មន្រ្តីជាន់ខ្ពស់ម្នាក់នៃក្រសួងមហាផ្ទៃដែលមានតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងអំពើពុករលួយ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាត់វិធានការលើករណីនេះ។ នេះបើយោងតាមមន្រ្តីពាក់ព័ន្ធ។
លោក ព្រុំ ចាន់នី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី ២៩ ខែកក្កដា ក្រោយអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ដោយសង្ស័យពីការប្រព្រឹត្តអំពើពុករលួយ។ មន្រ្តីជាន់ខ្ពស់រូបនោះត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី ១ ដោយជាប់ចោទពីបទសមគំនិតក្នុងអំពើស៊ីសំណូក រំលោភអំណាច និងបទប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចន្ទវិចិត្រ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ដោយសារតែសំណុំរឿងនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត លោកមិនអាចនិយាយលម្អិតអំពីករណីនេះបាននៅឡើយទេ។ លោកបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយនឹងចាត់វិធានការតឹងរ៉ឹងលើករណីនេះ។
លោកថ្លែងថា៖ «យុទ្ធសាស្រ្តសំខាន់គឺការអប់រំ ការបង្ការទប់ស្កាត់ ហើយនឹងមួយទៀតគឺការអនុវត្តច្បាប់។ អ៊ីចឹង ក្រៅពីវិធានការនៃការអប់រំដល់សារធារណជនឱ្យគាត់យល់ ឱ្យគាត់ដឹងអំពីអំពើពុករលួយហើយឱ្យគាត់ចៀសវាង យើងក៏មានវិធានការបង្ការកុំឱ្យវាកើតឡើង ក៏ដូចជាវិធានការទប់ស្កាត់កុំឱ្យវាកើតឡើង»។
លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ជនត្រូវចោទលោក ព្រុំ ចាន់នី ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅឯមណ្ឌលកែប្រែទី ១។ លោកមិនអាចបញ្ជាក់ព័ត៌មានលម្អិតបានទេ ដោយសារករណីនេះស្ថិតក្នុងនីតិវិធីរបស់តុលាការ។
វីអូអេមិនទាន់អាចសុំការអត្ថាធិបាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា យល់ឃើញថា ចំណាត់ការលើមន្រ្តីជាន់ខ្ពស់រូបនេះ ជាសញ្ញាមួយដែលរដ្ឋាភិបាលចាប់ផ្ដើមត្រួតពិនិត្យ និងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយទៅលើបុគ្គលនានា បើទោះបីជាអ្នកមានអំណាចក៏ដោយ។
លោកថ្លែងថា៖ «កន្លងមក យើងឃើញមានការដាក់បន្ទុកផ្នែកច្បាប់ គឺអ្នកធំ មិនសូវមានការប៉ះពាល់ធំធេងទេ។ ប៉ុន្តែបច្ចុប្បន្ននេះ យើងឃើញមានជំហានផ្សេងៗដែលជាជំហានវិជ្ជមាននៅក្នុងការឈានទៅដល់ការអនុវត្តច្បាប់ទៅលើជនសង្ស័យផ្សេងៗដែលអាចជាប់ពាក់ព័ន្ធទៅនឹងបទល្មើសពុករលួយស៊ីសំណូក»។
លោក ប៉ិច ពិសី ជំរុញរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នាលើមន្រ្តី ដោយមិនខ្វល់អំពីអំណាច ឬក៏សែស្រឡាយបក្សពួកនោះទេ និងត្រូវតែត្រួតពិនិត្យទៅលើការអនុវត្តច្បាប់ប្រឆាំងអំពីពុករលួយនេះជាប្រព័ន្ធនៅក្នុងស្ថាប័នរដ្ឋទាំងអស់។
គួរបញ្ជាក់ថា អំពើពុករលួយនៅកម្ពុជានៅតែជាក្តីបារម្ភមួយ ខណៈកាលពីឆ្នាំ ២០២៣ កម្ពុជាបានចំណាត់ថ្នាក់ ១៥៨ ក្នុងចំណោមប្រទេស និងដែនដី ១៨០ នៅលើពិភពលោក គឺទទួលបានពិន្ទុ ២២។ ចំណាត់ថ្នាក់របស់កម្ពុជាអន់ថយបន្តិច បើធៀបនឹងឆ្នាំ ២០២២ ដែលកាលនោះ កម្ពុជាទទួលបានពិន្ទុ ២៤ នៅលេខរៀងទី ១៥០។ នេះបើតាមរបាយការណ៍ស្តីពីសន្ទស្សន៍អំពើពុករលួយដែលចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជា កាលពីខែមករា ឆ្នាំ ២០២៤៕
វេទិកាបញ្ចេញមតិ