ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ៖ កម្ពុជា​បន្ថយ​ឥទ្ធិពល​បស្ចិម​ប្រទេស​ហើយ​ងាក​មក​ស្តាប់​តាម​តម្រូវការ​ក្នុង​ស្រុក


លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia» និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ជំនួយ​បរទេស​ទៅ​លើ​ការអភិវឌ្ឍ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ Brookings Institution ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ (រូបថតដោយ សឹង សុផាត)
លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia» និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ជំនួយ​បរទេស​ទៅ​លើ​ការអភិវឌ្ឍ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ Brookings Institution ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ (រូបថតដោយ សឹង សុផាត)

នយោបាយ​កម្ពុជា​បាន​ចាប់​ផ្តើម​ងាក​ឆ្ពោះ​មក​បំពេញ​តាម​តម្រូវ​ការ​ក្នុង​ស្រុក​ជាជាង​សហគមន៍​អន្តរជាតិ​ជាពិសេស​នៅ​ពេល​ដែល​ប្រទេស​ដ៏ក្រីក្រ​ក្នុង​ពិភពលោកមួយ​នេះ ​បាន​ចាប់ផ្តើម​ទទួល​យក​ជំនួយ​ពី​ប្រទេស​ចិន​កាន់​តែច្រើន​ឡើងៗ។

លោក​Sebastian Strangio ​អ្នក​និពន្ធ​សៀវភៅ​ «កម្ពុជា​របស់​លោក​ហ៊ុន សែន‍»​ បាន​ប្រាប់​ដល់​អ្នក​ចូលរួម​ស្តាប់​ក្នុង​រដ្ឋ​ធានី វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា៖

«ដោយ​មាន​ការ​ងាក​មក​រក​ប្រទេស​ចិន​និង​ការទទួល​យក​ជំនួយ​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ ខ្ញុំ​គិត​ថា​ឥទ្ធិពល​នៃ​ប្រទេស​ផ្តល់​ជំនួយ​អន្តរជាតិ​ដែល​ខិតខំ​ជំរុញ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​អភិបាលកិច្ច​ប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​ចុះ​ខ្សោយ។ ហើយ​ខ្ញុំ​គិត​ថា​តុល្យភាព​រវាង​ផលប្រយោជន៍​ក្នុង​ស្រុក​និង​ផលប្រយោជន៍​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ងាក​មក​រក​ទិសដៅ​អ្នក​ក្នុង​ស្រុក​វិញ​ម្តង។ លក្ខខណ្ឌ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​មាន​ឥទ្ធិពល​លើ​ការអភិវឌ្ឍន៍​ជាងពេល​មុន»។​

ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​ស្រូប​យក​ជំនួយ​អភិវឌ្ឍន៍ផ្លូវ​ការ​ កម្ចី​ និង​ជំនួយ​ឥតសំណង​សរុប​ជាង​១.៣០០​លានដុល្លារ​ក្នុង​មួយឆ្នាំៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងផែនការ​កម្ពុជា។ ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​សំខាន់​មួយ​ដល់​កម្ពុជា​និង​ជា​ដៃ​គូ វិនិយោគ​ទុន​ផង​ដែរ។

លោក​ Sebastian Strangio ​យល់​ថា​ក្នុង​ទសវត្សរ៍​១៩៩០ ​សហគមន៍​អន្តរជាតិ​មាន​ឥទ្ធិពល​ច្រើន​ជាង​អ្វី ​ដែល​ពួកគេ​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ។​

មិន​ត្រឹម​តែ​ជំនួយ​ចិន​ទេ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ងាក​ចេញ​ពី​ឥទ្ធិ​ពល​បស្ចិម​ប្រទេស​ដែល​សំបូរ​ដោយការ​ដាក់លក្ខខណ្ឌ​ជាច្រើន​នោះ។ ប៉ុន្តែកត្តា​ប្រជាសាស្រ្ត​ក៏​សំខាន់​ណាស់​ដែរ ​ដោយ​សារពលរដ្ឋ​កម្ពុជា​៦៨​ភាគរយ​មាន​អាយុ​៣០ឆ្នាំ​ចុះ​ក្រោម​ដែលបន្ទាត់វាស់​វែង​សម្រាប់​ក្រុម​យុវជន​ជំនាន់​ថ្មី​មិន​មែន​ជា​ការ​ប្រៀប​ធៀប​ជាមួយ​នឹង​របប​ខ្មែរ​ក្រហម​ទៀត​ទេ​ហើយ​គឺ​ពួកគេសំឡឹង​ទៅ​រក​ប្រទេស​ជិតខាង​ដូច​ជា​ថៃ​និង​វៀតណាម​ជាដើម។ ពួកគេ​មិន​ខ្លាច​របបខ្មែរ​ក្រហម​ដែរ។

លោក​ Sebastian ​បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​ការបង្កើន​ការ​ទាម​ទារ​ចង់​បាន​របស់​យុវជន​កម្ពុជា​ដែល​យើង​បាន​ឃើញ​តាម​រយៈ​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។ ការបោះឆ្នោត​នោះ​បង្ហាញ​ថា​ពលរដ្ឋ​សាមញ្ញ​លែង​សូវ​ខ្លាច​ដូច​មុន​ក្នុង​ការ​ក្រោក​ឈរ​ឡើងតទល់​នឹង​ប្រព័ន្ធ​ដឹកនាំ​ហើយ​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ហើយ​ខ្ញុំ​គិត​ថា​នេះ​គឺជា​សញ្ញា​នៃ​ចលនា​ក្នុង​ស្រុក​អំពាវនាវ​ឱ្យ​មាន​ប្រព័ន្ធ​មួយ​ដែល​មានការ​គោរព​ពួកគេ​និង​មាន​ភាព​ថ្លៃថ្នូរ​ជាងមុន ​ហើយ​ផ្តល់​ឱ្យ​ពួកគេនូវ​ឱកាស​រីកចម្រើន​ ការអប់​រំ និង​ការថែ​ទាំ​សុខភាព‍»។​

ការបង្ហាញ​និង​ចែក​រំលែក​នូវ​ព័ត៌មាន​នេះ​គឺ​ជា​ការ​បន្ថែម​ការយល់​ដឹង​មួយ​ផ្នែក​ទៀត​ដល់​ភាគី​សំខាន់ៗ​ដែល​ចាប់​អារម្មណ៍​និង​បញ្ហា​របស់​កម្ពុជា។​

លោក​Joseph Liew នៃ​វិទ្យាស្ថាន​ Brookings ​បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​មាន​សារៈ​សំខាន់​ណាស់​ប៉ុន្តែ​នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន​គឺ​មិន​ទាន់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ឡើយ។

«នៅ​ក្នុង​បរិបទ​នៃ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ខ្ញុំ​គិត​ថា​ពិត​ជា​នៅ មាន​កន្លែង​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ចំពោះ​ការយល់​ដឹង​ពី​ប្រទេស​កម្ពុជា​ខាងផ្នែក​នយោបាយ​ សង្គមកិច្ច និង​វប្បធម៌ ដែល​កំពុង​មាន​នៅ ក្នុង​ប្រទេស​នោះ។ ដូច្នេះ​ខ្ញុំ​គិត​ថា​លោក​Strangio ​បាន​ធ្វើ​ការ​ងារ​ដ៏​អស្ចារ្យក្នុង​ការ​នាំ​យក​មក​ឱ្យ​សហគមន៍​វ៉ាស៊ីនតោន​នូវ​ព័ត៌មាន ការ​វិភាគ និង​ការបកស្រាយ​ពី​ព្រឹត្តិការណ៍​នាពេល​ថ្មីៗ​ក្នុង​ប្រទេស​កម្ពុជា‍»។​

លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៣​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​បាន​ធ្លាក់​ការ​គាំទ្រ​យ៉ាងគំហុកនិង​ការ​កើនឡើង​ប្រជាប្រិយ៍ភាព​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​សន្យា​ថា​នឹងនាំ​មក​នូវ​«ការផ្លាស់​ប្តូរ‍»​មួយ៕

XS
SM
MD
LG