អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីពេលថ្មីៗនេះ បានដាក់ដំណើរការកម្មវិធីទូរសព្ទដៃ NoDrug ដែលមានគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចង់រាយការណ៍អំពីករណីប្រើប្រាស់គ្រឿងញៀន ការជួញដូរ និងករណីផ្សេងៗទៀត ដែលទាក់ទងនឹងបញ្ហាគ្រឿងញៀន។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤។
បើតាមសេចក្តីអំពាវនាវ ការបង្កើតឱ្យមានកម្មវិធីទូរសព្ទដៃដែលអាចទាញយកតាមការដោនឡោត (Download) ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពលរដ្ឋអាចរាយការណ៍គ្រប់កាលៈទេសៈ ប្រសិនបើពួកគេជួបប្រទះហេតុការណ៍សង្ស័យមានអ្នកប្រើប្រាស់ឬជួញដូរគ្រឿងញៀន។ ពលរដ្ឋក៏អាចរាយការណ៍ពីបទល្មើសនោះដោយសម្ងាត់តាមរយៈកម្មវិធីNoDrug ដោយគ្រាន់តែផ្ញើសារជាអក្សរ សំឡេង វីដេអូ រួមជាមួយទីតាំងកើតហេតុ។ នេះបើតាមសេចក្តីអំពាវនាវ។
បន្ថែមពីលើនេះ សេចក្តីអំពាវនាវនេះក៏បានបញ្ជាក់ថាប្រជាពលរដ្ឋក៏អាចទទួលបានចំណេះដឹងពីផលប៉ះពាល់គ្រឿងញៀន ព័ត៌មានទាន់ហេតុការណ៍ណាមួយអំពីការបង្រ្កាបគ្រឿងញៀនក្នុងស្រុក ព្រមទាំងព័ត៌មានទាក់ទងនឹងសេវាកម្មព្យាបាល និងស្តារនីតិសម្បាទាអ្នកញៀនគ្រឿងញៀន។
រដ្ឋាភិបាលក៏បានចេញបទបញ្ជាឱ្យពិនិត្យរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ៕
វេទិកាបញ្ចេញមតិ