ប្រទេសអូស្រ្តាលី កំពុងកាត់ជំនួយបរទេសរបស់ខ្លួន ក៏ប៉ុន្តែនឹងបង្កើនការចំណាយប្រឆាំងភេរវកម្មរបស់ខ្លួននៅក្នុងវិធានការដែលចែងក្នុងថវិកា ប្រចាំឆ្នាំរបស់ខ្លួន។ លោក Joe Hockey ប្រធានរតនាគារសហព័ន្ធ បាននិយាយកាលពីថ្ងៃអង្គារថា ផែនការហិរញ្ញវត្ថុរបស់លោក នឹងធ្វើឲ្យប្រទេសកាន់តែខ្លាំង មានសុវត្ថិភាព និងមានភាពរុងរឿងកាន់តែខ្លាំងឡើង។ ឱនភាពថវិការបស់អូស្រ្តាលីបានកើនឡើងដល់២៨ពាន់លានដុល្លារ នៅពេលដែលចំណូលពីពន្ធដារ និងប្រាក់កម្រៃអណ្តូងរ៉ែបានធ្លាក់ចុះ។
រដ្ឋាភិបាលអូស្រ្តាលីកំពុងកាត់បន្ថយថវិកាជំនួយបរទេសរបស់ខ្លួនចំនួន៤០ភាគរយ នៅពេលដែលខ្លួនព្យាយាមធ្វើឲ្យមានតុល្យភាពក្នុងការចាយវាយរបស់ខ្លួននៅក្នុងប្រទេស។ ឥណ្ឌូនេស៊ី ដែលជាប្រទេសទទួលបានជំនួយអូស្រ្តាលីដ៏ច្រើនបំផុត នឹងឃើញការកាត់បន្ថយប្រាក់ជំនួយចំនួន១៧៥លានដុល្លារ។
លោក Matt Tinkler អ្នកនាំពាក្យអង្គការជួយសង្គ្រោះកុមារអូស្រ្តាលី និយាយថា មនុស្សក្រីក្របំផុត នឹងទទួលរងគ្រោះខ្លាំងជាងគេ។
អ្នកដែលទទួលផលប៉ះពាល់ គឺជនដែលត្រូវការការជួយឧបត្ថម្ភនៅប្រទេសឥណ្ឌូនេស៊ី។ ការណ៍នេះមានន័យថា កូនក្មេងកាន់តែតិចទៅនឹងបានទទួលការចាក់ថ្នាំបង្ការរោគ ក្មេងស្រីកាន់តែតិចទៅនឹងទៅសាលារៀន ស្រ្តីកាន់តែតិចទៅ នឹងបានទទួលអំណាចតាមរយៈការងារ ដូច្នេះមានការប៉ះពាល់ពិតប្រាកដដល់ជនក្រីក្រឥណ្ឌូនេស៊ី ហើយតំបន់របស់យើង ដែលនឹងមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីការកាត់បន្ថយថវិកានេះ»។
អង្គការសប្បុរសធម៌ ក៏បានថ្កោលទោសដែរចំពោះការសម្រេចរបស់អូស្រ្តាលីក្នុងការកាត់បន្ថយជំនួយទៅកាន់ទ្វីបអាហ្វ្រិកចំនួន៧០ភាគរយ។ អង្គការ Oxfamបាននិយាយថា នៅតំបន់វាលខ្សាច់សាហារ៉ាខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលជាតំបន់ក្រីក្របំផុតនៅនៅក្នុងពិភពលោក ជំនួយអូស្រ្តាលីថ្មីឥឡូវនេះមានចំនួនតិចតួចជាទីបំផុត។
ក្រុមអ្នករិះគន់និយាយថា ការកាត់បន្ថយជំនួយនេះធ្វើឲ្យខូចកិត្យានុភាពរបស់អូស្រ្តាលីនៅឆាកអន្តរជាតិ។
ក្រុមមន្រ្តីក្នុងទីក្រុងCanberra បាននិយាយថា ការសម្រេចកាត់បន្ថយជំនួយបរទេស បានធ្វើឡើងបន្ទាប់ពីមានការពិចារណាតើប្រទេសទទួលជំនួយរបស់ខ្លួនណាខ្លះ ដែលក៏ជាម្ចាស់ជំនួយទៅប្រទេសដ៏ទៃទៀតនោះ។ ការរីកលូតលាស់សេដ្ឋកិច្ច និងសមត្ថភាពរបស់រដ្ឋាភិបាលបរទេសដើម្បីដោះស្រាយបញ្ហាភាពក្រីក្រ និងសេចក្តីត្រូវការក៏ត្រូវបានពិចារណាដែរ។ ក្រុមរដ្ឋមន្រ្តីនិយាយទទូចថា ការកាត់បន្ថយជំនួយទៅឲ្យឥណ្ឌូនេស៊ីមិនទាក់ទិននឹងការប្រហារជីវិតអ្នកជួញដូរថ្នាំញៀនជាតិអូស្រ្តាលី២នាក់ថ្មីៗនេះ ដែលបានបណ្តាលមានការប្រេះឆាខាងការទូតនោះទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន