ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យ៉ាង​ហោច​ណាស់​សាក​សព​៤០​ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​រក​យន្ត​ហោះ​បាត់​ AirAsia


កង​ទ័ព​អាកាស​ឥណ្ឌូនេស៊ី​ លោក Marshall Dwi Putranto, ខាង​ស្ដាំ, បង្ហាញ​បំណែក​យន្តហោះ​​និង​វ៉ាលី​មួយ​ដែល​បាន​ឃើញ​អណ្តែត​លើ​ទឹក​នៅ​ជិត​កន្លែង​ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ជើង​ហោះ​ហើរ​លេខ​ 8501 បាន​បាត់​ នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ Pangkalan Bun ភាគ​កណ្តាល​កោះ​Borneo ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។
កង​ទ័ព​អាកាស​ឥណ្ឌូនេស៊ី​ លោក Marshall Dwi Putranto, ខាង​ស្ដាំ, បង្ហាញ​បំណែក​យន្តហោះ​​និង​វ៉ាលី​មួយ​ដែល​បាន​ឃើញ​អណ្តែត​លើ​ទឹក​នៅ​ជិត​កន្លែង​ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ជើង​ហោះ​ហើរ​លេខ​ 8501 បាន​បាត់​ នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ Pangkalan Bun ភាគ​កណ្តាល​កោះ​Borneo ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។

ក្រុម​មន្រ្តី​ឥណ្ឌូនេស៊ី​បាន​ស្រង់​សាក​សព​មនុស្ស​ពី​សមុទ្រ​យ៉ាង​ហោច​ណាស់​ក៏​៤០​នាក់​ដែរនៅ​ជិត​កំទេច​បាក់​បែកយន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia ​ដែល​បាន​ធ្លាក់​ក្នុង​អំឡុង​ពេល​ខ្យល់​ព្យុះ​កាល​ពី​ថ្ងៃ​អាទិត្យ។ ទូរទស្សន៍​ក្នុង​ស្រុក​បាន​បញ្ចាំង​នៅ​ថ្ងៃ​អង្គារ​នេះ​ពី​ការ​ជួយ​សង្គ្រោះ​របស់​ឧទ្ធម្ភាគចក្រដែល​បាន​យក​សាកសពចេញ​ពី​សមុទ្រ​ចាវ៉ា​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១៦០​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កោះ Borneo។

​ក្រុម​គ្រួសារ​របស់​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នោះ​បាន​ស្រែក​យំ​បន្ទាប់​ពី​បាន​ឃើញ​រូបភាព​សាកសព​អណ្តែត​ទឹក​មុន​ដំបូង​ដែល​គ្មាន​ពាក់​អាវសុវត្ថិភាព។

នៅ​ពេល​មេឃ​ងងឹត​ក្រុម​ជួយ​សង្គ្រោះ​បាន​ស្រង់​សាកសព​មនុស្ស​តែ១​ភាគ​៣​នៃ​មនុស្ស​ទាំងអស់​ដែល​បាន​ជិះ​នៅ​លើ​យន្តហោះ។ គ្មាន​អ្នក​ដំណើរ​ឬ​អ្នក​បើកបរ​ណា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​រស់​រាន​មាន​ជីវិត​ទេ។

​សាក​សព​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ភា្លម​ៗ​បន្ទាប់​ពី​រក​ឃើញ​កំទេច​បាក់​បែក​របស់​យន្តហោះ ​រួម​មាន​អ្វី​ដែល​ទំនងជា​អាវ​សុវត្ថិភាព​ពណ៌​ទឹក​ក្រូច វ៉ាលី​ដាក់​ឥវ៉ាន់ ​ហើយ​និង​ទ្វារ​ពណ៌​ក្រហម​និង​ពណ៌​ស​សម្រាប់​គ្រា​មាន​អាសន្ន។

​ការរុក​រក​តាម​អាកាស ក៏​បាន​រក​ឃើញ​អ្វី​ដែលទំនង​ដូច​ជា​ស្រមោល​នៅ​ក្រោម​ផ្ទៃ​ទឹកដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជា​តួ​ដ៏​សំខាន់​របស់​យន្តហោះ។

យន្តហោះ​ធុន Airbus A 320-200 ​បាន​បាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​ទើប​ហោះ​ហើរ​បាន​ពាក់​កណ្តាល​ផ្លូវនៃ​ការ​ហោះ​ហើរ​ដែល​មាន​រយៈ​ពេល​២​ម៉ោង​ពី​ទី​ក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេស​សឹង្ហបូរី។

​លោក Tony Fernandes អគ្គ​នាយក​និង​ជា​អ្នក​បង្កើត​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia បាន​និយាយ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ Twitter ថា បេះ​ដូង​របស់​លោក​ពោរពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​សម្រាប់​ក្រុម​គ្រួសារ​ទាំងអស់​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​សោក​នាដកម្ម​នេះ។ ​លោក​និយាយ​ទៀត​ថា ​ពាក្យ​ពេជន៍​មិន​អាច​សម្តែង​នូវ​ការ​សោកស្តាយ​របស់​លោក​បាន​ទេ។

មាន​នាវា​យ៉ាង​ហោច​ណាស់​ក៏​៣០​គ្រឿង ​យន្តហោះ​១៥​គ្រឿង​ ហើយ​និង​ឧទ្ធម្ភាគចក្រ​១៥​គ្រឿង​ មកពី​ប្រទេស​ជា​ច្រើន​បាន​ស្វែង​រក​យន្តហោះ​នៅ​ចន្លោះ​កោះ Borneo និង​កោះស៊ូ​ម៉ាត្រា។

​កិច្ច​ខំ​ប្រឹង​ប្រែង​រុករក​នឹង​ត្រូវ​ជំរុញ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​មាន​ការ​មក​ដល់​នៃ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​។ នាវា​ចម្បាំង​ USS Sampson ​ដែល​បាន​ដាក់​ពង្រាយនៅក្នុង​តំបន់​រួច​ហើយ​នោះ ​បាន​បំពាក់​ទៅ​ដោយ​ឧបករណ៍​សូណា​ដែល​អាច​មើល​ឃើញ​នៅ​ក្រោម​ទឹក។

អ្នកដំណើរ​ទាំងអស់​រួម​មាន​ជន​ជាតិ​ឥណ្ឌូនេស៊ី​១៤៩នាក់ ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​៣នាក់ ជន​ជាតិ​អង់​គ្លេស​ម្នាក់ ​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​ និង​ជន​ជាតិ​សឹង្ហបូរី​ម្នាក់។ ​អ្នក​បើកបរ​រួម​មាន​ជនជាតិ​ឥណ្ឌូនេស៊ី​៦​នាក់ ​និង​អ្នក​បើកបរ​រង​ជនជាតិ​បារាំង​ម្នាក់។

​យន្តហោះ​ដែល​មាន​ម៉ាស៊ីន​២ ​មិន​បាន​ផ្តល់​សញ្ញា​ក្នុង​ភាព​អាសន្នមុន​ពេល​បាត់​ពី​ប្រព័ន្ធ​រ៉ាដា​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​បើកបរ​បាន​សុំ​ការ​អនុញ្ញាតិ​ហោះ​ក្នុង​រយៈ​កំពស់​ខ្ពស់​ជាង​រយៈ​កំពស់​ដែល​កំពុង​ហោះ​ហើរ​ ដើម្បី​បញ្ចៀស​ពពក​ព្យុះ។ ​ក្រុម​មន្រ្តីឥណ្ឌូនេស៊ី​និយាយ​ថា គេ​មិន​បាន​ផ្តល់​ការ​អនុញ្ញាតិ​ពីព្រោះ​តែ​យន្ត​ហោះ​ផ្សេង​ទៀត បាន​ស្ថិត​នៅ​ក្នុង​តំបន់​នោះ។​ ជា​ជំនួស​ទៅ​វិញ ​គេ​បាន​យល់​ព្រម​ឲ្យ​យន្តហោះ​នោះ​ហោះហើរ​នៅ​ជុំ​វិញ​ព្យុះ​នោះ។

យន្តហោះ​នោះ ​បាន​ប្រតិបត្តិការ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ​ជា​ក្រុមហ៊ុនមាន​តម្លៃ​សំបុត្រ​យន្តយោះ​ថោក​មាន​ទីតាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​គ្មាន​ប្រវត្តិ​អ​សុវត្ថិភាព​ពី​មុន​មក។

​កាល​ពី​ខែ​មិនា ​ជើង​ហោះ​ហើរ​លេខ​ MH ៣៧០ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​បាន​បាត់​ក្នុង​ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង Kuala Lumpur ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​។ យន្តហោះដែល​បាន​ដឹក​មនុស្ស២៣៩​នាក់ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ធ្លាក់​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ទល់​មុខ​ឆ្នេរ​ខាង​លិច​នៃ​សមុទ្រ​អូស្រ្តាលី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គេ​មិន​បាន​រក​ឃើញ​ដាន​អ្វី​ទេ។

២​ខែ​ក្រោយ​មក ​នៅ​ក្នុង​ខែ​កក្កដា ជើង​ហោះ​ហើរ​លេខ​ MH១៧​ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដដែល​នោះ​ បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​ដោយ​បាន​សម្លាប់​មនុស្ស​ទាំងអស់​២៩៨​នាក់​នៅ​លើ​យន្តហោះ​នោះ។​ក្រុម​មន្រ្តី​ប្រទេស​លោក​ខាង​លិច​ជឿជាក់​ថា ​យន្តហោះ​នោះ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ពួក​ឧទ្ទាម​អ៊ុយក្រែន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ៕

XS
SM
MD
LG