ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង​តាម​បណ្តា​ខេត្ត ខណៈ​អាជ្ញាធរ​​បន្ត​ពង្រឹង​វិធាន​ការ​ទប់​ស្កាត់


រូបឯកសារ៖ ទិដ្ឋភាពនៃការបិទខ្ទប់ព្រំដែនរាជធានីភ្នំពេញ និងខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៣ បន្ទាប់រាជធានីភ្នំពេញ ទីក្រុងតាខ្មៅ និងខេត្តកណ្តាលត្រូវបានបិទខ្ទប់រយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍កាន់តែខ្លាំង ថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអ)

ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​នៃ​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង។ អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​អះ​អាង​ថា​រដ្ឋបាល​ខេត្ត​បន្ត​រឹត​បន្តឹង ដើម្បី​ធានា​ថា​កុំ​ឲ្យ​ឆ្លង​ទ្រង់​ទ្រាយ​ធំ។

នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ រដ្ឋបាល​ខេត្ត​កំពង់​ចាម​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​រក​ឃើញ​មនុស្ស​៤០​នាក់​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​ពួកគេ​ សុទ្ធ​តែ​ជា​អ្នក​ពាក់​ព័ន្ធ​ជាមួយ​កម្មករ​រោង​ចក្រ​ដែល​ផ្ទុះ​ឆ្លង​កូវីដ​១៩​កាល​ពី​កន្លង​ទៅ។ ចំណែក​រដ្ឋបាល​ខេត្ត​ស្វាយ​រៀង​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រក​ឃើញ​មនុស្ស​២២​នាក់​បន្ថែម​ទៀត​ឆ្លង​ជំងឺ​កូវីដ​១៩។ រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​៤៩​នាក់។

កាល​ពី​ថ្ងៃ​អង្គារ រដ្ឋបាល​ខេត្ត​បាត់​ដំបង​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​៧នាក់។

លោក សឿម ប៊ុន​រិទ្ធិ អភិបាល​រង​ខេត្ត​បាត់​ដំបង​និង​ជា​អ្នក​នាំពាក្យ ​បាន​ថ្លែង​ប្រាប់​VOA​ថា​ គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ ខេត្ត​បាត់​ដំបង​មាន​កើត​ជំងឺ​កូវីដ​១៩​ចំនួន​៥៤៩​នាក់ និង​ករណី​ស្លាប់​៣នាក់។ លោក​បន្ត​ថា​ជា​ផ្នែក​នៃ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត រដ្ឋបាល​ខេត្ត​បាន​ផ្តោត​លើ​យន្ត​ការ​តាម​ដាន​កំណត់​មុខ​សញ្ញា​អ្នក​ឆ្លង ការ​រៀប​ចំ​ចត្តាឡីស័ក ការ​យក​សំណាក​ និង​ការ​ព្យាបាល​ឲ្យទាន់​ពេល​វេលា។

ពាក់ព័ន្ធ​នឹងវិធាន​ការ​តាម​ដាន​លើ​លំហូរ​ពលរដ្ឋ​ចូល​ក្នុង​ខេត្ត លោក ប៊ុនរិទ្ធិ បាន​លើក​ឡើង​ថា​អាជ្ញា​ធរ​តាម​មូលដ្ឋាន​តែង​ចុះ​សួរ​នាំ​ព័ត៌មាន​ពាក់​ព័ន្ធទីតាំង​នៃ​ការ​ធ្វើ​ដំណើរ​ចេញ​មក ហើយ​ចាត់​វិធាន​ការ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ក្នុង​ករណី​រក​ឃើញ​មានជំងឺ​កូវីដ​១៩។

លោកថ្លែង​ថា៖ «អាហ្នឹង​ យើង​ទៅ​យក​សំណាក​គាត់​។ ប៉ុន្តែ​ភាគច្រើន​នៅ​ពេល​យើង​មាន​ការ​សង្ស័យ យើង​យក​សំណាក​ត្រូវ​តែ​មាន​វិជ្ជមាន​។ ដល់​ពេល​វិជ្ជមាន​យើង​ចាប់​ផ្តើម​នាំ​គាត់​មក​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ឬ​ក៏​មណ្ឌល​សុខ​ភាព។ ហើយ​ដោយ​ឡែក អ្នក​ដែល​នៅ​ផ្ទះ​ហ្នឹង​គឺ​ត្រូវ​តែ​រៀបចំ​ហៅ​ថា​បិទខ្ទប់ មិន​ឲ្យ​មាន​ការ​ចេញ​ចូល»។

អភិបាល​រង​ខេត្ត​បាត់ដំបងរូប​នេះ​បាន​លើកឡើង​ថានា​ពេល​បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​នៅ​កំពុងរង់​ចាំ​ទទួល​វ៉ាក់​សាំង​ពី​រដ្ឋាភិបាល ដើម្បី​ចាប់ផ្តើមយុទ្ធនា​ការ​ចាក់វ៉ាក់សាំង​ផ្តោត​លើ​មន្រ្តី​រាជ​ការ​ វេជ្ជបណ្ឌិត គ្រូ​បង្រៀន និង​មន្រ្តី​យោធា។

ចំណែក​រដ្ឋបាល​ខេត្ត​សៀម​រាប​កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ​ចំនួន​១២​នាក់។

លោក លី សំរិទ្ធ អភិបាល​រង​ខេត្ត​សៀមរាប​និង​ជា​អ្នក​នាំពាក្យ ប្រាប់​VOA​ថា​ខេត្ត​សៀមរាប​មាន​ចំនួន​អ្នក​ឆ្លង​ចំនួន​៥០៦​នាក់​សរុប​ និង​អ្នក​ស្លាប់​ចំនួន៣​នាក់។ លោក​បន្ត​ថា​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ដាក់​ពង្រាយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យតាម​បណ្តា​ស្រុក​ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់ធំ និងខេត្ត​ឧត្តរ​មាន​ជ័យ។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ពី​សារ​សំខាន់​នៃ​ការ​ប្រមូល​ទិន្នន័យ​និង​កំណត់​មុខ​សញ្ញា​ឆាប់​រហ័ស​លើ​លំហូរ​ពលរដ្ឋ​ចេញចូល​ខេត្ត​ជា​ផ្នែក​នៃ​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ផង​ដែរ។

លោកថ្លែង​ថា៖ ​«វិធាន​ការ​នេះ​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ឲ្យ​យើង​ ពេល​ដែល​គាត់​ចូល​មក​ក្នុង​ខេត្ត​ហើយ ឬ​ក៏​គាត់​ឆ្លង​កាត់​ខេត្ត​សៀម​រាប​ទៅ​កាន់​ខេត្ត​ដទៃ​ទៀត បើ​សិន​ជា​មាន​វិជ្ជមាន​ មាន​ទិន្នន័យ​របស់​យើង​ស្រាប់។ អញ្ចឹង​យើង​ងាយ​បន្ត​តាមដាន​ ណែនាំ​និង​ផ្តល់​ព័ត៌មាន​ទៅ​ខេត្ត​ជិត ឬ​ជុំវិញ​ខេត្ត​យើង​ ហើយ​ជា​ពិសេស​យើង​បាន​ធ្វើ​ហើយ​ ផ្តល់​ព័ត៌មានទៅ​ខេត្ត​ផ្សេងៗ​បាន»។

នា​ពេល​បច្ចុប្បន្ន​ រដ្ឋបាល​ខេត្ត​សៀមរាប​នៅ​បន្ត​កំណត់​តំបន់​រឹតត្បិត​ចំនួន​៥​តំបន់ រួម​មាន​តំបន់​ក្រហម​ចំនួន២ តំបន់​លឿង​ទុំ​២ និង​តំបន់​លឿង​១ ក្នុង​គោលដៅ​បិទ​ខ្ទប់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​សហ​គមន៍។ តំបន់​ក្រហម​មាន​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រ​និគម និង​សង្កាត់​ស្រង៉ែ ក្រុង​សៀមរាប តំបន់​លឿង​ទុំ​មាន​ឃុំ​ដំដែក​ ស្រុក​សូទ្រ​និគម និង​ឃុំ​គោក​ធ្លក​ក្រោម​ ស្រុក​ជីក្រែង ខណៈ​ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ជា​តំបន់​លឿង។

លោក​ លី សំរិទ្ធ​ បាន​បន្ថែម​ថានា​ពេល​បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​សៀមរាប​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ និង​ដាក់​ជា​សំណើ​សម្រាប់​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង ​បង្ការ​ជំងឺ​កូវីដ​១៩ ខណៈរង់ចាំ​ការ​បែងចែក​តំបន់​ដើម្បីផ្តល់​វ៉ាក់សាំង។

បន្ថែម​ពី​នេះ​ទៅ​ទៀត អាជ្ញាធរ​ខេត្ត​សៀម​រាប​ក៏​បាន​សម្រេច​បន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការ​ជួប​ជុំ​ប្រមូល​ផ្តុំគ្នា​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សា​ជាថ្មី។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍនិង​សន្តិភាព​ បាន​លើកឡើង​ថា​ការ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩នា​ពេល​បច្ចុប្បន្ន នៅ​មាន​ភាព​ខ្វះ​ចន្លោះ ដោយ​សារ​តែធនធាន​ និង​សមត្ថ​ភាព​មាន​កម្រិត​របស់​អាជ្ញាធរ​តាម​មូលដ្ឋាន​ក្នុង​គ្រប់​គ្រង​លើ​ចលនា​របស់​ពលរដ្ឋ​ធ្វើ​ដំណើរ ក៏​ដូច​ជា​តម្រូវការ​ផ្តល់​ដំណឹងឲ្យ​បាន​ទាន់​ពេល​វេលា។

លោកបញ្ជាក់​ថា៖ «អ្នក​ដែល​មាន​ការ​សង្ស័យ​កូវីដ១៩ ឬ​ក៏​អ្នក​ទៅ​ពី​តំបន់​សង្ស័យ​ហ្នឹង​គឺមិន​អាច​គ្រប់គ្រង​បាន ដោយសារ​តែ​អ្នក​ផ្ទះ​គាត់​ហ្នឹង​ក៏​មិនបាន​ជូន​ដំណឹង។ អ្នក​ខ្លះទៀត​ពេល​ទៅ​ដល់​គឺ អាជ្ញាធរ​មិន​បាន​ដឹង។ ដូច្នេះ​ហើយ​បាន​ជាធ្វើ​ឲ្យ​អ្នក​ទៅ​តំបន់​ប្រឈម ឬ​ហានិភ័យ​ខ្ពស់​មួយ​ចំនួន​ហ្នឹង​គឺ អាជ្ញាធរ​គាត់​អត់​បាន​ដឹង។ កាល​ណា​អត់​បាន​ដឹង អត់​បាន​ឮ គឺ​អាច​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ហ្នឹង​កើត​ឡើង​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​កំណើត ឬ​ទី​សំណាក់​ណា​មួយ​របស់​គាត់​ហ្នឹង»។

បន្ថែម​ពី​នេះ​ទៀត លោក​ក៏​បាន​សង្កត់​ធ្ងន់​ពីសារ​សំខាន់​នៃ​ការ​ចែក​ចាយ​វ៉ាក់សាំង​គួរ​ដល់​កន្លែង​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ឬ​ការ​ឆ្លង​ខ្ពស់ ក៏​ដូចជាការ​ធានា​ថា​ចាក់វ៉ាក់សាំង គឺ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ស្មារតី​មិន​មាន​ការ​រើស​អើង​ផ្នែក​នយោបាយ ឬ​បក្ខពួក​និយម។

គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ករណីឆ្លង​ថ្មី​ចំនួន ៦៩៣​ករណី ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង ៤​ម៉ឺន​នាក់ ហើយ​ករណី​ស្លាប់​សរុប​មាន​៣៦៨​នាក់​។

កម្ពុជា​បាន​ផ្តល់​វ៉ាក់​សាំង​ជូន​ពលរដ្ឋ​ចំនួន​ជាង​៣​លាន​១​សែន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដែល​ស្មើ​ប្រមាណ​៣១​%​នៃ​ចំនួន​គោលដៅ​ចាក់​វ៉ាក់​សាំងឲ្យ​បាន​១០​លាន​នាក់។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អនុ​គណៈកម្មការ​តាមដាន និង​វាយតម្លៃ​នៃ​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ១៩។

រដ្ឋាភិបាល​មាន​គោល​ដៅ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​យ៉ាង​តិច​១០លាន​នាក់​នៅ​ចុង​ឆ្នាំ​២០២១​នេះ ឬ​ដើម​ឆ្នាំ​២០២២៕

XS
SM
MD
LG