ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ជំទាស់​និង​អ្នក​វិភាគ​ចង់​ឲ្យ​​ជំនួយ​បរទេស​និង​កម្ចី​មាន​តម្លាភាព


ឧទ្ធម្ភាគចក្រ​ចិន​ដែល​ប្រគល់ឲ្យ​កម្ពុជា​តាមរយៈ​ប្រាក់​កម្ចី​ ក្នុង​ពេល​កន្លង​មក។ (រូបភាព​ Reuters)
ឧទ្ធម្ភាគចក្រ​ចិន​ដែល​ប្រគល់ឲ្យ​កម្ពុជា​តាមរយៈ​ប្រាក់​កម្ចី​ ក្នុង​ពេល​កន្លង​មក។ (រូបភាព​ Reuters)

ប្រទេស​កម្ពុជា​ទទួល​បាន​ការ​សន្យា​ផ្តល់ទាំង​កម្ចី​និង​ជំនួយ​ឥត​សំណង​ជាថ្មី​ពី​ ប្រទេស​ចិន​សម្រាប់​ឆ្នាំ​២០១៥ ​តែក្រុម​មន្ត្រី​គណបក្ស​ជំទាស់​និង​ក្រុមអ្នក​វិភាគ​ខ្លះ ទាមទារ​រដ្ឋាភិបាល​គួរ​ធ្វើឲ្យ​កម្ចី​ និង​ជំនួយ​នេះ​មាន​តម្លាភាព​ ខណៈ​ពេល​ដែល​ កម្ពុជា​ជំពាក់​បំណុល​បរទេស​ដ៏ច្រើន​សន្ធឹក​សន្ទាប់​ ហើយ​ពុំព្រម​ពង្រឹង​យន្តការ​ ពង្រីក​ចំណូល​ និង​បញ្ចប់​ការខ្ចី​បុល​បរទេស​នោះ។​

លោក​សុន ឆ័យ​ ​អនុប្រធាន​គណៈ​កម្មការ​ទី​២​នៃរដ្ឋសភា​ ​ទទួល​បន្ទុក​សេដ្ឋ​កិច្ច​ ហិរញ្ញ​វត្ថុ​ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បានថ្លែង​ថា​ ការ​ខ្ចី​ បុល​ លុយ​ចិន​គឺធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ​ផ្នែក​សេដ្ឋ​កិច្ច ​និងឈាន​ទៅ​ដល់​ការ​កាត់​ធន​ធាន​ធម្មជាតិ​ជា​សំណង​ នៅពេល​ដែល​កម្ពុជា​ក្រ​មិនអាច​សង​បំណុល​បរទេស​បាន។​

«តែ​រំពឹង​លុយ​គេ​ ជួយ​ពី​គេ​មកដើម្បី​ឲ្យ​យើង​អាច​នឹង​គ្រប់គ្រង​ប្រទេស​កើត​ហ្នឹង​ បាន​ន័យ​ថា ​យើង​អាច​បាត់បង់​ឯករាជ្យ​ផ្នែក​សេដ្ឋ​កិច្ច​មួយ​ផ្នែក។​ ទី​២​ ការ​ជំពាក់ បុល​គេ ​ហើយ​យក​មក​ប្រើ​ប្រាស់​ទៅលើ​សមិទ្ធ​ផល​ដែល​មិន​ធានា​គុណភាព​ ហើយ​មិន​មាន​ផ្តល់​ជា​ផល​ផ្នែក​សេដ្ឋកិច្ច​ ឧទាហរណ៍​បើយើង​យក​លុយ​មក​សង់​ ជា​អគារ​ ដូចជា​កន្លង​ទៅ​ យក​លុយ​ទៅ​សង់​អគារ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដែល​ ឯក​ឧត្តម​សុខ អាន គាត់កាន់​កាប់​អគារ​នេះ ​គឺ​អស់ជិត​៥០​លាន​ដុល្លារ ​ហើយ​ អគារ​នេះ​ អត់​ជា​អគារ​សេដ្ឋ​កិច្ច ​មក​យក​ទៅ​រក​ស៊ីអី​បាន​ផល​ទេ។ ​ដូច្នេះ​ធ្វើ​ឲ្យ​យើង​ កាន់​តែក្រ»។​

លោក​បន្ត​ថា ​ចិន​កំពុង​យកចិត្ត​ទុកដាក់​លើ​រ៉ែដែក​នៅ​ព្រះវិហារ​ អាលុយ​មីញ៉ូម​នៅ​មណ្ឌលគីរី​ និង​ប្រេង​នៅ​សមុទ្រ​ខ្មែរ។​ ហើយអ្វី​ដែល​កម្ពុជា​រំពឹង​ថា ​នឹង​ពង្រឹង​ សេដ្ឋ​កិច្ច​តាមរយៈ​រ៉ែ​ទាំង​នេះ​ អាច​នឹង​បាត់បង់​ទៅ​ទៀត។​

លោក​អះអាង​ថា ​ជំនួយ​របស់​ចិន​មាន​លក្ខណៈ​អាក្រក់​បំផុត ​ដោយសារ​ថា​ កម្ពុជា​ត្រូវ​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​សាងសង់​ លើក​ម្រោង​នានា​ ហើយ​ការ​កំណត់​តម្លៃ​សាងសង់​គ្មាន​ការ​ត្រួត​ពិនិត្យ​ គ្មានការ​ដេញ​ថ្លៃ​ឲ្យ​មាន​ការ​ធានា​ថា​ មាន​តម្លៃ​ត្រឹម​ត្រូវ​និង​គុណភាព​នោះ​ទេ។​

លោក​ សុខ ទូច ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​អះអាង​ថា ​ជំនួយ​ចិន​ឥត​ចំណង​មែន​ តែ​មាន​បំណង។​ ហើយ​ជំនួយ​ចិន​ខ្វះ​តម្លាភាព​ មាន​ ភាព​ស្មុគស្មាញ​ច្រើន​ មិន​ដូចជា​ជំនួយ​មកពី​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លោក​ខាង​ លិច​ ដែល​គេ​ទាមទារ​រឿង​ការ​គោរព​សិទ្ធិ​មនុស្ស​ កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជា​ដើម។​ លោក​ថា ​កម្ពុជា​មិនគួរ​ទទួល​យក​ជំនួយ​ចិន​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ យក​គម្រោង​ទៅ​ធ្វើ​ខ្លួនឯង​នោះ​ទេ។​ នេះ​ជា​បញ្ហា។​

«អញ្ចឹង​ជំនួយ​ចិន​ឃើញ​វា​ មាន​ទំហំ​ធំ​មែន​ ប៉ុន្តែ​ទិដ្ឋភាព​ គុណភាព​នៃ​ជំនួយ​ យើង​ឃើញ​លំបាក​ ចំណុចទី១។​ ចំណុច​ទី២​ សម្រាប់​ព្រះរាជា​ណាចក្រ​កម្ពុជា​ នៅ​ពេល​ដែល​ត្រូវការ​អភិវឌ្ឍ​ ត្រូវការ​ទ្រទ្រង់​សេដ្ឋកិច្ច ​ត្រូវ​ការ​បង្ហាញ​ពី​ភាព​ រឹងមាំ ​វា​ត្រូវ​ការ​ជំនួយ​ តែ​ជំនួយ​ចិន​ យើង​ឃើញ​ថា​ វា​ខ្វះ​តម្លាភាព​ក្នុង​ការ​ដេញ​ ថ្លៃ ​ខ្វះ​តម្លាភាព​ក្នុង​ការ​បង្ហាញ​ទៅ​សាធារណជន ​នៅ​ក្នុង​ការ​ប្រើប្រាស់​ជំនួយ​នេះ»។​

ក៏​ប៉ុន្តែ​លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ បាន​ការពារ​ រដ្ឋាភិបាល​ពី​នយោបាយ​ខ្ចី​បុល​បរទេស ​និងប្រាក់​ជំនួយ​ដោយ​លោកអះ​អាង​ថា៖​

«នៅ​ក្នុង​ការ​ដឹក​នាំ​ដ៏​ត្រឹមត្រូវ ​ហើយ​នឹង​ប្រុងប្រយ័ត្ន​បំផុត​របស់​សម្តេច​អគ្គ​មហា​ សេនាបតី​ តេជោ​ ហ៊ុន សែន​ គឺ​យើង​មានរៀបចំ​អ្វីមួយ​ដែល​គេ​ហៅ​ថា ​ពិដាន​ នៃ​ការ​គ្រប់គ្រង​បំណុល​សាធារណៈ។​ ដូច្នេះ​យើង​មាន​គម្រោង​របស់​យើង​ត្រឹមត្រូវ​ ហើយ​អ្វី​ដែល​យើង​ខ្ចី​បុល​ពី​គេ​មក​គឺ​យើង​យក​ទិសដៅ​ខ្ចី​នៅ​ក្នុង​លទ្ធភាព​ដែល​ យើង​សង​គេ​បាន។​ អាហ្នឹង​យើង​អត់​ធ្វើ​កិច្ចការ​ខ្ជះខ្ជាយ ​ហើយ​យើង​ខ្ចី​គេ​ហ្នឹង​គឺ​ ទៅ​តាម​អ្វី​ដែល​ជា​កំណើន​នៃ​ផលិត​ផល​ក្នុង​ស្រុក​របស់​យើង»។​

លោក​បាន​បន្ថែម​ថា ​ពិភព​លោក​ មិន​ថា​ តែ​កម្ពុជា​ទេ​ សម្បី​តែ​ស.រ.អា.ក៏​ត្រូវការ​ខ្ចី​គេ​ដើម្បី​ពង្រឹង​សកម្មភាព​ផលិត​កម្ម ​សេដ្ឋកិច្ច​ខ្លួន ​និង​ការ​អភិវឌ្ឍ​ប្រទេស​តាម​របៀប​ផ្សេង​គ្នា​ដែរ។ ​ដោយ​ឡែក​កម្ពុជា​ត្រូវការ​ពង្រឹង​ខ្លួន​ដំណាល​គ្នា ​ដែល​ត្រូវ​ ក្លាយ​ជា​សមាជិក​សេដ្ឋកិច្ច​រួម​របស់​អាស៊ាន​នៅឆ្នាំ​ក្រោយ​នេះ។​ឪ

«ដើម្បី​ឲ្យ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ជាមួយ​អាស៊ាន​ ក៏​ដូច​ជា​ជា​ មួយ​នឹង​អន្តរជាតិ​ហ្នឹង​ដែរ ​គឺ​យើង​ត្រូវតែ​មាន​ទំហំសេដ្ឋកិច្ច​របស់​យើង ​ដែល​ជា​ មូលដ្ឋាន​គ្រឹះ។​ កាល​មុន​យើង​យក​ផ្លូវ​ថ្នល់​ ស្ពាន ​ទឹក​ភ្លើង ​ជា​ទិស​ដៅ​អាទិភាព​ រឿង​នេះ​ទី១។ ​ក៏ប៉ុន្តែ​នៅ​ក្នុង​គម្រោង​របស់​យើង​ដើម្បី​ឲ្យ​មាន​ភាព​ស្មើគ្នា​ជាមួយ​ ប្រទេស​សមាជិក​ទាំងអស់​ ទាំង​៩​ហ្នឹង​ យើងត្រូវ​ដំឡើងអាទិភាពរបស់​យើង​ទៀត​គឺ​ធនធាន​មនុស្ស»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​កាន់​អំណាច​ ជិត​៣០​ឆ្នាំ ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​ និង​កម្ចី​ច្រើន​ដល់​កម្ពុជា ​និង​ជា​ប្រទេស​ដែល​បោះទុន​វិនិយោគនៅ​កម្ពុជា​ច្រើន​ផង​ដែរ។​

ប្រទេស​កម្ពុជា​ត្រូវការ​ជំនួយ​បរទេស​ជិត​១​ពាន់​លាន​ដុល្លារ​ស.រ.អា.ក្នុង​មួយ​ឆ្នាំៗ​ ដែល​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ដូចជា​លោក​សុន ឆ័យ អះអាង​ថា​ កម្ពុជា​អាច​ រក​បាន​ប្រាក់​ចំណូល​បន្ថែម​ចន្លោះ​ពី១​ពាន់​ទៅ​១ពាន់​៥រយ​លាន​ដុល្លារ។​

«ការ​សិក្សា​ដែលយើង​ធ្វើដោយ​យកចិត្ត​ទុកដាក់​តាម​លក្ខណៈ​បច្ចេកទេស ​យើង​ មាន​លទ្ធភាព​ប្រម្រូល​ប្រាក់​ចំណូល​ជូន​ជាតិ​បាន​ប្រមាណ​យ៉ាងហោច​ណាស់​ក៏​ ប្រមាណ​ពី​១០០០​ទៅ១៥០០​លានដុល្លារ ​ដោយ​មិន​ធ្វើតឹង​តែងផង​ គ្រាន់តែ​ធ្វើ​តាម​ នីតិវិធី​មួយ​ចំនួន ​ហើយ​មាន​នៅសល់​ការបាត់​បង់​ចំណូល​មួយ​ចំនួន​ទៀត»។​

លោក​ថ្លែង​ថា​ ចំណូល​ប្រមាណ​១​ពាន់​៥​រយ​លាន​ដុល្លារ​នោះ​អាច​រក​បាន​ដោយ​ ងាយ​ស្រួល​ ចេញពី​ការ​ពង្រឹង​ ការ​យក​ពន្ធពី​ប្រេង​ឥន្ធនៈ​ជិត​២​លាន​តោន ​ដែល​ នាំ​ចូល​មក​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ ហើយ​មានការ​គៃ​បន្លំ​ពន្ធ ​ការ​បំបាត់​ការ​ចាយ​វាយ​ លើ​បុគ្គលិក​រដ្ឋមាន​តែឈ្មោះ ​ការលក់​សំបុត្រ​ចូល​អង្គ​វត្ត ​កាស៊ីណូ​ចំនួន​៤៦​កន្លែង​ជាដើម​ ​ដែល​លោក​ថា​ នេះ​មិនទាន់​គិតដល់​ពន្ធដី​សម្បទាន​សេដ្ឋ​កិច្ច​រដ្ឋ ផង។​

លោក​ថ្លែង​ថា​ កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង​៩ពាន់​លាន​ដុល្លារ​មក​ដល់​ពេល​ នេះ​ ដែល​តម្រូវ​ឲ្យ​ប្រទេស​នេះ​ចាប់​ផ្តើម​សង​បំណុល​ជា​ការ​ប្រាក់​ជាង​១១០​លាន​ ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ គឺ​ពីឆ្នាំ​២០១៥​ទៅ ​ហើយ​លោក​សុន ឆ័យ​មាន​ចម្ងល់​ចំពោះ​ លទ្ធភាព​សង​បំណុល​នេះ​ ​នៅពេល​កម្ពុជា​ចេះ​តែ​ខ្ចី​គេ ​គ្មាន​ចំណូល​លើស​ ឬ​ប្រាក់​សល់​នោះ។​

លោក​សុខ ទូច​បាន​អះអាង​ដែរ​ថា ​កម្ពុជា​មិនអាច​មាន​លទ្ធភាព​ឈប់​ខ្ចី​ បុល​ប្រាក់​ និង​ទទួល​ជំនួយ​បរទេស​ទេ ​ដរាប​ណា​ប្រទេស​កម្ពុជា​ពឹង​លើ​ចំណូល​ ពន្ធគយ​ តែ​ផលិត​ផល​របស់​ខ្លួន​នៅ​មាន​កម្រិតទាប​ ដែល​មិនអាច​បង្កើន​ការ​យក​ ពន្ធដា​បាន​នោះ។​

លោក​ភីធ័រ ម៉ាខ្វៃយ៍ ​(Peter Maguire)​ សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ម្នាក់​ ដែល​ ឃ្លាំ​មើល​ស្ថាន​ការណ៍​កម្ពុជានោះ ​បាន​ថ្លែង​ថា ​លោក​បាន​ដឹង​ថា ​ថវិកា​ដែល​បាន​ពី​ការ​ផ្តល់​ជំនួយ​ភាគ​ច្រើន​ត្រូវ​បាត់បង់។​

«ខ្ញុំ​មិន​គិត​ថា ​រដ្ឋាភិបាល​សម​នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ទេ។​ ដូច​លោក​អ្នក​ដឹង​ ស្រាប់​ហើយ​ គឺ​ថា ​ប្រសិន​បើ​ថវិកា​ទាំងនោះ​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ហេដ្ឋារចនា​ សម្ព័ន្ធ​របស់​ប្រទេស​ នោះ​ជា​រឿង​ល្អ​ប្រសើរ​ណាស់​ តែ​ជា​រឿយៗ​ ថវិកា​ជំនួយ​មិន​ទៅ​ដល់​កន្លែង​ដែល​វា​គួរ​ទៅ​នោះ​ទេ»។​

លោក​ថា​ អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើនោះ​គឺ​ការ​បំបាត់​អំពើ​ពុករលួយ ​ដែល​លោក​ ថា​ ជា​កិច្ចការធំ​ណាស់។​

កម្ពុជា​គ្រោង​នឹង​ចំណាយ​ជិត​៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៥​ខាង​មុខ​ ដែល​ វិស័យ​ការពារ​ជាតិ​ និង​សន្តិសុខ​នៅតែ​ជា​វិស័យ​អាទិភាព ហើយ​ចំណាយ​លើ​វិស័យ​នេះ​កើន​រហូត​ដល់​ទៅ​២៥​ភាគ​រយ​ តែ​បញ្ហា​អាទិភាពសង្គម​មួយ​ចំនួន​ដូច​ជា​បញ្ហា​អប់រំ ​និង​សុខាភិបាល​ នៅតែ​មាន​កម្រិត​ទាប៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG