ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ថា ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​មុន​បង្កើត​ឲ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​យ៉ាង​ធ្ងន់ធ្ងរ


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ចូល​ទៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន បាន​បង្កើត​ឲ្យ​មាន «ការ​មិន​ទុក​ចិត្ត​គ្នា​យ៉ាង​ខ្លាំង»។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ពិភាក្សា​អំពី «កិច្ចការ​ជា​ច្រើន» ដែល​ត្រូវ​ធ្វើ​ទាក់ទិន​នឹង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​រុស្ស៊ី។

មន្ត្រី​ការទូត​កំពូល​ទាំង​ពីរ​រូប​នេះ​មាន​ជំនួប​ពិភាក្សា​គ្នា​នេះ ដាច់​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​នៅ​ទី​នោះ លោក Tillerson បាន​និយាយ​ថា លោក​បាន​ប្រាប់​លោក Sergei Lavrov ថា សហរដ្ឋ​អាមេរិក​នឹង​ឆ្លើយតប​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​កញ្ញា ខាង​មុខ​នេះ ចំពោះ​ការ​បញ្ជា​របស់​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​ដក​មន្ត្រី​ការទូត និង​បុគ្គលិក​ស្ថានទូត​រាប់​រយ​នាក់ ចេញ​ពី​ស្ថានទូត និង​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

ជំនួប​នេះ​គឺ​ជា​ជំនួប​កម្រិត​ខ្ពស់​ដំបូង​បង្អស់​រវាង​ប្រទេស​ទាំង​ពីរ ចាប់តាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចុះ​ហត្ថលេខា​ទាំង​ស្ទាក់ស្ទើរ​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​ឲ្យ​ចូល​ជា​ធរមាន​កាល​ពី​សប្ដាហ៍​មុន ដើម្បី​ដាក់​ទោស​ដល់​រុស្ស៊ី​ចំពោះ​ការ​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន ដែល​ជួយ​ឲ្យ​លោក​ឈ្នះ​ឆ្នោត។

លោក Sergei Lavrov បាន​និយាយ​ថា ទោះបីជា​មាន​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ជា​ច្រើន​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ក៏​រដ្ឋាភិបាល​រុស្ស៊ី​គិត​ថា សមភាគី​អាមេរិក​គួរតែ​រក្សា​ការ​ពិភាក្សា​គ្នា​ឲ្យ​នៅ​តែ​បើក​ចំហ​ដដែល ដោយ​មិន​មាន​ជម្រើស​ណា​ផ្សេង​ពី​ករណី​នេះ​ទេ៕

XS
SM
MD
LG