ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​យុត្តិធម៌​អាមេរិក​នឹង​ចូលខ្លួន​ឆ្លើយសំណួរ​របស់​គណៈកម្មធិការ​ព្រឹទ្ធសភា​ពាក់ព័ន្ធ​នឹង​របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller


រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក​លោក William Barr ថ្លែង​ការណ៍​ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់​រដ្ឋអាជ្ញាពិសេស​ Robert Mueller  នៅ​ក្រសួង​យុត្តិធម៌​ ក្នុង​​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩។​

លោក Barr នឹង​ជួប​ជាមួយ​នឹង​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃពុធនេះ​ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​ដល់​ទៅ​បីម៉ោង។

រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​លោក William Barr នឹង​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​សំណួរ​របស់​សភា​បន្ទាប់​ពី​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេ​ស​លោក Robert Mueller កាល​ពី​ដើម​ខែមេសា​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦។

លោក Barr នឹង​ជួប​ជាមួយ​នឹង​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃពុធនេះ​ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​ដល់​ទៅ​បីម៉ោង។

លោក Barr ប្រាកដណាស់​នឹង​ប្រឈម​នឹង​សំណួរ​អំពី​របាយការណ៍​របស់​សារព័ត៌មាន​ Washington Post ដែលបានចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃអង្គារ​ថា​លោក Muellerបាន​ផ្ញើ​លិខិត​ក៏​ដូចជា​ទូរសព្ទ​ទៅ​លោករដ្ឋមន្រ្តី​ដើម្បី​ស្នើ​សុំ​ការអនុញ្ញាត​ចេញផ្សាយ​របាយការណ៍សង្ខេប​នៃ​របាយការណ៍​ស៊ើបអង្កេត​ ដែល​ធ្វើឡើង​ដោយ​ក្រុមការងារ​របស់​លោក Mueller។ ក៏ប៉ុន្តែ​លោក Barr​ បែរ​ជា​ចេញផ្សាយ​របាយការណ៍​សង្ខេបដោយ​ខ្លួន​ឯង​ ដែល​របាយការណ៍​សង្ខេប​នោះ​មិន​បាន​បញ្ចូល​អត្ថន័យ​ពេញលេញ​នៃ​ការសន្និដ្ឋាន​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller ទេ។

ការ​ចេញ​ផ្សាយ​របាយការណ៍​សង្ខេប​ដោយ​លោករដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​នេះ​បាន​បង្ក​ឲ្យ​មាន​ការរិះគន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​ពី​សំណាក់អ្នករិះគន់​ផ្សេង​ទៀត ដែល​បាន​លើកឡើង​ថា ​របាយការណ៍​ស៊ើបអង្កេត​ដែល​មាន​ជិត ​៤០០​ទំព័រ​ត្រូវ​បាន​សង្ខេប​ជា​បួន​ទំព័រ​ដែល​សន្មត​ថា​ លោកTrump មិន​បាន​រារាំង​ដល់​ដំណើរការ​ស៊ើបអង្កេត​នេះ​ទេ​ ពីព្រោះ​ថា​លោក​មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​បទឧក្រិដ្ឋ​ជាមួយ​នឹង​ការចូលជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​ទេ។

លោក Barr ក៏​ត្រូវ​បាន​គេ​រិះគន់​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការរៀបចំ​សន្និសីទ​សារព័ត៌មាន​ ដើម្បី​ពិភាក្សា​អំពី​ការរកឃើញ​នានា​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​នៅ​ប៉ុន្មាន​ម៉ោង​មុន​នឹង​សភា​ឬ​បណ្តាញ​ផ្សព្វផ្សាយ​មាន​ឱកាស​អាន​របាយការណ៍​នេះ៕

XS
SM
MD
LG