សិស្សានុសិស្សពិការជនជាតិកូរ៉េខាងជើងមួយក្រុមធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស និងប្រទេសបារាំងដើម្បីធ្វើការសម្តែងដ៏កម្រមួយនៅក្នុងជីវិតនៅទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស តាមរយៈជំនួយឯកជនមួយដែលមានទីតាំងនៅទីក្រុងឡុងដ៍។
នៅចន្លោះពីថ្ងៃទី ២០ ខែកុម្ភៈ ដល់ថ្ងៃ ០២ ខែមីនា ក្រុមយុវជនដែលមានសមាជិក១៦នាក់ ក្នុងនោះរួមមានសិស្សកូរ៉េខាងជើង ១១ នាក់ នឹងត្រូវសម្តែងនៅឯសាកលវិទ្យាល័យ ខេមប្រ៊ីជ (Cambridge) និងសាកលវិទ្យាល័យតូរ្យតន្រ្តីនៅទីក្រុងឡុងដ៍ ព្រមទាំងនៅសាលាជាតិបារាំងសម្រាប់អ្នកថ្លង់នៅទីក្រុងប៉ារីស។
ការធ្វើដំណើររយៈពេល ១០ ថ្ងៃនេះ ត្រូវបានរៀបចំដោយអង្គការ DULA International ដែលជាអង្គការជំនួយប្រចាំនៅទីក្រុងឡុងដ៍។ អង្គការនេះ បានចាប់ផ្តើមផ្តល់ជំនួយសប្បុរសធម៌ដល់សិស្សពិការក្នុងប្រទេសកុម្មុយនីស្ត បន្ទាប់ពីអ្នកតំណាងអង្គការនេះ បានជួបសិស្សពិការជនជាតិកូរ៉េខាងជើងក្នុងអំឡុងការប្រកួតកីឡា Paralympic ទីក្រុងឡុងដ៍។
លោក Seok Hee Lee ប្រធានអង្គការ DULA International បានប្រាប់ VOA ផ្នែកភាសាកូរ៉េ នៅថ្ងៃព្រហស្បតិ៍ថា គោលបំណងធំបំផុតនៃការធ្វើដំណើរនេះ គឺការផ្តល់ឱកាសឲ្យសិស្សទាំងនោះ បានឃើញពិភពលោកខាងក្រៅ និងរៀនសូត្រពីបទពិសោធន៍ដែលទទួលបាន។
សិស្សដែលមានអាយុចន្លោះពី ១១ដល់២០ឆ្នាំទាំងនេះ នឹងសម្តែងបទ «Arirang» ដែលជាបទប្រពៃណីដ៏ល្បីល្បាញមួយរបស់កូរ៉េ នៃតន្រ្តីមួយមានឈ្មោះថា «The Phantom of the Opera»។
លោក Lee និយាយថា ៖ «ពួកយើងពិតជាបានព្យាយាមប្រឹងប្រែងខ្លាំងណាស់ ដើម្បីបញ្ចុះបញ្ចូលមន្រ្តីកូរ៉េខាងជើងឲ្យអនុញ្ញាតឲ្យសិស្សានុសិស្សសម្តែងតន្ត្រីនេះ។ ខ្ញុំបានប្រាប់ទៅមន្រ្តីទាំងនោះថា តន្រ្តីនេះត្រូវបាននិពន្ធដោយអ្នកនិពន្ធជនជាតិអង់គ្លេស ហើយការសម្តែងរបស់ក្រុមសិស្សានុសិស្ស ពិតជាមានសារៈសំខាន់សម្រាប់ទស្សនិកជនជនជាតិអង់គ្លេស»។
តាមរយៈការសម្ភាសតាមទូរស័ព្ទជាមួយ VOA ផ្នែកភាសាកូរ៉េលោក Kim Mun-Chol អគ្គនាយករងនៃគណៈកម្មការកណ្តាលនៃសហព័ន្ធកូរ៉េខាងជើងសម្រាប់ការការពារជនពិការ ដែលកំពុងដឹកនាំគណៈប្រតិភូដែលមានសមាជិក២២នាក់ បានថ្លែងថា៖
«ការធ្វើដំណើរនេះ ជាការប្រឹងប្រែងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តការរវាងក្រុមនានាក្នុងប្រទេស និងអង្គការអន្តរជាតិ»។
លោកKim បានប្រាប់ថា អង្គការរបស់លោក កំពុងពង្រឹងទំនាក់ទំនងជាមួយអង្គការដែល ពាក់ព័ន្ធ នៅប្រទេសចិន ប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា ក៏ប៉ុន្តែ ប្រទេសជាច្រើននៅអឺរ៉ុបមិនបានដឹងអំពីសកម្មភាពរបស់អង្គការលោកទេ។
យោងតាមលោក Kim បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា Paralympic នៅឆ្នាំ២០១៦ ខាងមុខនេះ នៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ដោយផ្តោតជាខ្លាំងទៅលើកីឡាវាយតេនីស កីឡាបាញ់ព្រួញ កីឡាហែលទឹក និងកីឡាលើកទម្ងន់៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា