មន្រ្តីប៉ូលិសទីក្រុងបាល់ទីម័រ បានយល់ព្រមសងប្រាក់៦លាន៤សែនដុល្លាដើម្បីដោះស្រាយការទាមទារដោយក្រុមគ្រួសាររបស់ Freddie Gray យុវជនស្បែកខ្មៅដែលបានរងរបួសហើយស្លាប់ខណៈស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិសកាលពីខែមេសា។
ការខឹងសម្បារលើការស្លាប់របស់ Gray បានបណ្តាលឲ្យមានកុប្បកម្មហើយនិងការលួចទំនិញដែលបានធ្វើឲ្យខូចខាតដល់ហាងលក់ដូរទំនិញរាប់រយកន្លែង។ នៅក្នុងការពិភាក្សាពីការដោះស្រាយបណ្តឹងកាលពីថ្ងៃពុធ លោកស្រី Stephanie Rawlings-Blake អភិបាលក្រុង បាននិយាយថា លោកស្រីសង្ឃឹមថានឹងបិទរឿងក្តីនេះសម្រាប់ក្រុមគ្រួសារ Gray សហគមន៍និងទីក្រុងនេះ។
មន្រ្តីប៉ូលិស៦នាក់ បានប្រឈមនឹងការចោទប្រកាន់ពីការធ្វើបាប Gray។ លោកស្រីអភិបាលក្រុង Rawlings-Blake បានមានប្រសាសន៍ថា ទីក្រុងរបស់លោកស្រីបានសម្រេចដោះស្រាយបណ្តឹងរដ្ឋប្បវេណីដែលបានធ្វើឡើងដោយក្រុមគ្រួសារ Gray ដើម្បីទូទាត់អ្វីអាចជាការខំប្រឹងប្រែងដែលមានតម្លៃយ៉ាងខ្លាំងដើម្បីដោះស្រាយពីការទាមទារសំណងចំពោះការស្លាប់នេះ។
យុវជន Gray ត្រូវបានចាប់ខ្លួននៅតាមផ្លូវក្នុងទីក្រុងបាល់ទីម័រ កាលពីថ្ងៃទី១២ ខែមេសា នៅក្រោមកាលៈទេសៈដែលស្ថិតនៅក្នុងការឈ្លោះប្រកែកគ្នា។
ប៉ូលិសខ្លះបាននិយាយថា ជននោះបានកាន់កាំបិត ក៏ប៉ុន្តែរដ្ឋអាជ្ញានិយាយថា មិនមានមូលដ្ឋានខាងផ្លូវច្បាប់ត្រឹមត្រូវចំពោះការឃុំឃាំងជននោះទេ។ បុរសអាយុ២៥ឆ្នាំរូបនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយសប្តាហ៍ក្រោយមកដោយសាររបួសកញ្ចឹងកខណៈដែលជននោះបានត្រូវដាក់ខ្នោះដៃហើយស្ថិតនៅខាងក្នុងរថយន្តរបស់ប៉ូលិស៕