ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្ត្រាលី​និង​លីទុយអានី សហការគ្នា​ប្រឆាំង​នឹង​សម្ពាធ​របស់​ចិន


រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne (ស្តាំ) និង​រដ្ឋមន្ត្រី​ការបរទេស​​ប្រទេស​លីទុយអានី​លោក Gabrielius Landsbergis ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សភា​ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃពុធ ទី9 ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne (ស្តាំ) និង​រដ្ឋមន្ត្រី​ការបរទេស​​ប្រទេស​លីទុយអានី​លោក Gabrielius Landsbergis ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សភា​ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃពុធ ទី9 ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ និង​លីទុយអានី បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​យុទ្ធសាស្ត្រ ជា​ពិសេស ការដាក់​សម្ពាធពី​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ការបរទេសប្រទេស​លីទុយអានី​លោក Gabrielius Landsbergis និងរដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នក​ស្រី Marise Payne បាន​ជួប​ពិភាក្សា​គ្នានៅ​ថ្ងៃ​ពុធ​នេះ​ នៅ​វិមាន​សភា។

ក្រុមហ៊ុននាំចេញ​របស់​អូស្ត្រាលី បានខាតបង់​ប្រាក់​រាប់​ពាន់លាន​ដុល្លារ​ដោយសារតែ​ឧបសគ្គ​ពាណិជ្ជកម្ម​ទាំង​ផ្លូវការ​ និង​មិន​ផ្លូវការជាមួយ​ចិន​ជុំវិញការធ្វើ​ជំនួញ​លើ​វិស័យ​ធ្យូង​ថ្ម ស្រា​ សាច់​គោ បង្កង​ និង​ស្រូវ​បាឡេ​ កើត​មាន​ឡើង​ស្របពេល​ដែលទំនាក់​ទំនង​រវាង​អូស្ត្រាលី​ និង​ចិន​ កំពុង​ធ្លាក់​ចុះ។

លីទុយអានី​ដែលជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ចំនួន ២ លាន ៨ សែន​នាក់ ស្ថិត​ក្នុង​តំបន់​បាល់ទិក​ ​កាលពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​ចិនខឹង​សម្បា​រ ដោយខ្លួន​បាន​យល់ព្រមឲ្យ​មាន​ការិយាល័យ​របស់​កោះតៃវ៉ាន់នៅ​ក្នុង​រដ្ឋធានី​វីលនីញូស​របស់​ខ្លួន​ដែល​ដាក់​ឈ្មោះថា តៃវ៉ាន់​ ជំនួស​ឲ្យ​ពាក្យ​ចិន​តៃប៉ិ​ ជា​ពាក្យ​ដែលត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ប្រទេស​ជា​ច្រើន​ដើម្បី​កុំ​ឲ្យប៉ះពាល់​ដល់​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ការបរទេស​លីទុយអានី​លោក Landsbergis បាន​និយាយ​ថា «អស់​ពេល​ជាយូរ​មក​ហើយដែល​អូស្ត្រាលី​បាន​ក្លាយ​ជា​ឧទាហរណ៍​មួយ​ដែល​ចិន​បាន​ប្រើប្រាស់សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ ធ្វើ​ជា​ឧបករណ៍​នយោបាយ ​ឬ​មួយ​ក៏គេ​អាច​និយាយ​បាន​ថា ធ្វើ​ជា​អាវុធ​នយោបាយ»។

លោក​បន្ថែម​ថា «ពេល​នេះ លីទុយអានី​ ក៏​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​គ្នា​នេះ​ដែរ​ ហើយ​រឿង​នេះ​ ​យើង​មិនមែន​ជា​អ្នក​ចុង​ក្រោយ​នោះ​ឡើយ»។

អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​យល់ស្រប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទស​លីទុយអានី​ អំពី​សារៈសំខាន់ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​មួយ​ចំនួន​ដែល​មាន​ទស្សនៈ​ដូច​គ្នា​ក្នុង​គោលដៅ​ដូច​គ្នា​ ដើម្បីរក្សា​នូវ​របៀប​រៀបរយ​ពាណិជ្ជកម្ម​សេរី និង​បើកចំហ តម្លាភាព សន្តិសុខ​និង​ស្ថិរភាព​ ដែល​ផ្អែក​ទៅ​លើ​គោលការណ៍​អន្តរជាតិ​ជា​ធំ។

អ្នកស្រី Payne មាន​ប្រសាសន៍​ថា «មាន​សហការីជា​ច្រើន​ដែលរដ្ឋមន្ត្រី​ការបរទេស​លីទុយអានី ​និង​រូប​ខ្ញុំ កំពុង​ធ្វើការពាក់​ព័ន្ធនឹង​រឿង​នេះ។ ខ្ញុំ​គិតថា យើង​កំពុង​បញ្ជូន​សារ​ដ៏ខ្លាំង​មួយដែលបដិសេធ​មិន​ទទួល​យក​ការបង្ខិត​បង្ខំ ​និង​អំពើ​ផ្តាច់ការ»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ​លោក Zhao Lijian បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ចិន​ ប្រកាន់ខ្ជាប់​នូវ​បទបញ្ញត្តិរបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ក្នុង​ការទាក់ទង​ជាមួយ​ប្រទេស​លីទុយអានី៕

XS
SM
MD
LG