុ ​ហើយ​បាន​តុ​យោង ​ប្រសិន​បើ​អត់​តុ​វិញ ​ដុំ​ថ្ម​កិន​បែកក្បាល​ងាប់​បាត់។ ធ្លាក់​ទៅ ​ខ្ញុំ​ធ្លាក់​ទៅ​មុន​តុ ​ហើយ​បាន​តុ​ហ្នឹង​ក្រុង​ខ្ញុំ​ជាប់»។

ក្រុមកម្មករ​បាន​អះអាង​ថា​ពួកខ្លួន​មាន​ការធូរស្បើយ​បន្តិច​នៅ​ថ្ងៃនេះ​បន្ទាប់ពី​សម្រាក​ពេទ្យ​បាន​មួយ​ថ្ងៃ។ ក៏​ប៉ុន្តែ​សម្រាប់​អ្នកមាន​របួស​ធ្ងន់​ហាក់បី​ដូចជា​ទើបនឹង​ដឹងថា​ទទួល​ការឈឺចាប់​ខ្លាំង​នៅ​ថ្ងៃនេះ។

លោក​វេជ្ជបណ្ឌិត​ប្រុស វិចិត្រា ​ជា​គ្រូពេទ្យ​ប្រចាំការ​ផ្ទាល់​ជាមួយ​កម្មករ​ដែល​រង​របួស។

«ជំងឺ​អ្នក​ទាំង​ប្រាំបួន​នាក់​ហ្នឹង​គឺ​ប៉ះពាល់​ក្បាល ​អ្នកខ្លះ​ទ្រូង ​អ្នកខ្លះ​ប៉ះពាល់​ពោះ ​ហើយ​អ្នកខ្លះ​បាក់​ជើង​ខាងឆ្វេង ​ហើយ​អ្នកខ្លះ​ប៉ះពាល់​ខាង​ខ្នង»។
លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងនោះ ​មានតែ​ជនរងគ្រោះ​ពីរ​នាក់​ប៉ុណ្ណោះ​មាន​សភាព​ធ្ងន់ធ្ងរ ​ហើយ​ត្រូវការ​សម្រាក​ព្យាបាល​និង​ធ្វើការ​តាមដាន​បន្តទៀត។

«ជំងឺ​ទី១ ​គាត់​មាន​បាក់ជើង ​ហើយ​យើង​មាន​ការវះកាត់​ជូន​គាត់​ហើយ។ ​ឥឡូវ​យើង​តាមដាន​នឹង​ដាក់​ថ្នាំ​បន្ត ​ហើយ​ចំណែក​អ្នកជំងឺ​មួយ​ទៀត​ក៏​ដូចគ្នា​អីចឹង​ដែរ ​យើង​នឹង​ធ្វើ​ការព្យាបាល​ដាក់​ថ្នាំ​ជូន​គាត់​ដែរ។ ចំណែក​ឯ​ប្រាំពីរ​ផ្សេង​ទៀត ​សុខភាព​របស់គាត់​ល្អ​ទេ។ ​ប្រហែល​ជា​បួន ​ទៅ​ប្រាំ​នាក់​អាច​ចេញ​បាន​ឆាប់»។

ថ្លៃ​សេវា​ព្យាបាល​កម្មករ​រងគ្រោះ​ត្រូវគេ​រាយការណ៍​ថា​ជា​បន្ទុក​របស់​ក្រុមហ៊ុន​រោងចក្រ​ Wing Star Shoes។ នៅថ្ងៃនេះ​លោក​វ៉ាន់ ស៊ូអៀង ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​និង​លោក​អាត់ ធុន ​ប្រធាន​សហភាព​ការងារ​កម្ពុជា​បានទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ស្បែកជើង​ខាងលើ​ទទួល​ខុសត្រូវ​ចំពោះ​កម្មករ​រងគ្រោះ។

ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​នេះ​មិនអាច​ទាក់ទង​បាន​ទេ​នៅថ្ងៃនេះ​ដោយសារតែ​ទូរស័ព្ទ​ចំនួន​ពីរ​ខ្សែ​របស់​ក្រុមហ៊ុន​មិន​ដំណើរការ។

បើ​យោង​តាម​លោក​អាត់ ធន់ ​កម្មករ​រងគ្រោះ​ដល់​ស្លាប់​ម្នាក់​អាច​នឹង​ទទួល​បាន​សំណង​ចំនួន​៦០០០​ដុល្លារ​អាមេរិក។ រីឯ​កម្មករ​រងរបួស​អាច​នឹង​ទទួល​សំណង​ពី​រោងចក្រ​ចំនួន​១.៥០០ ​ដុល្លារ​ក្នុង​ម្នាក់៕
XS
SM
MD
LG