ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​ក្រុមហ៊ុន​ល្បែង​ស៊ីសង​អូស្ត្រាលី បដិសេធ​ពី​ការ​ជាប់​ទាក់​ទិន​ទៅ​នឹង​ឧក្រិដ្ឋកម្ម​មាន​ការ​ចាត់​តាំង


រូបភាព​ឯកសារ៖ លោក​តំណាងរាស្ត្រ Andrew Wilkie ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ខាង​ក្រៅ​វិមាន​សភា ក្នុង​ក្រុង Canberra កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
រូបភាព​ឯកសារ៖ លោក​តំណាងរាស្ត្រ Andrew Wilkie ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ខាង​ក្រៅ​វិមាន​សភា ក្នុង​ក្រុង Canberra កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

ឯកសា​ររបស់​ស្ថានីយ​ទូរទស្សន៍ ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​ការជាប់​ទាក់ទិន​របស់​ក្រុមហ៊ុន​កាស៊ីណូ Crown ​​នៅ​ប្រទេស​អូស្ត្រាលី​ពីការ​លាង​លុយកខ្វក់ ​និង​ការ​​ជួញ​ដូរ​មនុស្ស។ ​ក្រុម​ហ៊ុន​នោះ ​បាន​ធ្វើការ​ឃោសនា​នៅ​តាម​កាសែត​ដោយ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។​

ការ​ស៊ើបអង្កេត​អំពី​ក្រុមហ៊ុន​កាស៊ីណូ Crown Casino ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បណ្តាញ​ទូរទស្សន៍​ប៉ុស្ត​លេខ​៩​ និងកាសែត​២របស់​អូស្ត្រាលីគឺ​ កាសែត The Sydney Morning ​និងកាសែត The Age។ ​សេចក្តី​រាយការណ៍​នោះ ​ផ្អែកឯក​សារ​រាប់​ម៉ឺនទំនង​ដែល​បាន​លេចធ្លាយ​មក​ពី​ក្រុមហ៊ុន​ដែល​កាន់កាប់​កាស៊ីណូ​នៅ​ក្នុង​ទីក្រុង​ Melbourne ​និង​ទីក្រុង Perth ​ហើយ​មានគម្រោង​សាងសង់មួយ​ទៀត​នៅ​ក្នុង​ក្រុងស៊ីដនី។

ឯកសារ​នោះ ​បាន​ចោទ​ប្រកាន់​ពីការ​ជាប់​ទាក់​ទិន​រវាង​ក្រុមហ៊ុន​កាស៊ីណូ Crown និង​អង្គការ​ឧក្រិដ្ឋកម្ម​មាន​ការ​ចាត់​តាំង ​ហើយ​បាន​អះអាងថា ​ក្រុមហ៊ុន​នោះ ធ្វើ​មិន​ដឹងឮ​ចំពោះ​ការ​លាងលុយកខ្វក់​ហើយ​និង​កេង​ប្រយោជន៍​ពីភាព​កម្សោយ​នៃច្បាប់​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​ដើម្បី​ដឹក​ជញ្ជូន​អ្នក​លេងល្បែង​មាន​ប្រាក់​ច្រើនៗជា​ជន​ជាតិ​ចិនចូល​ក្នុង​ប្រទេស​ដោយ​មិន​មានការ​ពិនិត្យឆែកឆេរឲ្យ​បាន​ត្រឹម​ត្រូវ។ ក៏​មានការ​អះអាង​ដែរ​ថា ក្រុមហ៊ុន​កាស៊ីណូ​នោះ មាន​ជាប់​ទាក់​ទិន​ជាមួយ​ផ្ទះបន​អូស្ត្រាលី​ដែល​ត្រូវ​បាន​ស៊ើបអង្កេត​អំពី​ការ​ជួញ​ដូរ​មនុស្ស។

លោក Andrew Wilkie ​សមាជិក​សភា​ឯករាជ្យ​ម្នាក់ ​បាន​ប្រាប់​សភា​អូស្ត្រាលី​ថា ​ក្រុម​ហ៊ុន​កាស៊ីណូ Crown បាន​រក​ស៊ី​នៅ​ពី​លើ​ច្បាប់​នៅ​ក្នុង​រដ្ឋ Victoria។ លោក បាន​ថ្លែង​ថា៖ «ខ្ញុំឥឡូវនេះ​ដឹងថា ​មន្ត្រី​ប៉ូលិស៣​នាក់ដែល​២នាក់កំពុង​បម្រើ​ការងារ​នៅពេល​បច្ចុប្បន្ន​នេះ បាន​និយាយ​ដោយ​ចំហរ​ទៅកាន់​បុគ្គលិក​របស់​ខ្ញុំ​នៅរដ្ឋ Victoria ថា ក្រុមហ៊ុន​កាស៊ីណូ Crown ត្រូវ​បាន​គេ​ចាត់ទុក​ថាជា​វិមាន​វ៉ាទីកង់​ជារដ្ឋ​អធិបតេយ្យ​ឯករាជ្យ​មួយ​ដែល​ច្បាប់​របស់​រដ្ឋដែល​ជា​ច្បាប់ Commonwealth របស់អូស្ត្រាលី ​មិន​បាន​អនុវត្ត»។

ការ​អះអាង​របស់​លោក Wilkieមិន​បាន​នាំឲ្យ​មាន​ការស៊ើបអង្កេត​ដោយ​សភា​អូស្ត្រាលី​ទេ។ ក៏ប៉ុន្តែ ​លោកស្រី Christian Porter ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​សហព័ន្ធ ​បាន​បញ្ជូន​ការចោទ​ប្រកាន់​ទាំង​នោះ​ទៅ​គណៈកម្មការ​ពង្រឹង​ច្បាប់​សុច្ចរិតភាព។​ គណៈកម្ម​ការ​នោះ ​អាច​ស៊ើបអង្កេត​ឥរិយាបថ​របស់​មន្ត្រី​ពង្រឹង​ច្បាប់​សហ​ព័ន្ធ ​ហើយ​មិន​មែន​បុគ្គ​លិក​របស់​ក្រុមហ៊ុន​កាស៊ីណូ Crown ទេ។

រដ្ឋ Victoria ​បាន​បញ្ជា​ឲ្យការិយាល័យ​ត្រួតពិនិត្យ​ល្បែង​ស៊ីសង​របស់​រដ្ឋ​ពិនិត្យ​មើល​ការអះអាង​ប្រឆាំង​ក្រុមហ៊ុន​កាស៊ីណូ Crown Casino ​ថា​ជា​បញ្ហា​អាទិភាព។

ពួក​អ្នក​ជំនាញ ​ក៏​បាន​ទាម​ទារ​ឲ្យ​និយ័តករ​ប្រឆាំងការ​លាង​លុយ​កខ្វក់​របស់​អូ​ស្ត្រាលី ឬ​ AUSTRAC ​ធ្វើ​ការ​ស៊ើបអង្កេត​ការអះអាង​ថា ពួក​ឧក្រិដ្ឋជន ​បាន​លាង​លុយ​កខ្វក់​តាម​រយៈ​ក្រុមហ៊ុន​កាស៊ីណូ Crown Casino។

ក្រុម​ហ៊ុន​នោះ បាន​បដិសេធ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់​នោះ។ ក្នុង​ការឃោសនា​តាម​កាសែត​ជាបន្ត​បន្ទាប់ ​ក្រុមហ៊ុន​នោះ​បាន​និយាយថា ​ខ្លួន «ចង់​បានភាពត្រឹមត្រូវ​នៅ​ក្នុង​ការ​ប្រឈម​យុទ្ធនាការ​បោកប្រាស់​ប្រឆាំង​នឹង​ក្រុមហ៊ុន​កាស៊ី​ណូ Crownនេះ»។ ក្រុមហ៊ុន​កាស៊ីណូ Crown បាន​ចោទ​ប្រកាន់​ឯកសារ​ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ពីការ​ប៉ុនប៉ង​មិន​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្យានុភាព​របស់​ខ្លួន។ ក្រុមហ៊ុន​កាស៊ីណូ​នោះ ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​ធ្វើ​ត្រឹមត្រូវ​ទៅតាម​ច្បាប់៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG