ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជិត​៤​ពាន់​នាក់​ត្រូវ​«អប់រំ​និង​ពិន័យ»​ ខណៈ​៣២នាក់​​បញ្ជូន​ទៅ​តុលាការ​​​​​​​​​រឿង​បំពាន​វិធានការ​ប្រឆាំង​វីរុស​ដែលតា


រូបឯកសារ៖ ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់រង់ចាំការអនុញ្ញាតឲ្យធ្វើដំណើរពីមន្ត្រីមានសមត្ថកិច្ចនៅភូមិថ្លឹងត្រពាំង ជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់រង់ចាំការអនុញ្ញាតឲ្យធ្វើដំណើរពីមន្ត្រីមានសមត្ថកិច្ចនៅភូមិថ្លឹងត្រពាំង ជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១។

មនុស្ស​យ៉ាង​តិច៣២នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូ​ន​ទៅ​តុលាការ និង​ជិត​៤ពាន់​នាក់ទៀតត្រូវ​បាន​ឃាត់​ខ្លួន​ដើម្បី​«អប់រំ​និង​ពិន័យ» ក្នុង​ពេល​រដ្ឋាភិបាល​រឹត​បន្តឹង​វិធានការ​សុខាភិបាល​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​វីរុសកូវីដ១៩​បំប្លែង​ថ្មី ដែលតា(Delta)។ នេះ​បើតាម​របាយ​ការណ៍​របស់​គណៈ​កម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ដែល​សរុប​ចំនួន​៤ថ្ងៃ​ចុងក្រោយ គឺ​ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៥ ខែសីហា។

របាយការណ៍​ឲ្យដឹងថា​បុគ្គល​ដែល​ល្មើស​នឹង​វិធាន​ការ​សុខាភិបាល​និង​វិធានការ​រដ្ឋបាល​កាល​ពី​ថ្ងៃ​ទី៥ ខែ សីហា មាន​ចំនួន​៨២៨នាក់ ដែល​ក្នុង​នោះ​មាន​១៤នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ឃាត់​យាន​យន្តចំនួន​៣៣០​គ្រឿង​និង​ពិន័យ​ជា​ប្រាក់ចំនួន​៤៤លាន​រៀល។ ចំណែក​នៅថ្ងៃ​ទី​៤ ខែសីហា អាជ្ញាធរ​ឃាត់​មនុស្ស​ចំនួន​១.៣៥៤នាក់ ដែលក្នុង​នោះ បញ្ជូន​ទៅតុលាការ​ចំនួន​១៨នាក់ ឃាត់​យាន​យន្ត​ចំនួន​៧៣៤គ្រឿង ពិន័យ​ជា​ប្រាក់​៣០​លាន​៧សែន​រៀល។

ដោយឡែក​កាល​ពី​ថ្ងៃ​ទី​៣ ខែសីហា អាជ្ញាធរ​ឃាត់​ខ្លួនមនុស្ស​ចំនួន​៥៤៨នាក់ឃាត់​យានយន្ត​ចំនួន​២១៥​គ្រឿង និង​ពិន័យ​ជា​ប្រាក់​៣២លាន​រៀល។ ហើយកាល​ពី​ថ្ងៃទី​២ ខែ​សីហា អាជ្ញាធរ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១.១៧៥​នាក់ ឃាត់​យាន​យន្ត​ចំនួន​៨៩២គ្រឿង និង​ពិន័យ​ជា​ប្រាក់​ចំនួន​១១៨លាន​៨សែន​រៀល។

បើ​តាម​របាយការណ៍​ដដែលរបស់​គណៈ​កម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ប្រាក់​ពិន័យបានសរុបក្នុងរយៈពេល​៤ថ្ងៃ​មាន​ចំនួន​២២៥,៥លានរៀល​ឬ​ស្មើ​ជាង​៥៦.០០០​ដុល្លារអាមេរិក។

លោក គឹម សន្តិភាព រដ្ឋ​លេខាធិការក្រសួង​យុត្តិធម៌​និង​ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ១៩ ប្រាប់វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា​អ្នកដែល​ត្រូវ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅតុលាការ​នោះ​បាន​បំពាន​វិធានការ​ផ្សេងៗ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ម៉ោង​ហាម​ឃាត់​ការ​ប្រមូល​ផ្តុំ​សេពគ្រឿង​ស្រវឹង​និង​អំពើ​រារាំង​ការ​អនុវត្តន៍​វិធានការ​រដ្ឋបាល។ លោក​បន្ថែម​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះមានមនុស្ស​ប្រមាណ​១ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ត្រូវ​បាន​ឃាត់​ខ្លួន។

លោក​ថ្លែង​ថា៖​«ពាក់​ព័ន្ធ​នឹង​ការ​ឃាត់​ដើម្បី​ធ្វើការ​អប់រំជាមួយ​នឹង​ឃាត់ ​ដើម្បី​ធ្វើ​ការ​ពិន័យ។ អាហ្នឹង​ជាង​១ពាន់នាក់​មួយថ្ងៃៗ។ ឃើញ​ថា​ អាហ្នឹង​វា...ពាក់​ព័ន្ធ​វិធានការ​រដ្ឋបាល​ហ្នឹង​ជាពិសេស​ហ្នឹង​គឺ​រឿង​ហាមឃាត់​មួយ​ចំនួន​តាំង​ពី​បម្រាម​គោចរ​តាំង​ពី​សកម្មភាព​ដែល​ត្រូវបាន​ហាម​ឃាត់​ក្នុង​ម៉ោង​ពីណា​ទៅ​ណា។ ហើយ ​និង​សកម្មភាព​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដាច់​ខាត​ដូចជា​ការ​ហាម​ជួបជុំ​ដើម្បី​សេព​គ្រឿង​ស្រវឹង​អីៗនេះ​ទាំង​អស់ហ្នឹង​ ចូល​ក្នុង​ទាំង​អស់​ហ្នឹង​ហើយ​រឿង​មិនពាក់​ម៉ាស់​មិន​ពាក់​អី​ ក៏ជារឿង​ការ​ឃាត់​ដើម្បី​ធ្វើ​ការ​អប់រំ​និង​ធ្វើ​ការ​ពិន័យ​ដែរបាទ»។

រូប​ឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរណ៍​តាមដងផ្លូវអំឡុងបំរាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង៨យប់ដល់៥ព្រឹក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរណ៍​តាមដងផ្លូវអំឡុងបំរាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង៨យប់ដល់៥ព្រឹក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ។ (កាន់ វិច្ឆិកា/វីអូអេ)

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​រឹត​បន្តឹង​វិធានការ​សុខាភិបាល​ក្នុង​ពេល​ទីក្រុង​ត្រូវ​បាន​រឹតបន្តឹង​និង​ដាក់​បម្រាម​គោចរ​ចាប់​ពី​ម៉ោង​៩យប់​ដល់​ម៉ោង​៣ទៀបភ្លឺ ដែល​ចាប់​ពី​ចុងខែ​កក្កដា​ដល់​ថ្ងៃ​ទី១២​ខែ​សីហា។ ក្រៅ​ពី​ការ​ហាម​ឃាត់​ធ្វើ​ដំណើរ​ពេល​យប់ ការ​ប្រមូល​ផ្តុំ​សេព​គ្រឿង​ស្រវឹង ក៏​ត្រូវ​បាន​ហាម​ឃាត់​ផងដែរ។ ចំណែក​កាល​ពី​ចុង​ខែ​កក្កដា​ដូចគ្នា​ខេត្ត​ចំនួន​៨ ក្នុង​នោះ​មាន​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ​ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់​កោះកុង ព្រះវិហារ និង​ខេត្តសៀមរាប​ ​ក៏​មាន​ការ​អនុវត្ត​វិធាន​ការ​ស្រដៀង​គ្នា​ហើយពលរដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ចាកចេញ​ឬ​ឆ្លង​ចូល​ខេត្ត​ទាំងនោះ​បានទេ។

ស្រប​ពេល​មាន​វិធានការ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​និង​ជួបប្រជុំគ្នា​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញក៏បាន​បិទ​ខ្ទប់​ទីតាំង​ណា​ដែល​ត្រូវ​បាន​រកឃើញ​ថា​មាន​ការឆ្លង​វីរុស​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី​ដែលតា​ជា​បន្តបន្ទាប់។ នេះ​បើ​តាម​លោក​ គឹម សន្តិភាព​អ្នកនាំ​ពាក្យ​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩។​

លោក​ប្រាប់​វីអូអេ​ថា៖ «មាន​ការ​បិទ​ខ្ទប់​ជាបន្តបន្ទាប់​សំខាន់​គ្រាន់​តែ​គោលការណ៍​រួម​គឺតំបន់​ដែល​យើង​រក​ឃើញ​នូវ​គេហៅ​ប្រភេទជំងឺ​ដែលតា​ហ្នឹង​អាប្រភេទ​ជំងឺ​ថ្មី​បំប្លែង​ខ្លួន​ថ្មី​ដែល​តា​ហ្នឹង​ឲ្យ​តែ​តំបន់​ហ្នឹង​មួយរក​ឃើញ​ថា​មាន​អ្នក​ពាក់​ព័ន្ធ​ គឺថា​យើង ​lock​[បិទ]នៅ​ក្នុង​តំបន់​ហ្នឹង​ហើយ»។

​លោក ​គឹម សន្តិភាព ​បន្ថែមថា​វិធានការ​បិទខ្ទប់នេះ​កំពុង​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ពោលគឺ​តំបន់​ណា​ដែល​ត្រូវ​អាជ្ញាធរ​រកឃើញ​ថា​មានការ​ឆ្លង​វីរុសបំប្លែង​ថ្មី​ដែលតាតំបន់​នោះ​នឹង​ត្រូវបិទ​ខ្ទប់ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​បន្ថែម​ទៀត។

ពាក់​ព័ន្ធនឹង​ការ​បញ្ជូន​បុគ្គល​ដែលបំពាន​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​បំប្លែង​ថ្មី​ដែលតា​(Delta)​ទៅកាន់​តុលាការអ្នក​នាំពាក្យ​អយ្យការ​របស់សាលាដំបូងរាជធានី​ភ្នំពេញ​លោក ប្លង់ សុផល​ មានប្រសាសន៍​ថា​លោក​មិន​ទាន់​បាន​ឃើញ​សំណុំរឿង​របស់​បុគ្គល​ជាង​៣០នាក់​ដែលត្រូវបញ្ជូន​មក​តុលាការ​នោះទេ។

លោក ប្លង់ សុផល បញ្ជាក់​ថា៖ «ទាល់​តែ​ឲ្យដឹង​ថា​សំណុំរឿង​បាន​បញ្ជូន​មក​ហើយ​អាហ្នឹង​ខ្ញុំ​ឆែក​ជូន​ឃើញ​អាចដឹង​បើមិនទាន់​មក​ទេ​វានៅ​តែ​ស្ថិត​នៅក្នុង​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ឡើយ​ទេ»។

ប៉ុន្តែ​អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​សាន សុខសីហា​ បាន​និយាយ​ថា​នៅ​ក្នុង​ការ​ពង្រឹង​វិធានការ​សុខាភិបាល​និងរដ្ឋបាល​ហ្មត់ចត់​សម្រាប់​រយៈពេល​បីថ្ងៃចុង​ក្រោយនេះ​អាជ្ញាធរ​បាន​បញ្ជូន​បុគ្គល​ដែល​បំពាន​វិធានការ​របស់​អាជ្ញាធរទៅកាន់​តុលាការ​ជាបន្ត​បន្ទាប់។

លោក​ថ្លែង​ថា៖ «បី​ថ្ងៃ​ហើយ ថ្ងៃមុន​ហ្នឹង​ យើង​បញ្ជូន​បាន​១៨​[នាក់​]​បន្តបន្ទាប់​មក​ទៀត​ហើយ​យប់មិញនេះ​យើង​បញ្ជូន​បាន​ពីរនាក់​ទៀត​អ្នកដែល​ទីមួយ​អ្នកដែល​បើក​ទីតាំង​ល្មើស​នឹង​បម្រាម​គោចរ​ហើយ​នៅ​មាន​ភ្ញៀវ។ ហើយ​ទាក់​ទង​នឹង​ការ​សម្រេច​យ៉ាង​ណាអីយ៉ាង​ណា​សុំ​ ទាក់​ទង​ទៅ​ខាង​តុលាការ​ព្រោះ​នីតិវិធី​បន្ត​គឺផុត​ដៃ​សមត្ថកិច្ច​ហើយ​គឺ​យើង​បាន​បញ្ជូន​គាត់​ទៅ​ខាង​តុលាការ​ហើយ​»។

រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ពីប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ដែលតា​(Delta)ចំនួន​៦៧ករណី​ក្នុង​រយៈ​ពេល​២​ថ្ងៃជាប់គ្នា គឺ​នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ ខែ​សីហា។

ក្នុង​នោះ​មាន​ជាង​៣០​ករណី​រក​ឃើញ​នៅរាជធានី​ភ្នំពេញ និង​ករណី​មួយចំនួន​ទៀតត្រូវបាន​រក​ឃើញ​ក្នុង​ខេត្ត​ព្រះវិហារ​កំពង់ធំ​ស្ទឹងត្រែង ​ឧត្តរមានជ័យ​សៀមរាប​ កំពង់ចាម​បន្ទាយ​មាន​ជ័យ និង​ស្វាយ​រៀង។

លោក​យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព កត់​សមា្គល់​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​របស់​អាជ្ញាធរ​ពាក់​ព័ន្ធនឹង​ការ​ជូន​ដំណឹង​អំពីវិធានការ​នានា​ដែល​ធ្វើ​ឡើង​ក្នុងរយៈពេល​ខ្លី​ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យពលរដ្ឋ​ប្រឈម​នឹង​ការ​ឃាត់​ខ្លួន​និង​ពិន័យ។

យ៉ាង​ណា​ក៏ដោយ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ប្រកាន់​យកវិធានការ​អប់រំ ជាមុន​ មុន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ឬពិន័យ​ជា​ប្រាក់​នោះ។ លោកក៏បង្ហាញ​ការ​បារម្ភ​ចំពោះ​ទម្លាប់​របស់​ពលរដ្ឋដែល​នៅ​តែ​ចូល​ចិត្ត​ការ​ទទួល​ទានគ្រឿង​ស្រវឹង​រួម​គ្នា ដែល​ជា​ការ​បំពាន​លើ​បម្រាម​របស់​រដ្ឋាភិបាល។

លោក​យង់ គិមអេងថ្លែង​ថា៖ «រឿង​ដែល​សំខាន់​បំផុត​យើង​ឃើញថា​អ្នកខ្លះ​ដឹង​ហើយ​ ឮ​ហើយ​ហ្នឹង​នៅតែ​បំពាន​ទៅ​ទៀត​បាទ រឿងៗ ផឹក​ស៊ី​ហ្នឹង​ហ្មង​បាទ ដែលមិន​ឈប់​ ដែល​មិន​អាច​ខាន​បាន​ដូច​ជា​ចង់​ជួប​គ្នា​ដូច​ជា​ចង់​ផឹក​ស៊ី​បើ​គេ​ថា​អាជួប​ជុំ​ហ្នឹង​វា​បញ្ហា​ហើយ​ហើយ​អាផឹក​ស៊ី​ហ្នឹង​មាន​បញ្ហា​ហើយ​នៅតែចង់​ជួបជុំ​ នៅតែ​ចង់​ផឹកស៊ី​នោះ​ជា​រឿង​មួយ​សំខាន់​ដែលខ្ញុំ​ឃើញថា​វា​មិន​គួរ​នឹង​កើត​មាន​ចឹង​សោះ​បាទ»។​

គួរ​បញ្ជាក់​ថា​នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល បាន​រាយការណ៍​ករណីឆ្លង​ថ្មី​ចំនួន​៥៨៨នាក់ ក្នុង​នោះ​មាន​ជាង​៤០០នាក់​ជា​ករណី​ឆ្លង​ក្នុង​ស្រុក មិន​មែន​នាំ​ចូលពី​ក្រៅ​ប្រទេស។ គិត​ត្រឹម​ថ្ងៃទី​៥ ខែសីហា​មានករណី​ឆ្លង​ជំងឺ១៩សរុប​ជាង​៨ម៉ឺននាក់​។ ចំណែក​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​១៩នាក់ ដែល​នាំ​ឲ្យអ្នកស្លាប់​សរុប​ដោយ​ជំងឺកូវីដ១៩កើន​ឡើង​ដល់​១.៥២៦នាក់៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG