ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មភាព​បន្ថែមត្រូវ​បាន​អំពាវនាវ​ឲ្យ​មាន​​លើ​ករណី​រៀបការ​ដោយ​បង្ខំ​នៅ​ប្រទេស​អូស្រ្តាលី


រូបភាពឯកសារ៖ គូស្នេហ៌​មួយគូ​កាន់ដៃ​គ្នា​ក្នុង​ពិធី​រៀប​អាពាហ៌​ពិពាហ៌ កាលពី​ថ្ងៃទី​២៦ ខែ មិថុនា ឆ្នាំ ២០១៦។
រូបភាពឯកសារ៖ គូស្នេហ៌​មួយគូ​កាន់ដៃ​គ្នា​ក្នុង​ពិធី​រៀប​អាពាហ៌​ពិពាហ៌ កាលពី​ថ្ងៃទី​២៦ ខែ មិថុនា ឆ្នាំ ២០១៦។

មិន​មាន​ករណី​រៀបការ​ដោយ​បង្ខំ​ណា​មួយ​ក្នុង​ប្រទេស​អូស្រ្តាលី​ បាន​កាត់​ទោស​ដោយ​ជោគជ័យ​ឡើយ គិត​ចាប់​តាំង​ពី​ការ​រៀបការ​ដោយ​បង្ខំ​ បាន​ក្លាយ​ជា​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ​ នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៣​មក។ ប៉ូលិស​បាន​លើក​ឡើង​ថា​ ករណី​ទាំង​នេះ​ គឺ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការងារ​របស់​ពួកគេ​ ដែល​ការពារ ឬ ក៏​បង្អាក់​ការ​រៀបការ​ដោយ​បង្ខំ​ឡើយ។

អ្នក​ធ្វើ​យុទ្ធនាការ​ កំពុង​ជម្រុញ​ឲ្យ​ប្រទេស​អូស្រ្តាលី ចាត់​វិធានការណ៍​បន្ថែម​ទៀត​ ដើម្បី​បញ្ឈប់​ការ​រៀបការ​ដោយ​បង្ខំ​នៅ​ក្នុង​សហគមន៍​ជា​ច្រើន​ដែល​ជន​អន្តោប្រវេសន៍​រស់​នៅ។ ចាប់​តាំង​ពី​ការ​រៀបការ​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​ក្លាយ​ជា​ករណី​ខុស​ច្បាប់​កាល​ពី​ប្រាំ​ឆ្នាំ​កន្លង​ទៅ​ មាន​ករណី​រៀបការ​ដោយ​បង្ខំ​ជាង​២៣០​ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​របស់​សហព័ន្ធ​អូស្រ្តាលី​ ប៉ុន្តែ​ករណី​ទាំង​នេះ​មិន​ត្រូវ​បាន​កាត់​ទោស​ឡើយ។

មិន​មាន​ករណី​រៀបការ​ដោយ​បង្ខំ​ណា​មួយ​ក្នុង​ប្រទេស​អូស្រ្តាលី​ បាន​កាត់​ទោស​ដោយ​ជោគជ័យ​ឡើយ គិត​ចាប់​តាំង​ពី​ការ​រៀបការ​ដោយ​បង្ខំ​ បាន​ក្លាយ​ជា​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ​ នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៣​មក។ ប៉ូលិស​បាន​លើក​ឡើង​ថា​ ករណី​ទាំង​នេះ​ គឺ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការងារ​របស់​ពួកគេ​ ដែល​ការពារ ឬ ក៏​បង្អាក់​ការ​រៀបការ​ដោយ​បង្ខំ​ឡើយ។

អ្នក​ធ្វើ​យុទ្ធនាការ​ លើកឡើង​ថា​ ជន​រងគ្រោះ​ភាគ​ច្រើន​គឺ​ក្មេង​ស្រី​ ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ ប៉ុន្តែ​ក្មេង​ស្រី​ជា​ច្រើន​នាក់​ មិន​ហ៊ាន​រាយការណ៍​ទៅ​អាជ្ញាធរ​ទេ ដោយ​សារ​តែ​ក្មេង​ស្រី​ទាំង​នោះ ​ភ័យ​ខ្លាច​ថា​ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ឬ ក៏​បំបែក​ចេញ​ពី​គ្រួសារ​ និង​សហគមន៍​របស់​ពួកគេ។ ក្មេងស្រី​ទាំង​នោះ​មាន​ការ​ស្ទាក់ស្ទើរ​ ក្នុង​ការ​និយាយ​ ឬ ក៏​ចាប់​ផ្តើម​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​ទៅ​នឹង​សាច់ញាតិ​ ឬ ក៏​មិត្តភក្តិ​របស់​ពួកគេ។

លោកស្រី​ Jennifer Burn នាយិកា​នៃ​អង្គការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ទាសភាព​ នៃ​ប្រទេស​អូស្រ្តាលី​ Anti-Slavery Australia បាន​ថ្លែង​ថា​ យើង​មិន​ដឹង​ទេ​ថា​ ករណី​រៀបការ​ដោយ​បង្ខំ​នេះ​ មាន​ទំហំ​ប៉ុណ្ណា។

លោកស្រី​ Burn បាន​ថ្លែង​ថា៖

«ខ្ញុំ​គ្មាន​ការសង្ស័យ​ឡើយ​ថា មាន​ក្មេង​ស្រី​ជា​ច្រើន​ទៀត​នៅ​ក្នុង​សហគមន៍​ ដែល​គេ​មិន​ស្គាល់​មុខ​ ហើយ​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀបការ​ ឬ ក៏​កំពុង​តែ​ជួប​ប្រទះ​ការ​រៀបការ​ដោយ​បង្ខំ​នោះ»។

នាង​ Bee Al Darraj បាន​រត់​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ បន្ទាប់​ពី​បងស្រី​របស់​នាង​ពីរ​នាក់​ទៀត ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​រៀបការ។

នាង Bee Al Darraj បាន​ថ្លែង​ថា៖

«ខ្ញុំ​មាន​ការ​ភ័យខ្លាច​ជា​ខ្លាំង​ ក្រោយ​ពី​បាន​ឃើញ​អ្វី​ដែល​បង​ស្រី​របស់​ខ្ញុំ​បាន​ជួប​ប្រទះ។ ខ្ញុំ​មិន​ចង់​ជួប​ប្រទះ​រឿង​ដូច​ពួក​គាត់​ទេ។ ខ្ញុំ​តវ៉ា​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំ​ព្យាយាម​ពន្យា​ពេល​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​១៥​ឆ្នាំ​ ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ​ ហើយ​ខ្ញុំ​ក៏​រត់​ចេញ​ពី​ផ្ទះ​ ពីព្រោះ​តែ​ខ្ញុំ​ដឹងថា​ ខ្ញុំ​នឹង​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ខាង​មុខ​ទៀត​ ប្រសិន​បើ​ខ្ញុំ​នៅ​ផ្ទះ​ត​ទៅ​ទៀត​នា​ពេល​នោះ»។

កាល​ពី​ដើម​ឆ្នាំ​នេះ​ រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​ បាន​ប្រកាស​ពី​ផែន​ការណ៍​មួយ​ដែល​មាន​រយៈកាល​ពេញ​មួយ​ឆ្នាំ​ ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​ដល់​ជន​រងគ្រោះ​ដើម្បី​ទទួល​បាន​ការ​គាំពារ។ ជន​រងគ្រោះ​អាច​ទទួល​បាន​ការ​គាំពារ​ដោយ​គ្មាន​ការ​ចូលរួម​ពី​សំណាក់​ប៉ូលិស នៅ​ក្រោម​គម្រោង​នេះ។

រដ្ឋាភិបាល​ទីក្រុង​ Canberra បាន​បញ្ជាក់​ថា​ ការ​រៀបការ​ដោយ​បង្ខំ​ គឺ​ជា​ការ​អនុវត្តន៍​ទាសភាព​ ក្រោម​ទំរង់​នៃ​ការ​រំលោភ​បំពាន​ផ្នែក​យ៉េនឌ័រ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ចក្រភព​អង់គ្លេស​ បាន​ដាក់​ចេញ​នូវ​ច្បាប់​ដែល​មាន​ភាព​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៤​ ដើម្បី​កាត់​ទោស​ការ​រៀបការ​ដោយ​បង្ខំ។ តុលាការ​អង់គ្លេស​ទើប​តែ​បាន​កាត់​ទោស​ករណី​រៀបការ​ដោយ​បង្ខំ​ដំបូង​បំផុត។

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី បទ​ឧក្រិដ្ឋ​ទាំង​នេះ​ បាន​ប៉ះ​ពាល់​ដល់​ជន​អន្តោប្រវេសន៍​ដែល​ជា​ស្រ្តី​ និង​កុមារ​ មក​ពី​សហគមន៍​មជ្ឈឹមបូព៌ា​ និង​ស្រ្តី​ និង​កុមារ​ផ្សេង​ទៀត​មក​ពី​ប្រទេស​បង់ក្លាដែស អាហ្វហ្គានីស្ថាន ឥណ្ឌា និងប៉ាគីស្ថាន៕

ប្រែសម្រួលដោយ យូ សុធារី

XS
SM
MD
LG