ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និយាយថា ដំណើរការចុះបញ្ជីមុននេះ បើកឲ្យតែអ្នកដែលបានចូលក្នុងប្រទេសក្រិកនៅចន្លោះខែ មករា ឆ្នាំ ២០១៥ ទៅខែ មីនា ឆ្នាំ២០១៦ តែប៉ុណ្ណោះ។ ដំណើរការនេះទើបតែធ្វើឡើងនៅមុនពេលសហភាពអឺរ៉ុប និងប្រទេសតួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងគោលបំណងដើម្បីបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ពីប្រទេសតួកគីទៅសហភាពអឺរ៉ុប។
លោក William Spindler អ្នកនាំពាក្យរបស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិ បានអធិប្បាយថា ក្នុងចំណោមមនុស្សប្រមាណ ៤៩.០០០នាក់ មានមនុស្សជាង ១៥.៥០០នាក់នៅក្នុងដែនដីប្រទេសក្រិកបច្ចុប្បន្ននេះត្រូវបានចុះបញ្ជីជាមុនហើយ។ លោកនិយាយថា ពួកគេទទួលបានប័ណ្ណស្វែងរកសិទ្ធិជ្រកកោន ដែលមានសុពលភាពរយៈពេលមួយឆ្នាំ។ ដូច្នេះ ប័ណ្ណនេះ អាចឲ្យពួកគេស្នាក់នៅក្នុងប្រទេសក្រិកដោយស្របច្បាប់ និងទទួលបាននូវសេវាកម្មចាំបាច់។
«ការអនុវត្តនេះ នឹងជួយឲ្យរកឃើញអ្នកដែលមានសិទ្ធិជួបជុំគ្រួសារ ឬរកកន្លែងស្នាក់នៅថ្មី នៅក្នុងប្រទេសរបស់សហភាពអឺរ៉ុបដោយស្របច្បាប់។ វាក៏ជួយឲ្យយើងដឹងពីតម្រូវការចាំបាច់ណាមួយ ដើម្បីណែនាំឲ្យពួកគេទៅអង្គការដែលត្រឹមត្រូវ ដើម្បីទទួលបានជំនួយឧបត្ថម្ភ»។
លោក Spindler និយាយថា ការអនុវត្តឲ្យបានឆាប់រហ័ស និងបង្កើនទីតាំងសម្រាប់ការស្នាក់នៅថ្មីៗ គឺជាតម្រូវការចាំបាច់ ដោយសារមនុស្សដែលមានសិទ្ធិជ្រកកោននៅកន្លែងថ្មី ត្រូវបានរកឃើញកាន់តែច្រើន។ លោកបានសារភាពថារឿងនេះអាចជាកិច្ចការមួយដែលពិបាកធ្វើ។
លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសសហភាពអឺរ៉ុបចំនួន ២៤ ប្រទេស មានតែ ៨.០៩០ កន្លែងប៉ុណ្ណោះ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន។ នេះជាចំនួនចេញពីចំនួនមនុស្ស ១៦០.០០០នាក់ ដែលសហភាពអឺរ៉ុបព្រមព្រៀងនឹងផ្តល់លំនៅថ្មី នៅក្នុងខែ កញ្ញា ឆ្នាំ២០១៥។
លោក Spindler មានប្រសាសន៍បា្រប់ VOA ថា គម្រោងនេះត្រូវតែអនុវត្តឲ្យបានលឿនជាងនេះ។
«វាជារឿងសំខាន់ដែលប្រទេសកាន់តែច្រើនចេញមកផ្តល់ទីកន្លែងឲ្យពួកគេរស់នៅ ពីព្រោះប្រសិនបើមិនដូច្នេះទេ នោះគ្រោះថ្នាក់នឹងកើតឡើងដោយសារមនុស្សនៅតែជាប់ស្ទះនៅទីនោះ។ យើងកំពុងនិយាយអំពីចំនួនមនុស្សដែលមានតិចតួចតែប៉ុណ្ណោះ... ហើយយើងនិយាយអំពីសហភាពអឺរ៉ុបជារួមដែលមានចំនួនប្រជាពលរដ្ឋបញ្ចូលសរុបជាង ៥០០ លាននាក់»។
លោក Spindler និយាយថាក្នុងចំណោមអ្នកដែលបានចុះបញ្ជីជាមុនចំនួន ១៥.៥០០នាក់ គឺរួមមានទាំងកុមារដែលគ្មានសាច់ញាតិចំនួន ៦៨០នាក់ ដែលកំពុងត្រូវការការគាំពារជាពិសេស៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា