ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​អោង​ សានស៊ូជី​​​និង​គណបក្ស​ចង់ឲ្យ​ដក​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ភូមា​


លោក​ស្រី​អោង​សានស៊ូជី​មេដឹក​នាំ​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និយាយ​ជា​មួយយុវជន​ នៅ​ការិយាល័យ​នៃ​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ទីក្រុង​ Yangon ថ្ងៃ​៨ ខែ​កុម្ភ:
លោក​ស្រី​អោង​សានស៊ូជី​មេដឹក​នាំ​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និយាយ​ជា​មួយយុវជន​ នៅ​ការិយាល័យ​នៃ​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ទីក្រុង​ Yangon ថ្ងៃ​៨ ខែ​កុម្ភ:

ហុង​កុង​៖ ​គណបក្ស​របស់​លោកស្រី​អោង​ សានស៊ូជីអំពាវនាវ​ឲ្យ​មាន​ការ​ចរចា​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ភូមា។ ​គណបក្ស​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ដែលជា​គណបក្ស​ប្រ​ឆាំង​របស់​ភូមា​ ​បាន​អំពាវនាវ​ឲ្យមាន​ការ​ចរចា​ជាមួយ​ប្រទេស​ជាតិ​លោកខាងលិច​អំពី​លទ្ធភាព​នៃ​ការ​កែប្រែ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​នេះ។

ការ​ដាក់ទណ្ឌកម្ម​នេះ​បាន​ធ្វើឡើង​ចាប់​តាំងពី​ទសវត្សរ៍១៩៩០​មក​ដើម្បីដាក់​លើ​រដ្ឋាភិបាល​យោធា​របស់​ភូមា​ចំពោះ​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ខ្លួន។​ គណបក្ស​ប្រឆាំង​ ​ដឹកនាំ​ដោយ​លោកស្រី​អោង សានស៊ូជី​ ជា​អ្នក​តំណាង​និយម​លទ្ធិ​ប្រជា​ធិបតេយ្យ​សំខាន់​ម្នាក់​របស់​ភូមា​ ​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យមាន​ការ​ពិភាក្សា​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​ហើយ​និង​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​ទៀត​ដើម្បី​កំណត់​ថា​ ​តើ​នៅពេលណា ​ស្ថានភាព​យ៉ាង​ដូចម្តេច​ ​ហើយ​ក្នុង​កាលៈទេសៈ​ណា​ដែល​ការ​ដាក់​ទណ្ឌកម្ម​នោះ​អាច​ត្រូវ​កែប្រែ។

សមាគម​ប្រទេស​ជាតិ​អាស៊ី​អគ្នេយ៍​បាន​គាំទ្រ​ការ​លុបចោល​ការដាក់​ទណ្ឌកម្ម​ទាំងនោះ​ ​ដែល​មាន​ចាប់​តាំង​ពី​ការ​ដាក់ទណ្ឌកម្ម​លក់អាវុធ​រហូត​ដល់​ការ​ហាមឃាត់​ខាង​ពាណិជ្ជ​កម្ម។

ពួក​អ្នកវិភាគ​ក្នុង​តំបន់​ខ្លះ​និយាយ​ថា​ ​ការដាក់​ទណ្ឌកម្ម​បាន​ធ្វើ​ឲ្យ​រអាក់រអួល​ដល់ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ ​ហើយ​ជំរុញ​ឲ្យ​ពួក​យោធា​ភូមា​កាន់តែ​ខិតជិត​ទៅ​ប្រទេស​ចិន។

រដ្ឋាភិបាល​ទីក្រុងប៉េកាំង​មិន​អើពើ​ដល់​ការ​ដាក់​ទណ្ឌកម្ម​នោះ​ដើម្បី​បាន​ទទួល​សម្បទាន​ពាណិជ្ជ​កម្ម​ខាង​ធនធាន​ដ៏​សម្បូរ​ ​តែ​ធ្វើ​ឲ្យ​ប្រទេស​នោះ​ក្រីក្រ​។

ក៏ប៉ុន្តែ​ ​លោក​ម៉ោង ហ៉្សានី ​(Maung Zarni)​ ជា​អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​សាកល​វិទ្យាល័យ​សាលា​សេដ្ឋកិច្ច​ឡុងដុង​ (London​ School​ of Economic)​ និយាយ​ថា​ការ​ដាក់​ទណ្ឌកម្ម​មិន​មែន​ជា​បុព្វហេតុ​នៃ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ភូមា​ទេ​។

«វា​មិនមែន​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទេ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ជីវភាព​រស់នៅ​របស់​ប្រជាពល​រដ្ឋ​ភូមា​នោះ​។ ​វា​មកពី​ក្រុម​យោធា​គ្រប់គ្រងប្រទេស​ភូមា​ដែល​បដិសេធ​មិន​ទទួលស្គាល់​ថា​ ​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ ​និង​កំណែ​ទម្រង់​ផ្សេងៗ​ទៀត​គឺ​ជា​កត្តា​ចាំបាច់​បំផុត​ ​ប្រសិន​បើ​ចង់ឲ្យ​ប្រទេស​នោះ​ជឿនលឿន»​។

ការ​ដាក់​ទណ្ឌកម្ម​ជាច្រើន​លើ​ប្រទេស​ភូមា​ក្នុង​ពេល​ជាច្រើន​នេះ​គឺ​ជាមធ្យោបាយ​មួយ​ដើម្បី​ដាក់​សម្ពាធឲ្យ​ពួក​គ្រប់គ្រង​យោធា​ធ្វើ​កំណែទម្រង់​ខាង​សិទ្ធិ​មនុស្ស​និង​នយោបាយ​។ ​ការ​ដាក់​ទណ្ឌកម្ម​របស់សហ​រដ្ឋ​អាមេរិក​ប្រឆាំង​ភូមា​អំពី​ការលក់​អាវុធបាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៩៣​ ​នៅ​ពេលនោះ​ដែរ​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​នៅ​ឆ្នាំ​១៩៩៦​។

ក្នុង​ឆ្នាំ​២០០៣​ សហ​រដ្ឋ​អាមេរិក​បាន​ហាមឃាត់​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ភូមា​ដូចជាឈើ​និង​ត្បូង​ ​ហើយនឹង​រឹតត្បិត​ការ​ផ្ទេរ​ប្រាក់​ជាមួយ​ប្រទេស​នោះ​។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ​ភូមា​បាន​បន្ត​ធ្វើ​ពាណិជ្ជ​កម្មនិង​ទាក់ទាញការ​វិនិយោគទុន​ពី​ប្រទេស​ចិន​ ​ឥណ្ឌា​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួនក្នុង​តំបន់អាស៊ី​អគ្នេយ៍​។ ​លោកស្រី​អោង​ សានស៊ូជី​ ​ហើយនឹងគណបក្សសម្ព័ន្ធភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NLD)​ កាល​ពីអតីត​កាល​បាន​យល់​ព្រម​ការ​ដាក់​ទណ្ឌកម្ម​នោះ​ ​ក៏ប៉ុន្តែ​បាន​បង្ហាញ​ថា ពួកគេ​អាច​គិត​ឡើងវិញអំពី​ជំហរ​នេះ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​នៅថ្ងៃ​អង្គារ​នេះប្រាប់​ឲ្យដឹង​ថា​ ​ការ​ដាក់​ទណ្ឌកម្ម​មិន​គួរ​លុប​ចោល​ទេ​ ​រហូត​ដល់​រដ្ឋាភិបាល​ដោះលេង​ពួក​អ្នកទោស​ជាង​២​ពាន់​នាក់​ឲ្យ​មាន​សេរីភាព​សិន​។​ លោក​ Kurt Campbell​ ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសសហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​កើត​ ​និយាយ​កាល​ពី​សប្តាហ៍មុន​ថា​ ​វា​ជា​ការ​លឿន​ពេក​សម្រាប់​សហ​រដ្ឋ​អាមេរិក​ឲ្យ​លុបចោល​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​នោះ​។

លោក​មាន​ប្រសាសន៍​ទៀត​ថា​ ​សហ​រដ្ឋ​អាមេរិកចង់ឃើញ​ការ​ធ្វើ​កំណែ​ទម្រង់​កាន់តែ​ច្រើនឡើង​ថែម​ទៀត​ពី​រដ្ឋាភិបាល​ភូមា។

លោក​ Maung Zarni ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ​ការ​ដាក់​ទណ្ឌកម្ម​ជាឧបសគ្គ​ចុង​ក្រោយ​បង្អស់​មិន​ឲ្យ​ក្រុម​យោធា​គ្រប់គ្រង​ប្រទេស​បាន​ទទួល​ភាព​ត្រឹមត្រូវ​តាមច្បាប់​ជា​អន្តរជាតិ​។ ​ក៏​ប៉ុន្តែ ​លោក​មាន​ប្រសាសន៍បន្តទៀត​ថា​ ​ពួកយោធា​ទំនង​ជា​មិន​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ឲ្យ​គេ​លុបចោល​ឧបសគ្គ​នោះ ទេ។

«ទោះបី​សុខចិត្ត​ទទួលយក​ ​ឬ​ក៏​មិន​សុខចិត្ត​ទទួលយក​ដោយ​សាធារណជនភូមា​នៅ​ក្នុង​ស្រុក​ក៏ដោយ​ ពួកគេ​លែង​ខ្វល់ខ្វាយ​តទៅ​ទៀតហើយ​ ​ហើយពួកគេ​ចង់ឲ្យសហគមន៍​អន្តរជាតិ​សុខចិត្ត​ទទួល​យក​ ​ដោយ​មិន​ចាំបាច់​ធ្វើឲ្យ​ល្អ​ប្រសើរ​ឡើង​ទាំង​ស្ថានភាព​សេដ្ឋកិច្ច​និង​សិទ្ធិ​មនុស្ស​ទេ»។

គណបក្ស​ NLD​ បាន​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩០​ ​ក៏​ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​អនុញ្ញាតឲ្យ​កាន់​អំណាច​ទេ។​ គណបក្ស​ NLD ​និង​លោកស្រី​អោង​ សានស៊ូជី​មិន​មានតួនាទី​នយោបាយ​ផ្លូវការ​ក្នុង​ប្រទេស​ភូមា​ទេ​ ​បន្ទាប់​ពី​គណបក្ស​នោះ​បាន​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ខែ​វិច្ចិកា​ ​ពីព្រោះ​ច្បាប់​បោះឆ្នោត​ត្រូវ​បាន​គណបក្ស​នោះ​ចាត់​ទុក​ថា​ មិន​ត្រឹមត្រូវ។ ​NLD ​បាន​ត្រូវ​រំលាយ​ចោល​ជា​ផ្លូវការ​លែង​ជាគណបក្ស​នយោបាយ​ហើយ។

ពួក​យោធា​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​មាន​សម្លេង​ភាគ​ច្រើន​ក្នុង​សភាថ្មី៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG