ឧបករណ៍អូស្ត្រាលីប្រើបច្ចេកវិទ្យាម៉ាញ៉េទិកអាចកំណត់អត្តសញ្ញាណសញ្ញាម៉ូលីគុលនៃសារធាតុផ្ទុះដែលត្រូវបានប្រើនៅក្នុងគ្រាប់មីន។ ខុសប្លែកពីឧបករណ៍ស្វែងរកលោហៈធាតុនៅពេលបច្ចុប្បន្ននេះ វានឹងមិនផ្តោតលើគម្រប អំបែងគ្រាប់ឬរបស់របរលោហៈធាតុដែលមិនជាប់ទាក់ទិនផ្សេងទៀតទេដើម្បីជួយសន្សំពេលវេលានិងការខំ ប្រឹងប្រែងរបស់ក្រុមសម្អាតគ្រាប់មីន។
បច្ចេកវិទ្យាស្រដៀងគ្នានេះដែលប្រើសំឡេងផ្ទុះភ្លាមៗនៃរលកវិទ្យុនោះបានជួយឧស្សា ហកម្មមីនដើម្បីញែករ៉ែដ៏មានតម្លៃចេញពីថ្មធម្មតា។
លោក David Miljakជាអ្នកវិទ្យាសាស្ត្រនៃ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហ កម្មCommonwealth ឬCSIROបានប្រាប់វីអូអេថាបច្ចេកវិទ្យាគ្រាប់មីនក៏មានភាពស្រដៀងគ្នានឹងឧបករណ៍វេជ្ជសាស្ត្រដ៏ល្បីល្បាញដែរ។
«វាជាបច្ចេកវិទ្យាមួយដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងឧបករណ៍ដែលអស់លោក អ្នកបានឃើញនៅក្នុងមន្ទីរពេទ្យ ដែលគេហៅថាម៉ាស៊ីនថតMRI ដែរ ក៏ប៉ុន្តែ វាមានលក្ខណៈខុសគ្នាច្រើន ដូច្នេះ បច្ចេកវិទ្យាដែលយើងកំពុងប្រើប្រាស់នេះមិនតម្រូវឱ្យមានដែកឆក់ធំដែលមនុស្សអង្គុយនៅក្នុងនោះទេ។ វាគ្រាន់តែជារលកវិទ្យុដែលត្រូវប្រើប្រាស់ហើយយើងនឹងចាប់យកសញ្ញាម៉ូលីគុលនៃគ្រឿងផ្ទុះដែលអាចមាននៅក្នុងដីតែប៉ុណ្ណោះ»។
ទីភ្នាក់ងារវិទ្យាសាស្ត្រអូស្ត្រាលីមានគម្រោងបញ្ចូនឧបករណ៍រាវមីនដែលកាន់ដោយដៃទៅកាន់ផ្នែកនានានៃតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៤។
លោក Miljak និយាយទៀតថា ឧបករណ៍រាវមីនទាំងនោះនឹងត្រូវប្រើប្រាស់ដោយអង្គការក្រៅរដ្ឋាភិបាលរួមមានអង្គការ HALO Trust ដែលធ្វើសកម្មភាពសម្អាតគ្រាប់មីននៅទូទាំងពិភពលោក។
«ផែនការនៅឆ្នាំក្រោយនេះគឺយើងនឹងយកម៉ាស៊ីនពិសោធន៍ដ៏ជឿនលឿនដែលកំពុងដំណើរការយ៉ាងល្អ ក៏ប៉ុន្តែ ធ្វើឱ្យរឹងមាំនិងស្របតាមគោលបំណងក្នុងវិស័យនោះហើយនឹងក្លាយជាដៃគូរបស់ក្រុមហ៊ុនថ្មីយើងដែលហៅថាMRead ជាមួយអង្គការក្រៅរដ្ឋាភិបាលដូចជា Halo Trust ជាដើម»។
គេបានប៉ាន់ស្មានថាមានគ្រាប់មីនជាង១០០លានគ្រាប់បានស្ថិតនៅរាយប៉ាយក្នុងប្រ ទេសជាង៦០ ដែលបានបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង៦៥០០នាក់ក្នុងមួយឆ្នាំៗ។
អង្គការសហប្រជាជាតិបានប្រកាសថ្ងៃទី៤ ខែមេសា ជាទិវាអន្តរជាតិសម្រាប់ការយល់ដឹងពីគ្រាប់មីននិងការជួយកម្ចាត់គ្រាប់មីន៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន