អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres កាលពីសប្ដាហ៍មុន បានប្រកាសតែងតាំងលោក នីកូឡាស កូមជាន (Nicholas Koumjian) សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម ដែលមានសញ្ជាតិអាមេរិកាំង ឱ្យធ្វើជាប្រធានយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលបានចេញផ្សាយកាលពីថ្ងៃទី ២ ខែមេសាឆ្នាំ ២០១៩។
យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ និងត្រូវបានស្វាគមន៍ដោយមហាសន្និបាតសហប្រជាជាតិនៅក្នុងខែធ្នូ ឆ្នាំដដែលនោះ។
សេចក្ដីរាយការណ៍ព័ត៌មានមួយចំនួនឱ្យដឹងថា យន្តការមួយនេះរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើអំពើឃោរឃៅដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តទៅលើពលរដ្ឋរ៉ូហ៊ីងយ៉ា និងជនជាតិអម្បូរភាគតិចផ្សេងៗទៀតក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក នីកូឡាស កូមជាន នឹងកាន់តំណែងជាប្រធានដំបូងគេនៃបេសកកម្មថ្មីរបស់អង្គការសហប្រជាជាតិនេះ។
លោក នីកូឡាស កូមជាន ដែលមានបទពិសោធន៍ជាង ៣៥ ឆ្នាំ ក្នុងមុខតំណែងជារដ្ឋអាជ្ញា បានបំពេញតួនាទីជាសហព្រះរាជអាជ្ញាអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (Extraordinary Chambers in the Courts of Cambodia ឬ ECCC) ដែលគេហៅជាទូទៅថាសាលាក្ដីខ្មែរក្រហម តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៣ មក។
ដោយមានបទពិសោធន៍ជិត ២០ ឆ្នាំ ក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ លោក នីកូឡាស កូមជាន ធ្លាប់ធ្វើជាមេធាវីកាត់ក្ដីនៅតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី និងតុលាការរដ្ឋនៃប្រទេសបូស្នៀ (Bosnia) និងហឺហ្សឺហ្គោវីណា (Herzegovina) ផងដែរ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោក កូមជាន មានសញ្ញាប័ត្រច្បាប់(Juris Doctorate) ពីសាកលវិទ្យាល័យ North Carolina និងសញ្ញាប័ត្រ MBA ពីសកលវិទ្យាល័យ California ក្នុងក្រុង Los Angeles សហរដ្ឋអាមេរិក ជាទីក្រុងដែលលោកធ្លាប់ធ្វើការជារដ្ឋអាជ្ញានៅទីនោះអស់រយៈពេល ២០ ឆ្នាំ មុនពេលលោកចូលប្រឡូកក្នុងឆាកអន្តរជាតិ។ នេះបើផ្អែកតាមសាលាក្ដីខ្មែរក្រហម៕