ភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការប្រឈមផ្នែកយោធានៅច្រកសមុទ្រតៃវ៉ាន់មក។ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ កងយោធាជើងទឹកសហរដ្ឋអាមេរិកបានបញ្ចេញវីដេអូមួយពីអ្វីដែលខ្លួនហៅថា ជាការ «ប្រឈមមុខគ្នាដោយគ្មានសុវត្ថិភាព» មួយ នៅពេលនាវាចម្បាំងចិនមួយគ្រឿង បានបើកកាត់ពីមុខនាវាចម្បាំងពិឃាតរបស់អាមេរិកនោះ។
ក្រោយពីវិលត្រឡប់មកពីប្រទេសសិង្ហបុរីនិងវៀតណាមវិញ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំសន្តិសុខតំបន់ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បាននិយាយនៅក្នុងបទសម្ភាសន៍មួយលើបញ្ហាជាច្រើន ជាមួយនឹងក្រុមហ៊ុនផ្សព្វផ្សាយអូស្ត្រាលី Australian Broadcasting Corp. កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះថា ប្រទេសមហាអំណាចទាំងពីរនេះ ត្រូវការ«របាំងទប់ទល់» ឬ «ការការពារ» ដែលនឹងជួយបញ្ចៀសជម្លោះឬការប្រឈមមុខដាក់គ្នា ដែលអាចកើតមានឡើងរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមទៀតថា ការប្រាស្រ័យទាក់ទងគ្នារវាង«ប្រជាជាតិនិងប្រជាជាតិ» គឺជា មធ្យោបាយដ៏ប្រសើរបំផុតមួយ ដើម្បីបញ្ចៀសពី «ផលវិបាកប្រកបដោយភាពមហន្តរាយ»។
លោកថ្លែងដូចនេះថា៖ «សន្តិភាពមិនត្រូវចាត់ទុកថា ជារឿងធម្មតានោះទេ ហើយពិតណាស់ គន្លឹះសម្រាប់សន្តិភាព គឺការពិភាក្សាសន្ទនាគ្នា។ បញ្ហាដែលបានកើតឡើង គឺដោយសារតែការធ្លាក់ចុះនៃទំនាក់ទំនងទាំងនោះ ហើយនេះជាហេតុផល ដែលរដ្ឋាភិបាលអាមេរិកបានស្នើឱ្យមានការពិភាក្សាច្រើនជាងមុនជាមួយប្រទេសចិន ដែលនេះជារឿងសំខាន់ខ្លាំង ហើយជារឿងដែលយើងគាំទ្រ ហើយជាអ្វីដែលយើងបានជំរុញឲ្យប្រទេសចិនចូលរួម»។
អូស្រ្តាលីនិងបណ្តាប្រទេសសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានជប៉ុន និងវៀតណាមផងដែរនោះ មានការបារម្ភពីភាពកាន់តែគឃ្លើនខ្លាំងឡើងៗរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់ប្រកបដោយជម្លោះខ្លាំងជាងគេបង្អស់នៅលើពិភពលោក។
អូស្រ្តាលីគឺជាប្រទេសមហាអំណាចថ្នាក់កណ្តាលមួយ។ ប្រទេសនេះ មានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់ខ្លួន។
ទំនាក់ទំនងរបស់អូស្រ្តាលីជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួននោះ បានរងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហាសមុទ្រចិនខាងត្បូង លទ្ធិ ប្រជាធិបតេយ្យនៅកោះហុងកុង និងប្រភពដើមនៃជំងឺកូវីដ១៩។
ប៉ុន្តែក៏មានសញ្ញាបង្ហាញថា ទំនាក់ទំនងការទូតកម្រិតខ្ពស់ កំពុងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនេះ មានស្ថិរភាពឡើងវិញ។ លោក Albanese បានបញ្ជាក់កាលពីថ្ងៃទី៥ ខែមិថុនាថា ការរឹតត្បិតរបស់ចិនមិនឱ្យមានការនាំចូលប្រភេទផ្លែឈើមូលពីអូស្ត្រាលីទៅកាន់ប្រទេសខ្លួននោះ ត្រូវបានដកចេញហើយកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការអនុញ្ញាតប្រហាក់ប្រហែលគ្នានេះ ឲ្យមានការនាំចូលទំនិញប្រើប្រាស់របស់អូស្រ្តាលី ដែលរួមមានធ្យូងថ្ម ស្រូវសាឡី និងឈើហ៊ុប ចូលទៅក្នុងប្រទេសចិនផងដែរ។
លោក Albanese ក៏បានលើកឡើងផងដែរថា ឧបការីរដ្ឋមន្រ្តីការបរទេសចិនលោកស្រី Hua Chunying នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលីនៅខែកក្កដាខាងមុខនេះ។
នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបន្តទៀតថា លោកត្រូវបានអញ្ជើញសាជាថ្មីឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការអូតង់នាខែក្រោយ និងថា រដ្ឋាភិបាលក្រុងកង់បេរ៉ាមានតួនាទីផ្នែកការទូតដ៏សំខាន់មួយក្នុងតំបន់និងនៅលើពិភពលោក៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា