ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ថៃ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Penny Wong ថ្លែង​ទៅ​កាន់​​មហា​សន្និបាត​ទី​៧៧ នៃ​អង្គការ​សហប្រជាជាតិ​​នៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Penny Wong ថ្លែង​ទៅ​កាន់​​មហា​សន្និបាត​ទី​៧៧ នៃ​អង្គការ​សហប្រជាជាតិ​​នៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Penny Wong បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ដើម្បី​គាំទ្រ​ដល់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ថ្មី​មួយ​ដែល​មាន​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​នេះ​នឹង​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ដល់​ជន​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស ហើយ​នឹង​ជួយ​ពួកគេ​ឱ្យ​រួច​ផុត​ពី​ការ​ចាប់​បង្ខំ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​អំឡុង​ពេល​ពួកគេ​ធ្វើ​ជា​ពលករ​ក្រោម​ការ​បង្ខិត​បង្ខំ​និង​ការ​គំរាម​កំហែង។

វិធានការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្ដួចផ្ដើម​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​រវាង​រដ្ឋាភិបាល​អូស្ត្រាលី​និង​សមាគម​អាស៊ាន (ASEAN-Australia Counter Trafficking Initiative)។ គម្រោង​រយៈពេល ១០ ឆ្នាំ​រវាង​អូស្ត្រាលី​និង​អាស៊ាន​នេះ​ដែល​បាន​ប្រកាស​កាលពី​ឆ្នាំ ២០១៩ មាន​បំណង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​និង​ធានា​ថា​ជន​ល្មើស​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី​អ្នកស្រី Elaine Pearson បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ថៃ​ថា បើ​ទោះបីជា​ប្រទេស​ថៃ​មាន​ការ​តាំងចិត្ត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ក៏ដោយ ក៏​បញ្ហា​នេះ​នៅតែ​ជា «បញ្ហា​សំខាន់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ជន​ចំណាកស្រុក​ដែល​ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​មកពី​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និង​ឡាវ»។

ទាសភាព​សម័យ​ទំនើប​និង​ការ​ជួញដូរ​មនុស្ស​សរុប​ជិត ៣០០ ករណី​ត្រូវ​បាន​គេ​រាយការណ៍​ទៅ​ឱ្យ​ប៉ូលិស​ជាតិ​អូស្ត្រាលី​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។

ប៉ុន្តែ អ្នកស្រី Jennifer Burn ដែល​ជា​ប្រធាន​អង្គការ​អូស្ត្រាលី​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព (Anti-Slavery Australia) ដែល​ជា​អង្គការ​តស៊ូ​មតិ​មួយ បាន​និយាយ​ថា ទំហំ​ពិត​ប្រាកដ​នៃ​ការ​ជួញដូរ​បុរស ស្ត្រី និង​កុមារ​គឺ​ពិបាក​នឹង​វាស់វែង​ណាស់។

អ្នកស្រី​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ABC របស់​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​អំពី​ករណី​នៃ​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​គ្រួសារ​មួយ​ចាប់​ធ្វើ​ជា​ទាសករ​នៅ​ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ស្ត្រី​នោះ​ត្រូវ​បាន​គេ​បោក​បញ្ឆោត​មក​កាន់​ប្រទេស​អូស្ត្រាលី។ ស្ត្រី​នោះ​មាន​ទិដ្ឋាការ​ទេសចរណ៍។ គាត់​ត្រូវ​បាន​គេ​ដាក់​ឃុំ​ក្នុង​ស្ថានភាព​ដូចជា​ទាសករ​អស់​រយៈពេល ៩ ឆ្នាំ​នៅ​ក្នុង​តំបន់​ជាយក្រុង​មួយ​នៃ​ទីក្រុង Melbourne។ គាត់​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ដាំ​ស្ល បោក​គក់ និង​មើល​ថែ​ក្មេងៗ។ គាត់​ត្រូវ​គេ​តាមដាន​ជាប់​រហូត។ នៅ​ទីបំផុត គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង​ដោយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់ ហើយ​ប្ដី​ប្រពន្ធ​ដែល​ដាក់​ឃុំ​ស្ត្រី​រូប​នេះ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ឃុំឃាំង​ទាសករ»។

អ្នកស្រី Burn បាន​និយាយ​ថា ជន​ល្មើស​នៅ​ក្នុង​ករណី​នេះ​ត្រូវ​បាន​ដាក់​ពន្ធនាគារ។

ទាសភាព​សម័យ​ទំនើប​គឺ​ជា​បញ្ហា​សាកល។ នៅ​ឆ្នាំ ២០២១ មនុស្ស ៥០​លាន​នាក់​រស់នៅ​ក្នុង​ទាសភាព​សម័យ​ទំនើប។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​ថ្មី​ចុងក្រោយ​បង្អស់​អំពី​ទាសភាព​សម័យ​ទំនើប​នៅ​លើ​សាកលលោក (Global Estimates of Modern Slavery) ដែល​ជា​ការ​ស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) អង្គការ​សិទ្ធិ​មនុស្ស Walk Free និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM)។

បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​កញ្ញា ដែល​នៅ​ពេល​នោះ​របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ផង​ដែរ​នោះ គេ​ឃើញ​ថា មនុស្ស ២៨ លាន​នាក់​នៅ​លើ​ពិភពលោក​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ ហើយ​មនុស្ស ២២ លាន​នាក់​ទៀត​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​រៀបការ​ដោយ​បង្ខំ។

ប្រទេស​អូស្ត្រាលី​ក៏​បាន​ចុះ​ហត្ថលេខា​ផង​ដែរ​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ប្រទេស​ថៃ​សម្រាប់​ផែនការ​រយៈពេល ៤ ឆ្នាំ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​យោធា​និង​សេដ្ឋកិច្ច ស្រប​ពេល​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​ចង់​ប្រឡូក​ឱ្យ​បាន​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG