គ្រួសារបន្តស្វែងរកសមាជិកដែលបាត់ខ្លួនក្នុងហេតុការណ៍ឆេះកាស៊ីណូក្រុងប៉ោយប៉ែត
អាជ្ញាធរនៅថ្ងៃសុក្រនេះបានបន្តរកឃើញសាកសពមនុស្សដែលជាប់គាំងក្នុងអគារសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ដែលត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។ ក្រុមគ្រួសារដែលជាជនជាតិខ្មែរ បន្តស្វែងរកសមាជិកគ្រួសាររបស់ពួកគេដែលបាត់ខ្លួន នៅក្នុងហេតុការណ៍ឆេះអគារនេះ ខណៈសាកសពត្រូវបានដឹកជញ្ជូនមកវត្តមួយជាបន្តបន្ទាប់។ គិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ហើយ ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងគ្រោះថ្នាក់អគ្គិភ័យនេះ ខណៈជាង ៧០ នាក់បានរងរបួស។ ទិន្នន័យសរុបនៃចំនួនមនុស្សស្លាប់ អាចបន្តកើនឡើង ដោយសារអាជ្ញាធរនៅបន្តស្វែងរកអ្នកជាប់ក្នុងអគារ។ ជនរងគ្រោះមានចម្រុះជាតិសាសន៍ ហើយភាគច្រើនជាជនជាតិថៃ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍លម្អិតពិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕