ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​លើ​ការ​ប្រជុំ​ក្នុង​ក្រុង​កាប៊ុល​បណ្តាល​ឱ្យ​មនុស្ស​៣២​នាក់​ស្លាប់


បុរស​រង​របួស​ម្នាក់​ត្រូវ​បាន​សែង​ទៅ​ដាក់​ក្នុង​ឡាន​​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​៦ មីនា ២០២០។
បុរស​រង​របួស​ម្នាក់​ត្រូវ​បាន​សែង​ទៅ​ដាក់​ក្នុង​ឡាន​​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​៦ មីនា ២០២០។

ពួក​មន្ត្រី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ណាស់​៣២​នាក់​បាន​ស្លាប់​ហើយ​ប្រមាណ​៦០​នាក់​ទៀត​បានត្រូវរបួស​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ពួក​ជនប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ការ​ប្រមូលផ្តុំ​គ្នា​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល​ដែល​មាន​ការ​ចូល​រួម​ពី​ពួក​អ្នកនយោបាយ​ប្រឆាំង​សំខាន់ៗ។

ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា ​ការ​បាញ់​កាំភ្លើង​នេះ​បាន​ចាប់​ផ្តើម​មាន​នៅ​ពេល​លោក​ Karim Khalili​ អតីត​អនុប្រធានាធិបតី​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ពិធី​មួយ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​រំលឹក​ដល់​មរណភាព​នៃ​អ្នក​នយោបាយ​ល្បី​ឈ្មោះ​ម្នាក់​នៃ​ពួកជន​ភាគ​តិច​ Shi'ite Hazara។

គេ​បាន​ផ្សាយ​ពិធី​នេះដោយ​ផ្ទាល់​តាម​ស្ថានីយ៍​ទូរទស្សន៍​អាហ្វហ្គានីស្ថាន​ ហើយ​គេ​បាន​ឃើញ​លោក ​Khalili ​និង​ជន​ឯទៀតៗ​បាន​រត់​រក​កន្លែង​ជ្រក​នៅ​ពេល​មាន​ការ​បាញ់​កាំភ្លើង​ពី​អាគារ​មួយ​ខ្នង​កំពុង​ត្រូវ​កសាង​នៅ​ជិត​ទី​នោះ។

មានស្ត្រី​និង​កុមារ​ឋិត​នៅ​ក្នុង​ចំណោម​ពួក​ជន​ដែល​បានត្រូវ​សម្លាប់​និង​រង​របួស។ពួក​មន្ត្រី​សុខាភិបាល​បាន​ថ្លែង​ថា​ ពួក​គេ​រំពឹង​ថា​ ចំនួន​មនុស្ស​បាត់​បង់​ជីវិត​នឹង​កើន​ឡើង​ច្រើន​ជាង​មុន។

លោក ​Nasrat Rahimi​ អ្នកនាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា នៅ​ពេល​បន្ទាប់​មកកង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ បាន​បាញ់​ត​គ្នា​ជាមួយ​ពួក​អ្នក​វាយ​ប្រហារ​បី​នាក់​ហើយ​បាន​សម្លាប់​ពួក​វា​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នាច្រើន​ម៉ោង​ដើម្បី​បញ្ឈប់​ការ​ឡោម​ព័ទ្ធ​នេះ។

ពួក​រដ្ឋ​ឥស្លាម​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នេះ​ដោយ​និយាយ​ថា ​បុរស​ពីរ​នាក់​មាន​អាវុធ​ច្រើន​បាន​ធ្វើការ​សម្លាប់​រង្គាល​នេះ។ ពួក​តាលីបង់​បាន​បដិសេធ​ថា​ ពួក​គេ​គ្មាន​ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​នេះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG