ធនាគារ Westpac អាចនឹងត្រូវពិន័យឲ្យបង់ប្រាក់យ៉ាងច្រើន។ ធនាគារដ៏ធំរបស់អូស្ត្រាលីមួយនេះកំពុងប្រឈមមុខនឹងវិធានការផ្លូវច្បាប់ពីសំណាក់បញ្ញត្តិករ ដែលអះអាងថា ធនាគារនេះមិនគោរពតាមច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់និងការផ្ដល់ហិរញ្ញប្បទានដល់ភេរវកម្ម។
ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា ធនាគារ Westpac បានអនុញ្ញាតឲ្យស្ថាប័នមកពីបណ្ដាប្រទេសនានា រួមមានទាំងប្រទេសអ៊ីរ៉ង់ លីបង់ ស៊ីមបាវ៉េ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឲ្យចូលរួមក្នុងវិស័យហិរញ្ញវត្ថុរបស់អូស្ត្រាលីដោយមិនមានមូលប្បទានបត្រត្រឹមត្រូវ។
បើយោងតាមក្រុមអ្នកឃ្លាំមើល ការណ៍នេះជាឱកាសមួយអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជននិងភេរវជនផ្ទេរប្រាក់ចេញឬចូលប្រទេសអូស្ត្រាលីបាន។
មជ្ឈមណ្ឌលវិភាគនិងរាយការណ៍លើប្រតិបត្តិការអូស្ត្រាលី ហៅកាត់ថា AUSTRAC គឺជាទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុនៅក្នុងប្រទេសអូស្ត្រាលី។ មជ្ឈមណ្ឌលនេះក៏បានចោទប្រកាន់ធនាគារWestpac ថាបានខកខានក្នុងការតាមដានឲ្យបានត្រឹមត្រូវទៅលើប្រតិបត្តិការរាប់ពាន់ ដែលអាចជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើកុមារនៅក្នុងប្រទេសហ្វីលីពីន។ មជ្ឍមណ្ឌលនេះក៏បានអះអាងថា ធនាគារនេះបានព្រងើយកន្តើយជាមួយនឹងការព្រមាននានា និងបានអនុញ្ញាតឲ្យមានការបង់ប្រាក់ដែលជាប់ការសង្ស័យអស់រយៈពេលជាច្រើនឆ្នាំពីជនល្មើសដែលត្រូវបានគេកាត់ទោសពីបទជួញដូរផ្លូវភេទកុមារ។
អ្នកស្រី Nicole Rose គឺជានាយកប្រតិបត្តិនៃទីភ្នាក់ងារ AUSTRAC។ អ្នកស្រីបានមានប្រសាសន៍ថា៖ «ធនាគារ Westpac ខកខានមិនបានអនុវត្តវិធានការស៊ើបអង្កេតលើអតិថិជនរបស់ខ្លួនឲ្យបានត្រឹមត្រូវ សម្រាប់ប្រតិបត្តិការដែលមានហានិភ័យខ្ពស់ទៅកាន់ប្រទេសហ្វីលីពីននិងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។ ប្រតិបត្តិការទាំងអស់នោះមានជាប់ពាក់ព័ន្ធនឹងសូចនាករហិរញ្ញវត្ថុទាក់នឹងនឹងហានិភ័យនៃការកេងប្រវ័ញ្ចកុមារ»។
នាយកប្រតិបត្តិរបស់ធនាគារ Westpac ដែលលោកមានកំណើតនៅសហរដ្ឋអាមេរិក បាននិយាយថា ធនាគារ «គួរតែធ្វើការឲ្យបានល្អជាងនេះ» និងបានសន្យាថានឹងដោះស្រាយបញ្ហានេះ។
លោក Brian Hartzer ដែលជានាយកប្រតិបត្តិរបស់ធនាគារ Westpac និយាយថា លោកមានការសោកស្ដាយចំពោះរឿងដែលបានកើតឡើង ប៉ុន្តែលោកបានបដិសេធចំពោះការអះអាងដែលថា ធនាគាររបស់លោកមិនបានយកចិត្តទុកដាក់ខ្លាំងលើប្រតិបត្តិការខុសច្បាប់នេះ។
លោក Hartzer បាននិយាយថា៖ «ច្បាស់ណាស់ យើងមិនមានជំហរខុសគ្នានោះទេទៅលើបញ្ហានេះ។ ដូច្នេះខ្ញុំចង់និយាយឲ្យច្បាស់លាស់ថា ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមប្រឹក្សាភិបាលធនាគារ និងសម្រាប់ខ្លួនខ្ញុំផ្ទាល់ យើងមិនមានជំហរខុសគ្នាទៅលើបញ្ហានេះនោះទេ»។
បើនិយាយតាមទ្រឹស្តី ធនាគារ Westpac អាចប្រឈមមុខនឹងការពិន័យជាប្រាក់រាប់លានដុល្លារសម្រាប់បទល្មើសនីមួយៗ ដែលបូកបញ្ចូលគ្នាអាចរងនឹងការពិន័យជាប្រាក់ចំនួន៣២៨ទ្រីលានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកវិភាគរំពឹងថា តុលាការសហព័ន្ធអូស្ត្រាលីនឹងដាក់ដល់ធនាគារនេះដើម្បីឲ្យរាងចាលនិងយកចិត្តទុកដាក់ជាងមុនលើប្រតិបត្តិការរបស់ខ្លួន ជាជាងការដាក់ពិន័យធ្ងន់ធ្ងរហួសហេតុ»។
កាលពីឆ្នាំមុន ធនាគារ Commonwealth Bank បានយល់ព្រមបង់ប្រាក់ពិន័យដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសាជីវកម្មអូស្ត្រាលី ដែលមានទឹកប្រាក់រហូតដល់ទៅ៤៧៦លានដុល្លារ ចំពោះការល្មើសនឹងច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្ដល់ហិរញ្ញប្បទានដល់ភេរវកម្ម ដែលបណ្តាលឲ្យសាច់ប្រាក់ជាច្រើនហូរចូលទៅក្នុងដៃរបស់ក្រុមជួញដូរគ្រឿងញៀន។
កាលពីដើមឆ្នាំនេះ ការស៊ើបអង្កេតសាធារណៈមួយបានបង្ហាញពីការប្រព្រឹត្តខុសឆ្គងយ៉ាងច្រើននៅក្នុងវិស័យហិរញ្ញវត្ថុរបស់អូស្ត្រាលី៕