ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​រំពឹង​ថា​កម្ពុជា​រក្សា​«តុល្យភាព»​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​


លោក ​Pablo Kang ឯកអគ្គរាជ​ទូតអូស្ត្រាលី​ប្រចាំកម្ពុជា ផ្តល់​បទសម្ភាសន៍​ជាមួយ​វីអូអ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (វីអូអេ)
លោក ​Pablo Kang ឯកអគ្គរាជ​ទូតអូស្ត្រាលី​ប្រចាំកម្ពុជា ផ្តល់​បទសម្ភាសន៍​ជាមួយ​វីអូអ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (វីអូអេ)

ប្រទេស​អូស្ត្រាលី​រំពឹងថា​កម្ពុជា​នឹងដើរ​តួនាទី​ប្រកប​ដោយ​«តុល្យភាព»​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ចាប់​ពី​ដើម​ឆ្នាំ​២០២២។​នេះ​ជា​ការ​ជំរុញ​របស់​ឯកអគ្គរាជទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា​លោក Kang Pablo។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា ​លោក Kang Pablo ​បាន​លើក​ឡើង​ថា​ក្នុង​តំណែង​ជា​ប្រធាន​អាស៊ាន​កម្ពុជា​អាច​នឹង​ពើប​ប្រទះ​នឹង​ប្រធានបទ​«ដែល​ជា​ចំណុច​នៃ​ភាព​ខុស​គ្នា​និង​ជា​ចំណុច​នៃ​ភាព​តានតឹង​ក្នុង​តំបន់»​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «កម្ពុជា​នឹង​ដើរ​តួនាទី​ដែល​នឹង​ពើប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ផង​និង​ដែល​អាច​មាន​សក្តានុពល​ទាញ​យក​រង្វាន់​ផងដែរ។​ខ្ញុំ​គិត​ថា​វា​មិន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ក្នុង​ការ​ធ្វើជា​ប្រធាន​អាស៊ាន»។​

ប្រមុខ​ការទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​រូបនេះ​បន្ត​ថា​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​រក្សា​ជំហរ​មួយ​ចំនួន​ដែល​គិត​គូរ​ពេល​កម្ពុជា​ដឹកនាំ​ជា​ប្រធាន​អាស៊ាន​និង​បន្ត​ចរចា​អំពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស​ចិន។​

លោក​បន្ថែម​ថា៖​ «យើង​មាន​ជំហរ​នឹងនរ​ទៀង​ទាត់​ក្នុង​ការ​លើក​ការពារ​ជំហរ​ថា​ជា​ឧទាហរណ៍​មាន​ការ​ចរចា​បង្កើត​នូវ​ក្រម​ប្រតិបត្តិ​មួយ​កំពុង​ប្រព្រឹត្ត​ទៅ​នា​ពេលនេះ​ដែល​សម្រាប់​អូស្ត្រាលី​វា​មាន​សារៈ​សំខាន់​ឱ្យ​យើង​គូស​បញ្ជាក់​អំពី​សេរីភាព​នាវាចរណ៍​សេរីភាព​នៃ​ការ​ហោះហើរ​ដោយ​សេរី​ពី​លើ​តំបន់​ជលមាគ៌ា​អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​សេរីភាព​ក្នុង​ការ​ប្រតិបត្តិ​សកម្មភាព​រុករក​ធនធាន​ធម្មជាតិ​ឬ​ក៏​ការ​ធ្វើ​សមយុទ្ធ​ទ័ព​ជើង​ទឹក ដែល​ទាំងនេះ​ជា​គោលដៅ​ជួរ​មុខ​របស់​យើង»។​

រូប​ឯកសារ៖ កង​នាវា​ចម្បាំងអាមេរិក Theodore Roosevelt និង​កងនាវា​ចម្បាំង Makin Island Amphibious Ready Group បើក​ឆ្លង​កាត់​សមុទ្រ​ចិនខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២១។
រូប​ឯកសារ៖ កង​នាវា​ចម្បាំងអាមេរិក Theodore Roosevelt និង​កងនាវា​ចម្បាំង Makin Island Amphibious Ready Group បើក​ឆ្លង​កាត់​សមុទ្រ​ចិនខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២១។

លោក Kang Pablo​ បន្តថា​អូស្ត្រាលី​ក៏​គិត​ថា​ប្រធាន​បទ​ទាក់​ទង​នឹង​វិបត្តិ​ក្រោយ​រដ្ឋ​ប្រហារ​ភូមា​នឹង​បន្ត​ជា​វិញ្ញាសា​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ហើយ​អូស្ត្រាលី​ស្នើ​ថា គ្រប់​ចំណុច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ទាំង​៥​ចំណុច​ត្រូវ​«អនុវត្ត​ដោយ​ពេញ​លេញ»។​

លោក​បញ្ជាក់​ថា៖​ «ក្នុង​នាម​ជា​ប្រធាន​អ្នក​ត្រូវ​ដើរ​តួនាទី​ដើម្បី​ធានា​នូវ​តុល្យភាពដើម្បី​ធានា​ផល​ប្រយោ​ជន៍​និង​មតិ​យោបល់​ជា​ធរមាន​នានាត្រូវ​បាន​គេ​ដឹង​ឮ​និង​អាច​ត្រូវ​បាន​លើក​ឡើង​អំឡុង​កិច្ចប្រជុំ​អាស៊ាន​និង​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ»។​

លោក​ ឯម សុវណ្ណារ៉ា ​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​បាន​លើក​ឡើង​ថា​បទ​ពិសោធន៍​កាល​ពីឆ្នាំ​២០១២​ដែល​កម្ពុជា​បាន​ខកខាន​ក្នុង​ការចេញ​សេចក្តី​ថ្លែង​ការណ៍រួម​បាន​ធ្វើ​ឲ្យ​សមាជិក​ប្រទេស​អាស៊ាន​ដទៃ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដល់​កម្ពុជា​ចំពោះ​ទំនោរ​លម្អៀង​ទៅ​ខាង​ភាគី​ចិន។​ ហេតុ​នេះ​លោក​ថា​កម្ពុជា​គួរ​យក​ជំហរអព្យាក្រឹត​ដែល​រក្សា​ប្រយោជន៍​និងភាព​ជា​ឯកច្ឆន្ទ​របស់​អាស៊ាន​ព្រមទាំងរក្សា​តុល្យ​ភាព​រវាងភាគី​ចិននិង​លោក​ខាងលិច។​

លោក​ថ្លែងថា៖​ «ធម្មតា​យើង​ពិបាក​បង្ហាញ​ថា​រដ្ឋ​ណា​មួយ​អព្យាក្រឹត ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ណាស់​ប៉ុន្តែ​ឥរិយា​បទ​ អាកប្ប​កិរិយា​ដែល​កម្ពុជា​ស្តែង​ចេញ​តាម​នយោបាយ​ការបរទេស​ឧទាហរណ៍​ថា​យើង​លុប​ចោល​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលីតែ​យើង​ទុក​តែ​សមយុទ្ធ​យោធា​នាគ​មាស​ជាមួយ​ចិន។ ​អ្វី​ដែល​លោក​ខាង​លិច​លើក​ឡើង​គឺ​ចង់​ឲ្យ​អាស៊ាន​រួម​ទាំង​កម្ពុជា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្មើ​គ្នា​រវាង​ចិន​និង​លោក​ខាង​លិច»។​

លោក ​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ប្រាប់​វីអូអេតាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​ (Telegram)​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​កម្ពុជា​នឹង​ខិតខំ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ានប្រកប​ដោយ​«ភាព​អព្យាក្រឹត ក្នុង​ឋានៈ​ជា​ប្រទេស​មាន​ឯករាជ្យភាព​និង​អធិបតេយ្យភាព​មួយ»​ដោយ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​និង​ភាព​មិន​ប្រាកដ​ប្រជា​នានា​ក្នុង​តំបន់។​

លោក​បញ្ជាក់​ថា៖​ «ការ​បំពេញ​តួនាទី​លក្ខណៈ​មាន​អព្យាក្រឹត​នេះមិន​ពិបាក​ទេ​ដរាប​ណាកុំ​ឲ្យ​មាន​ការ​ជ្រៀត​ជ្រែត​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ពី​សំណាក់​ប្រទេស​ណាមួយ​ជាពិសេស​ប្រទេស​មហា​អំណាច​ណា​មួយ​នោះ»។​

ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់ចាម​ដែល​ជា​ជំនួយ​របស់​ចិន​កាល​ពី​ថ្ងៃ​អង្គារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​សរសើរ​ជំនួយ​ហិរញ្ញប្បទាន​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​កម្ពុជា​ដែល​លោក​ហៅ​ថា​ជា​ជំនួយ​មាន​«ចំណុច​ពិសេស»​ដោយ​គោរព​នូវ​ការ​ចង់​បាន​របស់​កម្ពុជា។​

លោក ​ហ៊ុន សែន ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​លោក​លម្អៀង​ទៅ​ប្រទេស​ចិន​ហើយ​ចោទ​ជា​សំណួរ​ថា​បើ​លោក​មិន​ពឹង​ចិន​តើ​លោក​ពឹង​អ្នក​ណា?​ ទោះ​ជា​យ៉ាង​ណា​លោក​ប្រកាស​ថា​លោក​ក៏​ទទួល​ស្វាគមន៍​គម្រោង​កសាង​ពិភព​លោក​ឲ្យ​ប្រសើរ​ឡើង​វិញ ​(Build Better Back) ​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​ហើយ​លោក​សង្ឃឹម​ថា​កម្ពុជា​នឹង​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ពី​គំនិត​ផ្តួច​ផ្តើម​មួយ​នេះ៕​

XS
SM
MD
LG