ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់​ប្រឈម​មុខ​នឹង​អនាគត​មិន​ច្បាស់​លាស់


អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​ស្តី​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា លោកស្រី Yanghee Lee ផ្តល់​របាយការណ៍​របស់​លោកស្រី​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

អ្នកស៊ើបអង្កេត​ពិសេស​លោកស្រី​ Yanghee Lee បាន​និយាយ​ថា ​នៅ​ទីនោះ​ពួកគេ​រស់នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ ហើយ​ស្ថានភាព​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​តែ​មាន​គ្រោះថ្នាក់​ខ្លាំង​ ដែល​ពួកគេ​មិន​អាច​ត្រឡប់​មក​​ប្រទេស​វិញ​បាន។

អ្នកស៊ើបអង្កេត​ពិសេស​១រូប ​ដែល​កំពុង​តែ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ព្រមាន​ថា​ ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​នេះ ​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់​ ដូច​គ្នានឹង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ារាប់សែន​នាក់​ផ្សេងទៀត​ ដែល​បាន​ភៀសខ្លួនទៅ​ក្រុង Cox’s Bazar ប្រទេស​បង់ក្លាដែស​ដោយសារ​អំពើ​ហិង្សា។ របាយការណ៍​ស៊ើបអង្កេត​នេះ​កំពុង​ត្រូវ​បាន​ពិនិត្យ​ដោយក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់អង្គការសហប្រជាជាតិ។

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជិត​ ១លាន​នាក់ ​កំពុង​រស់​នៅ​ក្នុង​ទីដ្ឋាន​ចង្អៀត និង​មាន​ស្ថានភាព​កខ្វក់ក្នុង​ក្រុង Cox’s Bazar ប្រទេស​បង់ក្លាដែស។ ពួកគេ​ភាគច្រើន​បាន​ភៀស​ខ្លួន​ទៅ​ទីនោះ​កាលពី​ខែសីហា​ ឆ្នាំ ២០១៧​ ដើម្បី​រត់គេច​ពី​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមូលផ្តុំ​គ្នា​នៅ​ផ្សារ​មួយ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមូលផ្តុំ​គ្នា​នៅ​ផ្សារ​មួយ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

អ្នកស៊ើបអង្កេត​ពិសេស​លោកស្រី​ Yanghee Lee បាន​និយាយ​ថា ​នៅ​ទីនោះ​ពួកគេ​រស់នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ ហើយ​ស្ថានភាពនៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​តែ​មាន​គ្រោះថ្នាក់​ខ្លាំង​ ដែល​ពួកគេ​មិន​អាច​ត្រឡប់​មកប្រទេស​វិញ​បាន។

លោកស្រី Lee បាន​និយាយ​ថា​ ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គ្មាន​សុវត្ថិភាព​សម្រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ដែល​កំពុង​រស់នៅ​ក្នុង​រដ្ឋ Rakhine ​ទេ។ លោក​ស្រី​បាន​និយាយ​ទៀត​ថា​ លោកស្រី​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​អំពី​អនាគត​របស់​ពួកគេ​ទាំងនោះ​ ព្រមទាំង​អនាគត​របស់​ជន​ភៀស​ខ្លួន​ដែល​រត់​ទៅ​ប្រទេស​បង់ក្លាដែស​ និង​ប្រទេស​ផ្សេង​ៗទៀត។​

លោកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​ចាប់ផ្តើម​បារម្ភ​ពី​ស្ថានភាព​របស់​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ដែល​កំពុង​តែ​កើនឡើង​នៅ​តាម​ប្រទេសនានា ​ដូចជា​ការ​ចាប់​បញ្ជូនពួករ៉ូហ៊ីងយ៉ា​ពី​ប្រទេសឥណ្ឌា ​និង​ប្រទេស​អ៉ារាប៊ីសាអូឌីត​ នាពេលថ្មីៗ​នេះ​ ព្រមទាំង​ទូក​របស់​ពួក​ជនភៀសខ្លួនដែល​មក​ដល់​ប្រទេស​ប្រទេស​ម៉ាឡេស៊ី​ កាលពី​សប្តាហ៍​មុន​ផងដែរ។ ការ​ជិះ​ទូក​ភៀស​ខ្លួន​នេះ​ គឺ​ជារឿង​ដ៏​គួរ​ឲ្យ​បារម្ភ។ វា​បង្ហាញ​ថា​ មនុស្ស​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ ដែល​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ផ្សងព្រេង​ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​ការណ៍នេះ​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​វិបត្តិ​ជនភៀសខ្លួន​ធ្វើដំណើរតាម​ទូក​កាល​ពី​ឆ្នាំ២០១៥ ហើយវាមិនត្រូវ​កើត​ឡើង​ម្តង​ទៀតទេ»។

​ស្ថានការណ៍​នេះ​បញ្ជាក់​ថា​ ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​ដែល​បាន​ចាកចេញ​ពី​ប្រទេស ​ដោយសារ​ភាព​ភ័យខ្លាច​បាត់បង់​អាយុ​ជីវិត បាន​ធ្វើ​ដំណើរ​តាម​ទូក​ពី​ឆក​សមុទ្រ​ Bengal កាលពី​ឆ្នាំ ២០១៥ គឺជា​ការ​ប្រថុយប្រថាន​មួយ។ ជនភៀសខ្លួន​ជា​ច្រើន​បាន​ជាប់​នៅ​លើ​សមុទ្រ និង​បាន​ស្លាប់​នៅ​ទីនោះ។​

លោកស្រី Lee បាន​និយាយ​ថា លោកស្រី​ក៏​ព្រួយបារម្ភ​ពី​ផែនការ​ដែល​ស្នើ​ឡើង​ដោយ​អាជ្ញាធរ​បង់ក្លាដែស​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​របស់​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ២៣.០០០ នាក់​ពី​ជំរំ​ក្នុង​ក្រុង Cox’s Bazar ទៅ​កាន់​កោះ​មួយ​នៅ​ឆក​សមុទ្រ Bengal ដែល​លោកស្រី​ខ្លាច​ថា​ វា​មិនមែន​ជា​កន្លែង​សម្រាប់​រស់នៅ។ ​

អ្នកស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ ក៏​បាន​ចោទ​អតីត​ក្រុម​មន្ត្រី​យោធា​ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​មីយ៉ាន់ម៉ា​ពី​ការ​កេង​ចំណេញពី​ការ​រុករក​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នេះ និង​បាន​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​រដ្ឋ Rakhine ដោយ​បាន​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​ថ្លៃ។

លោកស្រី​បាន​និយាយ​ថា៖

«ប្រាក់​ចំណូល​បាន​មកពី​ការ​រុករក​ធនធាន​ធម្មជាតិ​ដែលគួរ​តែប្រើប្រាស់​សម្រាប់​គាំទ្រ​ដល់​សេវា​សំខាន់ៗ​ និង​ការ​អភិវឌ្ឍ​នោះ បែរ​ជាត្រូវបាន​យក​ទៅចាយវាយ​លើក្រុម​យោធា​ និងផ្នែក​គាំទ្រ​វិស័យ​យោធា​ទៅវិញ និងបាន​ធ្វើ​ឲ្យ​អំណាច​របស់​រដ្ឋាភិបាល​ស៊ីវិល​ កំណែ​ទម្រង់​ប្រជាធិបតេយ្យ ដំណើរការ​សន្តិភាព ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​ទទួល​បាន​សិទ្ធិ មាន​ការ​ចុះ​ខ្សោយ»។

លោក Kyaw Moe Tun ​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ អ.ស.ប. បាន​ចាត់ទុក​របាយការណ៍​របស់​លោកស្រី Yanghee Lee ថា​មាន​ភាព​លម្អៀង។ លោក​បាន​ចោទ​ថា​លោកស្រី​មិន​បាន​គោរព​តាម​ក្រម​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ និង​បាន​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​នឹង​មិន​បន្ត​កិច្ចសហការ​ជាមួយ​នឹង​លោកស្រី​ត​ទៅ​ទៀត​នោះ​ទេ។

លោក​បាន​និយាយទៀត​ថា ប្រទេស​របស់​លោក​បានចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​សិទ្ធិ​មនុស្ស និង​សេដ្ឋកិច្ច។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​គួរ​តែ​ត្រូវ​ធ្វើ​ឲ្យ​បាន​លឿន និងបានបញ្ជាក់ថា ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ​ត្រូវធ្វើ​ឡើង​ ដោយ​មាន​ភាព​ថ្លៃថ្នូរ និង​សុវត្ថិភាព៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG