ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការឧក្រិដ្ឋកម្មអន្តរជាតិលប់ចោលការចោទប្រកាន់លើប្រធានាធិបតីកេនយ៉ា


លោក​ប្រធានាធិបតី​ប្រទេស​កេនយ៉ា​ Uhuru​ Kenyatta នៅ​ឯ​​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC ក្នុង​ទីក្រុង​ឡាអេ​​នៃប្រទេស​ហូឡង់។
លោក​ប្រធានាធិបតី​ប្រទេស​កេនយ៉ា​ Uhuru​ Kenyatta នៅ​ឯ​​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC ក្នុង​ទីក្រុង​ឡាអេ​​នៃប្រទេស​ហូឡង់។

សុភាចារបុរស​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​ដក​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ពី​លោក​ប្រធានាធិបតី​ប្រទេស​កេនយ៉ា​ Uhuru​ Kenyatta​ កាល​ពី​ថ្ងៃ​សុក្រ​ យោង​ទៅ​លើ​ការខ្វះ​ភស្តុតាង។ ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​ថា​រដ្ឋាភិបាល​មិន​បាន​សហការ​ជា​មួយ​តុលាការ​ នៅ​អំឡុង​ពេល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នោះ​ ក៏មាន​អានុភាព​លើ​ការ​សម្រេច​លប់​ចោល​សំណុំរឿង​ផងដែរ។

សុភាចារបុរស​សំខាន់​ម្នាក់​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោកស្រី​ Fatou​ Bensouda បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ថា​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក Kenyatta​ មាន​ភាព​ច្បាស់លាស់​ប្រកែក​មិនបាន។ ​លោកស្រី Bensouda​ និយាយ​ថា​ រដ្ឋាភិបាល​ប្រទេស​កេនយ៉ា​បាន​បរាជ័យ​ក្នុង​ការផ្តល់​ឯកសារ​សំខាន់ៗ​ទៅ​ឲ្យ​មេធាវី​ដើម​ចោទ ដែល​ធ្វើ​ឲ្យ​ចុះខ្សោយ​ដល់​ការ​ស៊ើបអង្កេត​ និង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់ ​សំណុំ​រឿង។

លោក​ប្រធានាធិបតី​ Kenyatta​ បាន​ទទួល​ការចោទ​ប្រកាន់​អំពី​មុខនាទី​របស់​លោក​ដែល​បញ្ជាក់​ដោយ​ឥត​ភស្តុតាង​ មុន​ពេល​លោក​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ក្នុង​អំពើ​ឃោរឃៅ​រវាង​ក្រុម​ជនជាតិ​ភាគតិច​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​នៅ​ប្រទេស​កេនយ៉ា​ឆ្នាំ២០០៧​ និង​ដែល​បាន​នាំ​ឲ្យ​មនុស្ស​១,១០០​នាក់​ស្លាប់​បាត់បង់​ជីវិត។​

លោក​ William Ruto, អនុប្រធានាធិបតី​របស់​លោក​ Kenyatta​ នៅ​តែ​ប្រឈម​នឹង​ការ​ចោទប្រកាន់​នៅឯ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC​ នៅឡើយ​ ពីបទ​ឧក្រិដ្ឋកម្ម​ស្រដៀងៗ​គ្នា។​

នៅ​ក្នុង​សារ​ Twitter​ ជា​ផ្លូវការ​មួយ​ លោក​ប្រធានាធិបតី​ Kenyatta​បាន​និយាយ​ថា​ លោក​រំជួល​ចិត្ត​ចំពោះ​ព័ត៌មាន​ដែល​និយាយ​ថា​ សំណុំ​រឿង​របស់​លោកត្រូវ​បាន​ដក​ចេញ។​ លោក​បន្ថែម​នៅក្នុង​សារ​ដាច់​ដោយ​ឡែក​មួយ​និយាយ​ថា​ «មនសិការ​របស់​ខ្ញុំ​ជ្រះ​ស្រឡះ​ទាំង​ស្រុង»។​

លោក​ Apollo Mboya ប្រធាន​នីតិប្រតិបត្តិ​ នៃ​បរិស័ទ​ច្បាប់​របស់​ប្រទេស​ Kenya​មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ​ដែល​ឃើញ​សំណុំរឿង​បែកខ្ញែក​អស់។

«ពិតហើយ​ ដោយសារ​គុណភាព​នៃ​ភស្តុតាង។​ គឺវា​ច្បាស់​និង​សាមញ្ញ។ ហើយ​សុភាចារ​បុរស​បាន​និយាយ​ ហើយថា​ លោកស្រី​គ្មាន​ភស្តុតាង​ ដូច្នេះ​តើ​ឲ្យ​ពួក​គេ​ស៊ើប​អង្កេត​ពីអ្វី​ទៅ?​ រឿងនេះ​នាំឲ្យ​បរាជ័យ»។​

ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក​ Kenyatta​ បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០១២​ ប៉ុន្តែ​ករណី​បាន​ចាប់ផ្តើម​បរាជ័យ ​ដោយ​សាក្សី​បាន​ចាប់ផ្តើម​ដកថយ​ពីការ​ឲ្យ​ចម្លើយ​កសិណ​សាក្សី​ ឬ​មិនព្រម​ចូលរួម។​

បន្ទាប់​ពី​សំណើ​ឲ្យ​ពន្យាពេល​ការប្តឹង​តវ៉ា​ទៅមុខ​ទៀត កាល​ពី​សប្តាហ៍​មុន​ ក្រុម​ចៅក្រម បាន​ឲ្យ​សុភាចារបុរស​រយៈពេល​៧ថ្ងៃ​ ដើម្បី​ដក​សំណុំរឿង​ ឬ​ធ្វើការ​វិនិច្ឆ័យ​ក្តី។

ជន​រងគ្រោះ​នៃ​អំពើ​ឃៅរឃៅ​ក្រោយ​ការ​បោះឆ្នោត​នៅ​តែ​មាន​អារម្មណ៍ថា​ពួកគេ​មិនបាន​ទទួល​ភាព​យុត្តិធម៌។​

លោក​ Keffa Karuoya​ ដែលជា​អ្នក​ធ្វើការ​ជាមួយ​ក្រុម​មួយ​ ដែល​ជួយ​អ្នក​ទាំង​ឡាយ​ដែល​ផ្លាស់​ទី​កន្លែង​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ បាន​ប៉ាន់ស្មាន​ថា​ នៅ​មាន​មនុស្ស​ប្រមាណ​៤ម៉ឺន​៤ពាន់​នាក់​ រស់នៅ​ នៅក្នុង​ជំរុំ​នៅឡើយ។​ លោក​បាន​និយាយ​ថា​មនុស្ស​ជាច្រើន​បាន​បាត់បង់​ជំនឿ​ទៅលើ​ដំណើរការ​របស់​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC​ ទៅហើយ​ តាំងពី​មុន​ការចេញ​ប្រកាស​នៅ​ថ្ងៃ​សុក្រ។​

«សេចក្តី​សង្ឃឹម​របស់​ពួកគេ​បាន​រលាយ​អស់។​ ខ្ញុំបាន​និយាយ​ជាមួយ​ជន​រង​គ្រោះ​មួយ​ចំនួន។​ ពួកគេ​និយាយថា​ គេមិនអាច​មើលឃើញ​ភាព​ដែល​គួរជឿ​បាន​នៃសំណុំរឿង​នេះ»។​

លោក​ Kenyatta​ និងលោក​អនុប្រធានាធិបតី​ Ruto​ ត្រូវ​បាន​ចោទប្រកាន់ថា​បាន​នៅ​ខាង​ពួកប្រឆាំងគ្នា​នៃ​ការប្រយុទ្ធ​ពូជសាសន៍​ ប៉ុន្តែ​អ្នក​ទាំងពីរ​បាន​បង្រួប​បង្រួម​គ្នា​ នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំមុន​ ហើយ​បាន​ចេញ​សេចក្តី​អំពាវនាវ​រួម​មួយ​ដើម្បី​ច្រានចោល​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC​ ដែលជា​ផ្នែក​មួយ​នៃការ​ធ្វើ​យុទ្ធនាការ​របស់​ពួកគេ។​

សហភាព​អាហ្វ្រិក​ក៏បាន​គាំទ្រ​ការអំពាវនាវ​របស់​កេនយ៉ា​ដល់​ ICC​ ឲ្យ​លប់​ចោល​ការ​ចោទប្រកាន់​ផងដែរ​ ហើយបាន​ចោទប្រកាន់​តុលាការ​ថាមាន​គោល​បំណង​សំដៅ​ទៅ​រក​ជនជាតិ​អាហ្វ្រិក​យ៉ាង​អយុត្តិធម៌។​

ប្រែសម្រួល​ដោយ នុច សារីតា

XS
SM
MD
LG