កាលពីខែកុម្ភៈ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងយក្សមួយរបស់ចិន ដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថា បាឡុងនោះបានឈ្លបយកការណ៍លើទីតាំងយោធាសំខាន់ៗនៅទូទាំងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ រដ្ឋាភិបាលចិនបានទទូចថា វាគ្រាន់តែជាបាឡុងស៊ីវិលមួយគ្រឿងដែលហោះខុសគន្លងហោះហើររបស់ខ្លួនតែប៉ុណ្ណោះ។
ជម្លោះផ្នែកការទូតនេះបានបង្កឱ្យមានការជជែកដេញដោលអំពីការឈ្លបយកការណ៍និងចារកម្មរវាងប្រទេសទាំងពីរនេះ។
នៅក្នុងប្រទេសអូស្ត្រាលី អ្នកជំនាញនានាជឿថា ហេតុការណ៍ទាក់ទិននឹងបាឡុងនេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឈ្លបយកការណ៍ពីដែនអវកាស។
លោក James Brown ប្រធានសមាគមឧស្សាហកម្មអវកាសអូស្ត្រាលី បានប្រាប់វិទ្យុ ABC របស់អូស្ត្រាលីកាលពីថ្ងៃសៅរ៍ទី ៤ ខែមីនាថា ចិនមានប្រព័ន្ធតាមដានលើលំហអវកាសដ៏ធំមួយ។
លោក Brown ថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា គេនៅមិនទាន់ដឹងទេថា រាល់ថ្ងៃនេះយើងត្រូវបានផ្កាយរណបរបស់ចិនលួចស្ដាប់និងឈ្លបយកការណ៍ ដែលផ្កាយរណបទាំងនោះមានកម្ពស់ត្រឹមតែ ១០០ ឬ ២០០ គីឡូម៉ែត្រពីយើងតែប៉ុណ្ណោះ ហើយចិនកំពុងដាក់ឱ្យដំណើរការនូវផ្ដាយរណបដូចនេះរាប់រយគ្រឿងបន្ថែមទៀតក្នុងមួយឆ្នាំៗ។ យើងមើលឃើញសកម្មភាពបែបនេះកាន់តែច្រើនឡើង»។
បញ្ជាការដ្ឋានការពារដែនអាកាសរបស់អូស្ត្រាលីដែលទើបបង្កើតឡើងបានមួយឆ្នាំកំពុងធ្វើការលើផែនការមួយដើម្បីទិញបច្ចេកវិទ្យាដែលហៅថា «soft-kill» ដើម្បីបំផ្លាញផ្កាយរណបរបស់សត្រូវដោយមិនបន្សល់ទុកនូវកម្ទេចកម្ទីដ៏គ្រោះថ្នាក់។ ជំនួសឱ្យការប្រើមីស៊ីល អូស្ត្រាលីចង់បង្កើតសមត្ថភាពសង្គ្រាមអេឡិចត្រូនិកផ្ទាល់ខ្លួនដើម្បីបង្អាក់និងធ្វើឱ្យផ្កាយរណបប្រើការលែងបាន ប៉ុន្តែបច្ចេកវិទ្យារបៀបនេះនៅមិនទាន់ដាក់ឱ្យទិញបានជាទូទៅនៅឡើយទេ។
អ្នកស្រីឧត្តមសេនីយ៍ទោ Cath Roberts ដែលជាប្រធានបញ្ជាការដ្ឋាននេះ កាលពីថ្ងៃសុក្រទី ៣ ខែមីនា បានផ្ដល់ព័ត៌មានថ្មីៗអំពីសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិកនេះ និងអំពីការគំរាមកំហែងនានាចំពោះផ្កាយរណបរបស់អូស្ត្រាលី។ អ្នកស្រីបានថ្លែងប្រាប់ក្រុមយកព័ត៌មានថា មានតម្រូវការឱ្យមានសមត្ថភាព «បែបមិនបំផ្លិចបំផ្លាញ» ដើម្បីបង្អាក់ការវាយប្រហារ ឬក៏ជ្រៀតជ្រែកជាមួយនឹងផ្កាយរណបរបស់សត្រូវ។
អ្នកស្រី Roberts បានថ្លែងថា ចំនួនផ្កាយរណបនៅលើអវកាសនៅពេលចប្ចុប្បន្ននេះមានច្រើនជាងទ្វេដងគឺរហូតដល់ប្រហែល ៨.០០០ គ្រឿង។
ចិនបានបង្ហោះផ្កាយរណបច្រើនជាងសហរដ្ឋអាមេរិកទៅទៀតកាលពីឆ្នាំមុន៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា
ទីក្រុង Sydney ប្រទេសអូស្ត្រាលី —