ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ Austin ​ប្រឹងប្រែង​​​ទប់​​ការ​មិន​ស្រុះស្រួល​គ្នា​​​ជាមួយ​​​សម្ព័ន្ធមិត្ត​​​អំពី​ការ​លេចធ្លាយ​​​​ឯកសារ​អំពី​អ៊ុយក្រែន


រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​លោក Boris Pistorius ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក​ Lloyd Austin ខណៈ​ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ​អំពី​បញ្ហា​អ៊ុយក្រែន​នៅ​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៣។
រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​លោក Boris Pistorius ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក​ Lloyd Austin ខណៈ​ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ​អំពី​បញ្ហា​អ៊ុយក្រែន​នៅ​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៣។

នៅ​ថ្ងៃសុក្រ​នេះ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក​ Lloyd Austin ​បាន​ប្រឹងប្រែង​ទប់ការ​មិន​ស្រុះស្រួលរវាង​ស.រ.អ.​និង​ពួក​សម្ព័ន្ធ​មិត្តខ្លួនអំពី​ការ​លេចធ្លាយ​ឯកសារ​សម្ងាត់​ស.រ.អ.​ជា​ច្រើន​ នៅ​ពេល​លោក​ជួប​ជាមួយ​ពួក​មេដឹកនាំខាង​ការពារ​ជាតិ​នៅ​ទូទាំង​ពិភពលោកដើម្បី​សម្របសម្រួល​ជំនួយ​យោធាបន្ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

ដោយ​ទទួលដឹងឮថាប្រទេស​ជាតិឯ​ទៀតៗ​បាន​តាមដាន​បញ្ហា​នេះ​យ៉ាង​ដិតដល់​លោក Austin ​បានលើក​អំពី​បញ្ហា​នេះ​នៅ​ក្នុង​សុន្ទរកថាបើក​សម័យ​ប្រជុំ​នេះ។

ការណ៍​នេះ​គូស​បញ្ជាក់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍នេះ ​ពីព្រោះ​ឯកសារ​ជាច្រើន​ក្នុង​បណ្តាឯកសារ​ទាំង​នេះដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម online ​លាតត្រដាងសេចក្តី​លម្អិត​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​ការ​ប្រគល់​អាវុធ​និង​គ្រឿង​ឧបករណ៍​ឯ​ទៀតៗ​ឱ្យ​កងកម្លាំង​អ៊ុយក្រែន​ដែលជា​បញ្ហាខាង​ស៊ើបការណ៍​សម្ងាត់​មាន​ទាក់ទិន​ជាមួយ​ក្រុម​មន្ត្រី​ខាង​ការពារ​ជាតិ​ឯទៀតៗ។

លោក Austin ​បាននិយាយ​នៅ​ពេល​ចាប់ផ្តើម​សម័យ​ប្រជុំ​មួយ​ថ្ងៃ​នៅ​ឯ​មូលដ្ឋានកងទ័ព​អាកាស Ramstein ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ថា៖ «ខ្ញុំគិតគូរ​អំពី​បញ្ហានេះ​ដោយម៉ត់ចត់​ណាស់។ ហើយ​យើង​នឹង​បន្ត​ធ្វើការ​ដោយ​ជិតស្និទ្ធ​ជាមួយ​ពួក​សម្ព័ន្ធមិត្ត​និង​ដៃគូរបស់​យើង»។

លោក​ Austin ​បាន​មាន​ប្រសាសន៍​ថា​លោក​បាន​និយាយ​ជាមួយ​ពួក​សម្ព័ន្ធមិត្ត​និង​ដៃគូ​អំពី​បញ្ហា​នេះ​ ហើយ​«ខ្ញុំ​ពេញ​ចិត្ត​នឹងសាមគ្គីភាពនិង​ការប្តេជ្ញារបស់​អស់លោក​អ្នកក្នុង​ការ​ច្រាន​ចោល​ការប្រឹងប្រែង​បំបែក​បំបាក់​យើង។ ហើយ​យើង​នឹង​មិនបណ្តោយ​ឱ្យ​មានអ្វី​បំបែកបំបាក់​ឯកភាព​យើង​ទេ»។

ការប្រជុំ​នេះ​កំណត់​ខួបមួយ​ឆ្នាំ​នៃ​ការបង្កើត​ដោយ​លោក Austin ​នូវ​ក្រុម​ទំនាក់ទំនងខាង​ការ​ការពារ​អ៊ុយក្រែន​ Ukraine Defense Contact Group។ នេះ​ជា​លើកទី​១១​ហើយ​ដែល​ពួក​មេដឹកនាំ​ខាង​ការពារ​ជាតិប្រជុំ​គ្នាដើម្បី​សម្របសម្រួលជំនួយ​ដល់​ប្រទេស​ដែល​ត្រូវ​បាន​លុកលុយ​នេះ។ ពួក​គេបាន​ប្តេជ្ញា​គាំទ្រអ៊ុយក្រែន​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំងរុស្ស៊ីទោះ​ជា​យូរ​បែប​ណា​ក៏​ដោយ។ តែ​ការលេចធ្លាយ​ឯកសារ​ទាំង​នេះ​នាំឱ្យ​មាន​កង្វល់​ច្រើន។

សម្ព័ន្ធមិត្ត​ខ្លះ​នៅក្នុង​បន្ទប់​ប្រជុំ​នោះ​ប្រហែល​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចែកចាយ​ព័ត៌មានខាង​ការ​ស៊ើបការណ៍​សម្ងាត់​និង​ព័ត៌មាន​ឯទៀតៗ​ជាមួយ​ស.រ.អ.​ដោយ​បារម្ភ​ថា​ព័ត៌មាន​ទាំង​នេះ​អាច​លេច​ឮ​ដល់​សាធារណជន។ សម្ព័ន្ធមិត្ត​ឯ​ទៀតៗ​អាចបារម្ភថា​ ស.រ.អ.​នឹងបន្ថយ​ការ​ចែកចាយព័ត៌មាន​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​ខ្លួន​ផ្ទាល់​ដែល​ទាក់ទិន​នឹង​សង្គ្រាម​នេះ ​នាំ​ឱ្យ​ពួកគេ​ទទួល​ព័ត៌មាន​តិច​ជាងមុន៕

XS
SM
MD
LG