ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូស្ត្រាលី​ត្រូវ​បាន​ជំរុញ​ឲ្យ​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​ចិន ស្រប​ពេល​ដែល​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ចុះ​ខ្សោយ

  • Phil Mercer

លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​អំពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នៃ​ភាព​ស្មើ​ភាព​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ក្រុង Canberra ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

គម្រប​ឯកសារ​គោល​នយោបាយ​ការបរទេស​ថ្មី​ចុង​ក្រោយ​បំផុត​របស់​ប្រទេស​អូស្ត្រាលី​មាន​បញ្ជាក់​នូវ​ពាក្យ ៣ គឺ «ឱកាស សន្តិសុខ និង​ភាព​រឹងមាំ»។ ឯកសារ​គោល​នយោបាយ​ការបរទេស​នេះ​គឺ​ជា​ឯកសារ​លើក​ដំបូង​បង្អស់​របស់​រដ្ឋាភិបាល​អូស្ត្រាលី​តាំង​ពី​ឆ្នាំ ២០០៣ មក ហើយ​ឯកសារ​នេះ​បង្ហាញ​ពី​យុទ្ធសាស្ត្រ​សាកលលោក​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​សម្រាប់​ទសវត្សរ៍​ខាង​មុខ។

ឯកសារ​នេះ​បាន​វាយ​តម្លៃ​ដោយ​ត្រង់ៗ​ថា ប្រទេស​ចិន​កំពុង​ប្រជែង​យក​តំណែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ឯកសារ​គោល​នយោបាយ​ការបរទេស​របស់​អូស្ត្រាលី​នេះ​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​នៅតែ​មាន​សារៈសំខាន់​ដដែល​ចំពោះ​សន្តិសុខ​ជាតិ​របស់​អូស្ត្រាលី ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ត្រូវតែ​កសាង​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​បន្ថែម​ទៀត។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull ជឿ​ជាក់​ថា ប្រទេស​អូស្ត្រាលី​ត្រូវតែ​សម្រប​ខ្លួន​ទៅ​តាម​ដំណើរ​វិវត្ត​របស់​ប្រព័ន្ធ​របៀប​រៀបរយ​ពិភពលោក។

លោក Malcolm Turnbull បាន​និយាយ​ថា៖ «យើង​កំពុង​ស្ទង់​មើល​រក​ទិសដៅ​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ដ៏​ឆាប់​រហ័ស​នៃ​ពិភពលោក​ពហុ​អំណាច​មួយ ដែល​តួអង្គ​សំខាន់ៗ​នីមួយៗ​កំពុង​សាកល្បង​នូវ​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​ពេល​ដែល​ពួកគេ​ផ្ទាល់​កំពុងតែ​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ដ៏​ឆាប់​រហ័ស។ កាល​ពី​អតីតកាល យើង​អាច​សន្មត​ដោយ​ងាយ​ស្រួល​ថា ពិភពលោក​ដំណើរការ​នៅ​ក្នុង​បែបបទ​មួយ​ដែល​សក្ដិសម​សម្រាប់​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន​នេះ អំណាច​ត្រូវ​បាន​ផ្លាស់ប្ដូរ ហើយ​ច្បាប់ និង​ស្ថាប័ន​នានា​កំពុង​រង​ការ​ប្រឈម»។

ឯកសារ​គោល​នយោបាយ​ការបរទេស​នេះ​បាន​រៀបរាប់​អំពី​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​កសាង​ទំនាក់ទំនង​ខ្លាំងក្លា​ជាង​មុន​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ដូចជា​ប្រទេស​ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម។

លោក Malcolm Turnbull ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា ប្រទេស​អូស្ត្រាលី​ត្រូវតែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​មុន​សម្រាប់ «សន្តិសុខ និង​វិបុលភាព» របស់​ខ្លួន។ សម្ព័ន្ធភាព​យោធា​របស់​អូស្ត្រាលី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មាន​តាំង​ពី​ដើម​ទសវត្សរ៍ ១៩៥០ មក​ម្ល៉េះ។

លោក Bates Gill សាស្ត្រាចារ្យ​ផ្នែក​សិក្សា​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​សាកលវិទ្យាល័យ Macquarie ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី បាន​ឯកភាព​ថា ប្រទេស​អូស្ត្រាលី​មិន​គួរ​ពឹងផ្អែក​ជ្រុល​លើ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក Bates Gill បាន​និយាយ​ថា៖ «រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវតែ​ទទួល​ស្គាល់​ថា នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្លាស់ប្ដូរ​ដ៏​ឆាប់​រហ័ស និង​ក្នុង​ដំណាក់កាល​ដែល​កាន់តែ​លំបាក​ជាង​មុន​នៅ​ក្នុង​ការ​ព្យាករណ៍​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្ដូរផ្ដាច់​ចូលរួម​បន្ត​ទៀត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ប្រទេស​អូស្ត្រាលី​ត្រូវតែ​ស្វែង​រក​ជម្រើស​ផ្សេង​ទៀត និង​មិន​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មក​ហើយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នេះ​ទេ ដូច​ដែល​ឯកសារ​គោល​នយោបាយ​ការបរទេស​របស់​អូស្ត្រាលី​បាន​កត់​សម្គាល់​ឃើញ​ដូច្នេះ​ដែរ‍»។

ប្រទេស​អូស្ត្រាលី​ក៏​បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​អំពី «ល្បឿន និង​កម្រិត» នៃ​សកម្មភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ផង​ដែរ ដែល​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទូច​ថា រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​មិន​គួរ​ពាក់ព័ន្ធ​ជាមួយ​នឹង​ជម្លោះ​ដែន​សមុទ្រ​ដ៏​ទូលំទូលាយ​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG