ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ​​​​ក្នុង​ប្រទេស​អូស្រ្តាលី​ព្រមាន​ពី​ការ​ជ្រៀតជ្រែក​ពី​បរទេស​​ក្នុង​សាកលវិទ្យាល័យ


រូប​ឯកសារ៖ និស្សិត​ដើរ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ New South Wales នៅ​ទី​ក្រុង Sydney ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០២០។
រូប​ឯកសារ៖ និស្សិត​ដើរ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ New South Wales នៅ​ទី​ក្រុង Sydney ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០២០។

សាកលវិទ្យាល័យ​ New South Wales ក្នុងទីក្រុង Sydney (ស៊ីដនី)​ ប្រទេស​អូស្ត្រាលីបាន​ព្រមាន​ថា «ការ​ជ្រៀតជ្រែក​ពី​បរទេស​អាច​មាន​ក្នុង​ទម្រង់​ជា​ការយាយី​ធ្វើ​បាប​ ​ការ​បំភិតបំភ័យ​ ឬ​ការគំរាមកំហែង​ ដោយ​សំដៅលើ​និស្សិត​និង​បុគ្គលិក​សាកលវិទ្យាល័យ​ ក្នុង​នាម​រដ្ឋាភិបាល​បរទេស​មួយ»។

សាកលវិទ្យាល័យ​បាន​និយាយ​ថា៖ «សកម្មភាព​បែប​នេះ​គំរាមកំហែង​សេរីភាព​ការសិក្សា និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»។

បុគ្គលិក​និង​និស្សិត​សាកលវិទ្យាល័យ​នេះ​ បាន​ទទួល​សារ​អ៊ីមែល​កាល​ពី​ខែ​មិថុនា​និង​កក្កដា​កន្លង​ទៅ​ ដោយ​ជូន​ដំណឹង​ដល់​ពួក​គេពី​ហានិភ័យ​នៃ​ការ​ជ្រៀតជ្រែក​ ពីសំណាក់​បរទេស​នៅ​ក្នុង​សាកល​វិទ្យាល័យ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch​ ក្នុង​ប្រទេស​អូស្រ្តាលី​បាន​អះអាង​ថា «រដ្ឋាភិបាល​ចិនតាមឃ្លាំ​មើល​និស្សិត​មកពី​ចិន​ដី​គោក​និង​កោះ​ហុងកុង នៅ​តាម​សាកល​វិទ្យាល័យ​នានា​នៅក្នុង​ប្រទេស​អូស្រ្តាលី​ ដោយនិស្សិត​ទាំង​នោះ​ជួប​ប្រទះ​ការយាយី​ធ្វើបាប​ ​និង​ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​ពី​មិត្តរួមថ្នាក់​ជា​ជនជាតិ​ចិនដូច​គ្នា»។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ឆ្នាំ ២០២១​នោះ ស្ថានទូតចិន​នៅ​ក្នុងក្រុង​កង់បេរ៉ា​ ​ប្រទេស​អូស្ត្រាលី​ បាន​ច្រានចោល​ការ​អះអាង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ដោយ​ហៅរបាយការណ៍​នោះ​ថា «មាន​ភាព​លម្អៀង»។

អ្នកស្រី​ Daniela Gavshon ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អូស្រ្តាលី​ បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ Australian Broadcasting Corp. ថា​ ឥរិយាបថ​គំរាមកំហែង​កំពុង​តែ​បន្ត​កើត​មាន។

អ្នក​ស្រី​ថ្លែង​ថា៖ «សាស្រ្តាចារ្យ​ គ្រូ​និង​និស្សិតនិយាយ​ថា​ ក្រុម​និស្សិត​គាំទ្រ​ចិនមិន​ចាំបាច់​តែ​ត្រូវ​បាន​ដឹកនាំ​ដោយ​កម្លាំង​ពី​ក្រៅ​ប្រទេស​នោះ​ទេ​ គឺ​ពួកគេ​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ទៅ​នឹង​រដ្ឋ​របស់​គេ​ស្រាប់​ទៅ​ហើយ។ ​នៅ​ពេល​ពួកគេ​ជឿ​ថា​ មាន​ការ​ប្រមាថ​រិះគន់​ទៅ​លើ​ចិន​ឬ​ប្រព័ន្ធ​ដឹកនាំក្នុង​ប្រទេស​ចិន​នោះ​ ពួកគេបង្ខំ​ចិត្ត​ក្នុង​ការ​ការពារ​ជាតិ​របស់​គេ។ ដូច្នេះ​ពួកគេ​នឹងប្រព្រឹត្ត​ទង្វើ​ផ្សេងៗដូច​ជា​ការ​ បំភិតបំភ័យ ការ​គំរាមកំហែង​ ​ក៏​ដូច​ជា​ការ​បង្ហាញ​ព័ត៌មានផ្ទាល់​ខ្លួន​របស់​និស្សិត​ផ្សេង​ទៀត​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម។​ ​ដូច​នេះ​ ដូច​អ្នក​ដឹងហើយ​ ការ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​និស្សិត​ដទៃ​ ​គឺ​ជា​ការចូលរួម​ក្នុង​ឥរិយាបថ​គំរាមកំហែង​ពិត​ប្រាកដ»។

ស្ថានទូត​ចិនក្នុង​ក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អធិប្បាយ​របស់​វីអូអេ​ ពាក់ព័ន្ធ​នឹង​ការ​ព្រួយបារម្ភ​របស់​សាកលវិទ្យាល័យ​នោះទេ។

ក្រៅពី​ការ​ចោទប្រកាន់​ដល់​ប្រទេសចិន ​ជុំវិញ​ការ​គំរាមកំហែង​នៅសាកលវិទ្យាល័យនោះ​ ក្រុម​សកម្មជន​ក៏​បាន​ចោទប្រកាន់​ប្រទេសដអ៊ីរ៉ង់ និងប្រទេសរវ៉ាន់ដា ​ពី​ «ការ​បង្ខិតបង្ខំ​ឆ្លង​ដែន» នៅក្នុង​អូស្រ្តាលី​ផង​ដែរ។

មក​ទល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​មាន​ឃើញការ​ឆ្លើយតប​ជាសាធារណៈ​ណា​មួយ ​ពី​សំណាក់​រដ្ឋាភិបាលប្រទេស​ខាង​លើ​ ជុំវិញ​ការ​ចោទប្រកាន់​ទាំង​នោះ​ទេ។

កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ក្រសួង​ការពារជាតិ​អូស្រ្តាលី​បាន​ព្រមានដល់និស្សិត​បរទេស​ពី​ហានិភ័យ​ផ្នែក​សន្តិសុខ​ដែល​អាច​កើតមាន​ឡើង ខណៈ​សាកលវិទ្យាល័យត្រូវ​ប្រឈម​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេស។

កាល​ពី​ឆ្នាំ ២០១៩​ អតីត​រដ្ឋាភិបាល​អភិរក្ស​និយមក្រុង​កង់បេរ៉ា​បាន​ព្រមាន​ថា​ ចិន​អាច​ដាក់ឥទ្ធិពល​ខ្លាំង​នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​អូស្ត្រាលី។

ក្រុម​និស្សិតដែល​បង្ហាញការ​គាំទ្រ​ដល់​សកម្មជន​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ការ​ឃ្លាំមើល​ដោយ​ក្រុម​បុគ្គល​ ដែល​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ក្រុម​ការងារប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេសក្នុងសាកលវិទ្យាល័យ​ ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​ប្រទេសអូស្រ្តាលី​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ ​បន្ទាប់​មក ​ក្រុម​ការងារ​នេះ​បាន​ចេញ​សេចក្តីណែនាំដើម្បី​ជួយ​បញ្ឈប់​ការជ្រែត​ជ្រែកនៅ​តាម​ថ្នាក់​រៀន​នានា​។

កាល​ពី​គ្រា​នោះ ​គ្រូ​និង​និស្សិត​ខ្លះបាន​លើកឡើង​ពីការ​ពិភាក្សា ជុំវិញ​ឥទ្ធិពលរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងលើ​សាកលវិទ្យាល័យនានា​របស់​អូស្ត្រាលី​ថា​ ​«អារម្មណ៍​ប្រឆាំងចិន» គឺ​មាន​សភាពខ្លាំង​ក្លា៕​

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG