ប្រទេសកម្ពុជានឹងចុះកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រទី២៦ខែកញ្ញានេះដើម្បីទទួលយកជនអន្តោប្រវេសន៍អន្តរជាតិដ៏ចម្រូងចម្រាស់ឲ្យស្នាក់នៅកម្ពុជា។ កិច្ចព្រមព្រៀងដែលស្ថិតក្រោមការរិះគន់ជាច្រើន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធនេះឲ្យដឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទាក់ទងទៅនឹងការទទួលយកជនភៀសខ្លួនបរទេសពីប្រទេសអូស្រ្តាលីឲ្យស្នាក់នៅកម្ពុជានោះ នឹងធ្វើឡើងរវាងលោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី។
លោកម៉ូរីសុននឹងចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាគឺពីថ្ងៃសុក្រទី២៦ដល់ថ្ងៃសៅរ៍ទី២៧ខែកញ្ញា។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ប្រទេសទាំងពីរបានពិភាក្សាគ្នានិងឯកភាពគ្នារួចរាល់លើការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសអូស្ត្រាលីឲ្យមកតាំងលំនៅថ្មីនៅកម្ពុជានេះ។
«ភាគីទាំងពីរបានព្រមព្រៀងឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាហើយ ហើយពិធីចុះហត្ថលេខានឹងធ្វើនៅថ្ងៃទី២៦ខែកញ្ញាខាងមុខនេះ»។
ប្រទេសកម្ពុជាបានទទួលរងការរិះគន់ជាអន្តរជាតិថា មានការរំលោភសិទ្ធិមនុស្សជាច្រើននិងការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ រួមទាំងការដើរថយក្រោយនៃលទ្ធិ ប្រជាធិបតេយ្យ ក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។
ដោយឡែកទាក់ទិនទៅនឹងការផ្តល់ជម្រកថ្មីដល់ជនភៀសខ្លួនបរទេសពីប្រទេសអូស្រ្តាលីឲ្យមករស់នៅប្រទេសកម្ពុជានោះ ក្រុមអង្គការសិទ្ធិមនុស្ស មន្ត្រីគណបក្សជំទាស់និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនក៏ធ្លាប់បានរិះគន់ជាចំហផងដែរ។
មានអន្តោប្រវេសន៍ខុសច្បាប់ ដែលមានជនជាតិផ្សេងៗប្រមាណ១០០០នាក់កំពុងស្ថិតក្នុងជំរំបណ្តោះអាសន្ននៅកោះ Nauru នៃប្រទេសអូស្រ្តាលី។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានប្រភពណាមួយដែលអាចបញ្ជាក់បាន ថាតើជនអន្តោប្រវេសន៍ចំនួនប៉ុន្មាននឹងត្រូវផ្តល់ជម្រកនៅកម្ពុជា។ ដំណាលគ្នានេះរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា កម្ពុជានឹងទទួលយកជនអន្តោប្រវេសន៍ណាដែលស្ម័គ្រចិត្តមករស់នៅកម្ពុជាតែប៉ុណ្ណោះ។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្តែងការសោកស្តាយចំពោះកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរអំពីជនភៀសខ្លួននេះ។
«យើងមិនទាន់ដឹងព័ត៌មានលម្អិត ថាករណីទទួលយកជនភៀសខ្លួននេះមានប៉ុន្មាននាក់? ពួកគេមានសិទ្ធិចូលជាសញ្ជាតិកម្ពុជា ឬមួយក៏ពួកគេត្រូវរង់ចាំទៅរស់នៅប្រទេសទី៣។ ការបញ្ជូនមកកម្ពុជាគឺជាការធ្វើបាបពួកគាត់ ពីព្រោះពួកគេខំគេចទៅរស់នៅអូស្រ្តាលី តែបែរជាអូស្រ្តាលីបញ្ជូនពួកគេមកកម្ពុជាដែលប្រទេសកម្ពុជាមិនមានលក្ខណៈប្រសើរសម្រាប់ពួកគេរស់នៅទេ។ សេដ្ឋកិច្ចក្រីក្រ ប្រព័ន្ធអប់រំយ៉ាប់យ៉ឺន និងប្រព័ន្ធសុខាភិបាលបរាជ័យ»។
ដោយឡែកលោកយ៉ែម បុញ្ញរិទ្ធ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សជំទាស់មិនគាំទ្រកិច្ចព្រមព្រៀងរវាងប្រទេសអូស្ត្រាលី និងកម្ពុជានេះទេ។
«ប្រសិនបើមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលខ្មែរ និងអូស្ត្រាលីនោះមែន យើងមិនគាំទ្រទេ។ កិច្ចការនេះសូម្បីតែតំណាងរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនក៏មិនមានពាក់ព័ន្ធក្នុងរឿងនេះ គឺជារឿងមួយគួរឲ្យចម្លែកដែរ»។
ពុំមានការបញ្ជាក់ជាផ្លូវការ ថាតើជនភៀសខ្លួនបរទេសក្រោមកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជាអូស្រ្តាលីនឹងមកតាំងលំនៅនៅកម្ពុជានៅពេលណា ហើយកម្ពុជានឹងផ្តល់ជម្រកដល់ពួកគេនៅទីណាពិតប្រាកដទេ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺនគ្រួសារត្រូវបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំក្នុងទីក្រុងភ្នំពេញនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ខណៈដែលកម្ពុជាយល់ព្រមទទួលយកអន្តោប្រវេសន៍បរទេសខុសច្បាប់ពីប្រទេសអូស្ត្រាលីនោះ លោក Scott Morrison រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីធ្លាប់បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្ដល់ជំនួយប្រមាណ៨០លានដុល្លារដល់កម្ពុជានៅឆ្នាំ២០១៤នេះ៕