ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​គ្រប់​គ្រង​ប្រទេស​អូស្ត្រាលី​​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​ថ្មី


នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​អូស្ត្រាលី លោក Scott Morrison ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សភា​ក្នុង​ទីក្រុង​កង់ប៊េរ៉ា នៅ​ថ្ងៃទី​២៤ សីហា ២០១៨។
នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​អូស្ត្រាលី លោក Scott Morrison ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សភា​ក្នុង​ទីក្រុង​កង់ប៊េរ៉ា នៅ​ថ្ងៃទី​២៤ សីហា ២០១៨។

លោក​ Scott Morrison ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អូស្ត្រាលី​បាន​ជាប់​ឆ្នោតជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ប្រទេស​អូស្ត្រាលីនៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ដោយ​គណបក្ស​សេរីនិយម​ដែល​គ្រប់​គ្រង​ប្រទេស។

លោក​ Morrison ​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​រវាង​បេក្ខជន​បី​នាក់​ ដោយ​លោក​បាន​ឈ្នះ​លោក ​Peter Dutton​ អតីត​រដ្ឋមន្ត្រី​ក្រសូង​មហា​ផ្ទៃ​ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ​ ៤៥ ទល់នឹង​ ៤០។​ លោកស្រី ​Julie Bishop រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ចាញ់​នៅ​ក្នុងការ​បោះ​ឆ្នោត​ជុំទី​មួយ។​

ពួក​អ្នក​គាំទ្រ​លោក ​Dutton ​បាន​បង្ខំ​លោក​នាយក​រដ្ឋមន្ត្រី​ Malcolm Turnbull ឱ្យ​បើក​ការប្រជុំ​ពួក​មេដឹកនាំ​គណបក្ស​នៅ​ក្រោយ​លោក​បាន​បាត់​បង់​ការ​គាំទ្រ​ពី​សមាជិក​ភាគ​ច្រើន​នៃ​គណបក្ស​សេរីនិយម។ ​លោក ​Turnbull​ មិន​បាន​ជំទាស់​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ទេ​ ហើយ​លោក​បាន​និយាយ​ថា​ លោក​នឹង​ចុះ​ចេញពី​តំណែង​និង​ឈប់​ធ្វើ​នយោបាយ​ថែម​ទៀតផង។​

ការ​ជាប់​ឆ្នោត​របស់​លោក ​Morrison ​បាន​នាំ​ឱ្យ​មាន​ការ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ខាង​នយោបាយ​នៅ​ខាង​ក្នុង​រដ្ឋាភិបាល​អភិរក្ស​និយម​នៃ​ប្រទេស​អូស្ត្រាលី​ នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ដែល​មាន​កំណត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា ​ឆ្នាំ២០១៩។​លោក​នឹង​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​ទី៦​របស់​ប្រទេស​អូស្ត្រាលី​ក្នុងរយៈ​ពេល​ ១១ឆ្នាំ។

ចលាចល​ដោយ​ចំហ​បស់​គណបក្ស​សេរីនិយម​គ្រាន់​តែ​ជា​ចំពូក​ថ្មី​បំផុត​នៅក្នុង​រយៈ​ពេល​មួយ​នៃ​អស្ថិរភាព​នយោបាយ​មិន​ធម្មតា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​ចាប់​តាំង​ពី​លោក​អតីត​នាយក​រដ្ឋម​ន្ត្រី​ John Howard ​បាន​ចាក​ចេញ​ពី​តំណែង​កាល​ពី​ឆ្នាំ​ ២០០៧​ នៅ​ក្រោយ​លោក​បាន​កាន់​តំណែង​នេះ​ចំនួន​១១​ឆ្នាំ​ ដោយ​គ្មាន​ការ​បង្អាក់៕

XS
SM
MD
LG