ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាពយន្ត​ថ្មី​ពញ្ញាក់​ស្មារតី​យុវជន​ខ្មែរ​ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ


រូបឯកសារ៖ ភាពយន្តឯកសារ Angkor Awakens (Courtesy Photo)
រូបឯកសារ៖ ភាពយន្តឯកសារ Angkor Awakens (Courtesy Photo)

«ជន​វ័យក្មេង​ជំនាន់​ក្រោយ​យល់ដឹង​ច្បាស់​ពី​ការ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ ប៉ុន្តែ​ពួកគេ​មិនទាន់​ដឹង​ច្បាស់​ពី​មធ្យោបាយ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​ការ​ផ្លាស់ប្តូរ​នៅ​ឡើយ​ទេ។ ដូច្នេះ បញ្ហា​ប្រឈម​សម្រាប់​ជនជំនាន់​នេះ​ គឺ​ធ្វើការ​ទាមទារ​ជាក់លាក់ និង​មុតមាំ​ ផ្នែក​នយោបាយ​ ពី​សំណាក់​រដ្ឋាភិបាល​របស់​ពួកគេ»។

ជា​កុមារ​ម្នាក់​កើត​ក្រោយ​សម័យ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ជ្វីស​នៅ​អឺរ៉ុប និង​ក្រុម​ជនជាតិ​ភាគតិច​ដទៃ​ទៀត និង​ជា​បុគ្គល​ម្នាក់​ដែល​មាន​ចំណាប់អារម្មណ៍​ខ្ពស់​លើ​តំបន់​អាស៊ីអាគ្នេយ៍ លោក Robert H. Lieberman បាន​ព្យាយាម​បង្ហាញ​ពី​ឥទ្ធិពល​នៃ​អំពើ​ប្រល័យពូជសាសន៍​ទៅ​លើ​ជន​ជំនាន់​ក្រោយ​នៅ​កម្ពុជា។ សាស្រ្តាចារ្យ​ផ្នែក​រូបវិទ្យា​រូបនេះ​ ដែល​ចូលចិត្ត​សៀវភៅ​ប្រលោមលោក និង​សិល្បៈ​ជារួម បាន​ផលិត​ចេញ​នូវ​ភាពយន្ត​ឯកសារ​មួយ​ក្រោម​ចំណងជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា»។ ភាពយន្ត​ឯកសារ​នេះ​ផ្តោត​ជា​ចម្បង​ទៅ​លើ​ប្រទេស​មួយ​ ដែល​រើប​ឡើងវិញ​ពី​ការបាក់ស្បាត​បង្ក​ឡើង​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍។

ភាពយន្ត​ឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ Landmark E. Street Cinema ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី០៧ ខែ​ឧសភា កន្លងទៅ​នេះ ដោយ​មាន​អ្នកចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។ ក្រោយ​ពី​ការ​ចាក់​បញ្ចាំង​ ទស្សនិកជន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិជ្ជមាន​ទៅ​លើ​ភាពយន្ត​ឯកសារ​មួយ​នេះ ហើយ​លោក​ Robert H. Lieberman សង្ឃឹម​ថា នឹង​មាន​ការ​និយាយ​ពិភាក្សា​តៗ​គ្នា​ច្រើន​អំពី​ដំណើរ​រឿងរ៉ាវ​កើត​មាន​នៅ​កម្ពុជា។

រូបឯកសារ៖ លោក Robert H. Lieberman ផលិតករភាពយន្តឯកសារ Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា»។
រូបឯកសារ៖ លោក Robert H. Lieberman ផលិតករភាពយន្តឯកសារ Angkor Awakens: A Portrait of Cambodia” ដែល​ជា​ភាសា​ខ្មែរ​ថា៖ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា»។

ភាពយន្ត​ឯកសារ​ ដែល​មាន​រយៈពេល​ ៩០​នាទី​នេះ បាន​បង្ហាញ​តួអង្គ​ជា​ច្រើន​នាក់​រួម​ទាំង​យុវជន​ខ្មែរ​អាមេរិក​ អ្នកស្រាវជ្រាវ​ អ្នកសារព័ត៌មាន​ និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ផងដែរ។

​ការ​ដាក់​បញ្ចូល​នូវ​ឈុត​និយាយ​មួយ ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ដែល​កម្រ​នឹង​បង្ហាញ​វត្តមាន​ក្នុង​បទសម្ភាសន៍​ផ្ទាល់​ណា​មួយ​ជាមួយ​នឹង​ជនបរទេស គឺ​ជា​ចំណុច​មួយ​ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ លោក​ Bobby Bywater អ្នក​ត្រួតពិនិត្យ​ការ​ហោះហើររបស់ក្រុមហ៊ុន​អាកាសចរណ៍​ធំ​មួយ​នៅ​អាមេរិក។

លោក​ Bobby Bywater វ័យ ៦៨​ឆ្នាំ​ បាន​ថ្លែង​ថា៖

«ខ្ញុំ​ពិត​ជា​ចូលចិត្ត​ភាពយន្ត​ឯកសារ​មួយ​នេះ​ណាស់។ ខ្ញុំ​គិត​ថា ភាពយន្ត​នេះ​ត្រូវ​បាន​ផលិត​យ៉ាង​ល្អ។ ដំណើរ​សាច់រឿង​គឺ ទាក់ទាញ​អារម្មណ៍ ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​របស់​ប្រទេស​កម្ពុជា​ និង​ប្រជាជន​ប្រកប​ដោយ​ស្នាម​ញញឹម។ ខ្ញុំ​គិត​ថា ភាពយន្ត​នេះ​ផលិត​ឡើង​ដោយ​ត្រឹមត្រូវ និង​លម្អិត។ ហើយ​ក្នុង​នោះ​ថែម​ទាំង​មាន​ លោក​ហ៊ុន សែន​ផ្តល់​ការ​អធិប្បាយ​ គឺ​អ្វីមួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មក​មើល​ភាពយន្ត​មួយ​នេះ។ ប៉ុន្តែ​សរុប​មក​ គឺ​ជា​ភាពយន្ត​មួយ ដែល​ផលិត​បាន​ល្អ។ ខ្ញុំ​ពិតជា ចូលចិត្ត​ណាស់»។

យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ទៅ​លើ​ខ្សែផ្លូវ​ផ្គត់ផ្គង់​គ្រឿង​សម្ភារៈ ដែល​គេ​ហៅ​ថា ខ្សែ​ផ្លូវ​ហូជីមិញ ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី Richard Nixon ក្នុង​ទសវត្សរ៍​ ១៩៦០ និង​ ១៩៧០ នៅ​ទី​បំផុត​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ដែល​បាន​សម្លាប់​ប្រជាជន​កម្ពុជា​ ជិត​បី​លាន​នាក់។ នេះ​បើ​យោង​ទៅ​តាម​លោក Bobby ដែល​នៅ​ជា​និស្សិត​ម្នាក់​ អំឡុងពេល​មាន​បាតុកម្ម​នៅ​មហាវិទ្យាល័យ Kent State ដែល​គេ​ឃើញ​មាន​ហេតុការណ៍​បាញ់ប្រហារ​ទៅ​លើ​ក្រុមនិស្សិត​ ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម។ ដំណើរ​ជីវិត​របស់​ជនរងគ្រោះ​ក្នុង​សម័យ​ប៉ុល ពត​បាន​ធ្វើ​ឲ្យ​រូប​លោក​មាន​អារម្មណ៍​ក្ដុកក្ដួល​។

លោក​ Bobby Bywater វ័យ ៦៨​ឆ្នាំ​ អ្នក​ត្រួតពិនិត្យ​ការ​ហោះហើររបស់ក្រុមហ៊ុន​អាកាសចរណ៍​ធំ​មួយ​នៅ​អាមេរិក។ (រូបថតផ្តល់ដោយ​លោក Bobby Bywater)
លោក​ Bobby Bywater វ័យ ៦៨​ឆ្នាំ​ អ្នក​ត្រួតពិនិត្យ​ការ​ហោះហើររបស់ក្រុមហ៊ុន​អាកាសចរណ៍​ធំ​មួយ​នៅ​អាមេរិក។ (រូបថតផ្តល់ដោយ​លោក Bobby Bywater)

លោក Bobby បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​បាន​សិក្សា​បន្តិចបន្តួច​ដែរ​អំពី​រឿងនេះ។​ អំពី​ខ្មែរ​ក្រហម សង្រ្គាម​ដ៏​អាក្រក់​ ក៏ដូចជា​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ក្នុង​ឆ្នាំ​ ៦៩ និង៧០។ ហើយ​អាមេរិក​ក៏​មាន​ការ​ទទួលខុសត្រូវ​មួយ​ផ្នែក​ក្នុង​រឿង​នេះ​ផង​ដែរ។ ទុក្ខ​លំបាក​ដែល​ប្រជាជន​ខ្មែរ​បាន​ឆ្លងកាត់​ វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រំជួលចិត្ត​យ៉ាង​ខ្លាំង។ ការណ៍​ដែល​បាន​ឃើញ​ប្រជាជន​នៅ​តាម​ទីជនបទ​ និង​បាន​ដឹងឮ​ពី​ដំណើរ​ជីវិត​ផ្ទាល់​របស់​ពួកគេ​ ខ្ញុំ​គិត​ថា ភាពយន្ត​ឯកសារ​នេះ​អស្ចារ្យ​ណាស់»។

សម្បត្តិ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ បាន​ទាក់ទាញ​សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ Georgetown University ឲ្យ​មក​ទស្សនា​ភាពយន្ត​ឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា»។ លោក Theodore Christov ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ថែមទៀត​ពី​ការ​វិវត្ត​របប​នយោបាយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា។

សាស្រ្តាចារ្យ​ វ័យ ៤១​ឆ្នាំ​រូប​នេះ​ បាន​មាន​ប្រសាសន៍​ថា៖

«ហេតុផល​ដែល​ខ្ញុំ​មក​មើល​ភាពយន្ត​នេះ គឺ​ពីព្រោះ​ខ្ញុំ​បាន​ទៅ​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មករា។ ហើយ​ខ្ញុំ​បាន​ចាប់អារម្មណ៍​ទៅ​លើ​សម្បត្តិ​វប្បធម៌​នៅ​កម្ពុជា ដូចជា ប្រាសាទ​អង្គរវត្ត និង​កន្លែង​ដទៃ​ទៀត។ ប៉ុន្តែ​ ខ្ញុំ​មិនបាន​ដឹង​ជ្រៅជ្រះ​ពី​ស្ថានភាព​នយោបាយ​នោះ​ទេ ហើយ​ខ្ញុំ​ចង់​ដឹង​បន្ថែម​អំ​ពី​សង្គ្រាម។ នេះ​ហើយ​ជា​ចំណាប់អារម្មណ៍​ចម្បង​របស់​ខ្ញុំ ក្នុង​ការ​មក​ទស្សនា​ភាពយន្ត​នេះ»។

ជា​ជនជាតិ​ប៊ុលហ្គារី​ម្នាក់​ធ្លាប់​ឆ្លង​កាត់​របប​កុម្មុយនិស្ត លោក Theodore Christov នៅ​មាន​ការរន្ធត់ខ្លាំង​ចំពោះ​របប​ខ្មែរ​ក្រហម ដែលប្រជាជន​ខ្មែរ​សម្លាប់ជាតិសាសន៍​ខ្លួន​ឯង។

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​បាន​ទៅ​គុក​ ស២១ នៅ​ក្រុង​ភ្នំពេញ ដែល​គុក​នោះ​ ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​ក្នុង​ភាពយន្ត​ឯកសារ។ ខ្ញុំ​ជា​ ជនជាតិ​ប៊ុលហ្គារី​ម្នាក់។ យើង​ធ្លាប់​មាន​ប្រវត្តិ​ជាមួយ​របប​កុម្មុយនិស្ត និង​ភាព​ឃោរឃៅ​នៃរបប​នេះ។ វា​ពិត​ជា​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​ណាស់​ពេល​ឃើញ​អ្វីៗ​ក្នុង​ទស្សនៈ​កុម្មុយនិស្ត​និយម​ដូចនេះ។ ដូចនេះ ផ្នែក​មួយ​នៃ​ភាពយន្ត​ឯកសារ ដែល​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំងនោះ គឺ​អំពើ​ប្រល័យ​ពូជសាសន៍​ ដោយ​ខ្មែរ​ទៅ​លើ​ខ្មែរ​គ្នា​ឯង​ផ្ទាល់ ដែល​នេះ​ជា​អ្វី​មួយ​ចម្លែក​ខ្លាំង​ណាស់។ ដោយសារ​តែ​អំឡុងពេល​ប្រល័យ​ពូជសាសន៍​ដោយ​ពួក​ណាស៊ី​អាល្លឺម៉ង់​វិញ​ គឺ​អំពើ​ឃោឃៅ​បាន​ប្រព្រឹត្ត​ឡើង​ទៅ​លើ​ជនជាតិ​ជ្វីស ឬ​ជនជាតិ​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ។ ដូច្នេះ​នេះ​ជា​អ្វី​មួយ​ដែល​ប្លែក ហើយ​ជា​អ្វីមួយ​ដែល​ខ្ញុំ​មិន​សូវ​ដឹងឮ​បាន​ច្រើន​ឡើយ»។

លោក Theodore Christov សាស្រា្តចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ Georgetown University។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក Theodore Christov សាស្រា្តចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ Georgetown University។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

តាមរយៈ​ការ​ទស្សនា​ភាពយន្ត​ឯកសារ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» លោក​ Brian Eyler បាន​យល់​ដឹង​ពី​ដំណើរការ​វិវត្ត​ពី​អតីតកាល​ប្រកបដោយ​បញ្ហា​ញាំញី​មក​ដល់​បច្ចុប្បន្នកាល​ពោរពេញ​ទៅ​ដោយ​បញ្ហា​ប្រឈម​ផ្សេងៗ​សម្រាប់​ប្រជាជន​កម្ពុជា។ ប្រធាន​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson Center ដែល​មាន​ការ​ស្រាវជ្រាវ​ផ្ដោត​ខ្លាំង​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា បាន​និយាយ​ថា ភាពយន្ត​ឯកសារ​នេះ​បាន​បង្ហាញ​លម្អិត​ពី​ភាព​ឃោរឃៅ​នៃ​ការ​បង្ខំប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ទីលំនៅ​របស់​ពួកគេ​នៅ​កម្ពុជា។

លោក Brian បាន​មាន​ប្រសាសន៍​ថា៖

«អ្វី​ដែល​ខ្ញុំ​បាន​ដឹង និង​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ថា វា​ខ្សែ​វីដេអូ​ឯកសារ​ពី​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​កម្ពុជា ដូចជា បាតុកម្ម​នានា និង​ការ​វាយដំ​របស់កង​សន្តិសុខ​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បានបង្ខំ​ឲ្យ​ចាកចេញ​ពី​ដីធ្លី​របស់​ពួកគេ»។

ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​ VOA លោក Robert H. Lieberman ផលិតករ​ភាព​យន្ត​ឯកសារ​ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា»​ ក៏​បាន​សម្តែង​ទស្សនៈ​ផ្ទាល់ខ្លួន​មួយ​ចំពោះ​សង្គម​កម្ពុជា​ដោយ​និយាយ​ថា៖

«បើ​យើង​ក្រឡេក​មើល​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ យើង​ឃើញ​ថា ការ​ភ័យ​ខ្លាច​មាន​ការ​កើន​ឡើង​ជា​ថ្មី​ម្ដង​ទៀត។ មនុស្ស​គ្រប់​គ្នា​មាន​ការ​ភ័យ​ខ្លាច ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ចាប់ផ្ដើម​មាន​ភាព​ផ្ដាច់ការ​សារ​ជា​ថ្មី​ហើយ»។

លោក Joshua Cooper ប្រធាន​វិទ្យាសា្ថន​ Hawaii សម្រាប់​ការ​គាំពារ​សិទ្ធិ​មនុស្ស​ បាន​ប្រាប់​ VOA បន្ទាប់​ពី​ការ​ចាក់បញ្ចាំង​ថា ភាពយន្ត​ឯកសារ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ចោទ​នានា​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​ដែល​លោក​ទទួលស្គាល់​ផង​ដែរ​ថា មេដឹកនាំ​គណបក្ស​កាន់​អំណាច​នា​ពេល​សព្វថ្ងៃ​នៅ​តែ​រក្សា​អំណាច​ដឹកនាំ។

លោក​ Joshua បាន​មាន​ប្រសាសន៍​ថា៖

«តាម​បែប​ផែន​មួយ​ចំនួន ខ្ញុំ​គិត​ថា ជា​អកុសល​ ប្រហែល​ចាប់​តាំង​ពី​ពេល​ដែល​ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​ថត​ឡើង​ ខ្ញុំ​គិត​ថា មាន​លក្ខន្តិកៈផ្លូវ​ច្បាប់​មួយ​ចំនួនដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ឡើង​ ដែល​ពង្រឹង​ការ​កាន់​អំណាច​របស់​លោក​ហ៊ុន សែន»។

​លោក​បាន​បន្ថែម​ថា៖

«ប៉ុន្តែ​ខ្ញុំ​គិត​ថា នៅ​តែ​មាន​មនុស្ស​មួយចំនួន​បាន​ប្រមូលផ្តុំ​គ្នា ធ្វើ​យុទ្ធនាការ​គូរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ទៅ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​យុទ្ធនាការ​អហិង្សា​នានា​ ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​រឹបអូស​ដី​ធ្លី»។

ជាមួយ​នឹង​ពីរភាគបី​នៃ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្រោម​វ័យ ៣០ឆ្នាំ ប្រទេស​កម្ពុជា​ គឺ​ជា​ ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើនជាង​គេ​បង្អស់​មួយ​នៅ​អាស៊ី។ នេះ​បើយោង​ទៅ​តាម​អង្គការ​ UNDP ប្រចាំ​នៅ​កម្ពុជា។

ជួន ចិន្តា យុវជនខ្មែរ​អាមេរិកាំង​វ័យ ២៩​ឆ្នាំ គិត​ថា ភាពយន្ត​ឯកសារ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ផ្តល់​ជា​ទស្សនៈ​ស៊ីជម្រៅ​មួយ​អំពី​ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​ខ្លួន​ស្វែង​យល់​បន្ថែម​ទៀត។

យុវជន​ចិន្តា ដែល​ធ្លាប់​ជា​កុមារ​ម្នាក់​កើត​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ មុន​ពេល​មក​រស់​នៅ​សហរដ្ឋអាមេរិក​ បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា ភាព​យន្ត​ឯកសារ​នេះ​ធ្វើ​បាន​ល្អ​ក្នុង​ការ​បង្ហាញ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា នៅ​សម័យ​ខ្មែរ​ក្រហម ព្រឹត្តិការណ៍​វិវត្ត​បន្តបន្ទាប់​ដើម្បី​ឈាន​ទៅ​ដល់​សម័យកាល​នោះ និង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទៅ​ជា​ដូចនេះ។ ខ្ញុំ​គិត​ថា ភាពយន្ត​នេះ​ជា​ការ​អប់រំ​ល្អ​មួយ ដើម្បី​បង្ហាញ​ទៅ​ទស្សនិកជន​ទូទាំង​សកលលោក​ ឲ្យ​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​កម្ពុជា និង​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ពេល​ឥឡូវ​នេះ»។

ជួន ចិន្តា យុវជនខ្មែរ​អាមេរិកាំង​វ័យ ២៩​ឆ្នាំ ចិន្តា ដែល​ធ្លាប់​ជា​កុមារ​ម្នាក់​កើត​នៅ​ជំរំ​ជនភៀស​ខ្លួន។ (រូបថតផ្តល់ដោយជួន ចិន្តា)
ជួន ចិន្តា យុវជនខ្មែរ​អាមេរិកាំង​វ័យ ២៩​ឆ្នាំ ចិន្តា ដែល​ធ្លាប់​ជា​កុមារ​ម្នាក់​កើត​នៅ​ជំរំ​ជនភៀស​ខ្លួន។ (រូបថតផ្តល់ដោយជួន ចិន្តា)

យុវជន​រូប​នេះ​បាន​បន្ត​ទៀត​ថា៖

«នៅ​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ ភាពយន្ត​នេះ​គ្រាន់​តែ​បង្ហាញ​ត្រួសៗ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា យើង​ត្រូវ​ការ​ស្វែង​យល់​បន្ថែម​ទៀត​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​អំពើ​ប្រល័យ​ពូជសាសន៍ មូលហេតុ​នៅ​ពី​ចរិត​លក្ខណៈ​របស់​ប្រជាជន​សព្វថ្ងៃ មុន​ពេល​យើង​អាច​ទទួលយក​អ្វីៗ​ទាំងអស់​បាន»។

ការ​លើកឡើង​របស់​យុវជន​ចិន្តា ត្រូវ​បាន​និស្សិត​ខ្មែរមួយ​រូប​នៅ​មហាវិទ្យាល័យ Montgomery College គាំទ្រ។ យុវតី​ពិន ភូណាំ​ និយាយ​ថា នាង​មាន​អារម្មណ៍​សោកសៅ​ដូច​អ្នក​ដែល​បាន​ក្លាយ​ជា​ជនរងគ្រោះ​ពី​របបខ្មែរ​ក្រហម​ដែរ។ ទោះបី​យ៉ាង​ណា​ក៏ដោយ នាង​មាន​ក្តី​សង្ឃឹម​ខ្ពស់​សម្រាប់​ពេល​អនាគត។

យុវតី អាយុ២៥ឆ្នាំ រូប​នេះ​ បាន​និយាយ​ថា៖

«វា​ពិត​ជា​គួរ​ឲ្យ​សោក​សង្រេង​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​យល់​ដឹង​ច្រើន​ពី​ភាពយន្ត​នេះ។ ដូច​ជនវ័យក្មេង​មួយ​ចំនួន​នៅ​កម្ពុជា ខ្ញុំ​នៅ​តែ​ស្រពិចស្រពិល​អំពី​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ខ្លួន​ឯង​ផ្ទាល់»។

នាង​បាន​បន្ត​ថា៖

«ប៉ុន្តែ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​អំពី​អនាគត​ប្រទេស​កម្ពុជា។ ទោះ​បី​វា​ជា​ផ្លូវ​ដ៏​លំបាក​មួយ​ក្តី ខ្ញុំ​នៅ​តែ​ប្រាកដ​ថា នឹង​មាន​ភាព​ខុស​ប្លែក​ពី​នេះ»។

ទស្សនៈ​ប្រកប​ដោយ​សុទិដ្ឋិនិយម​នេះ​ក៏​ត្រូវ​បាន​លោក​សាស្រ្តាចារ្យ Gregory H. Stanton ប្រធាន​ស្ថាបនិក​អង្គការ Genocide Watch ប្រកាន់​យក​ផងដែរ។ លោក​យល់ថា ភាពយន្ត​ឯកសារ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ផ្តល់​ជា​ការ​ឆ្លុះបញ្ចាំង​ប្រសើរ​មួយ​អំពី​អតីតកាល ស្រប​ពេល​ដូចគ្នា​នេះ​ដែរ លោក​ក៏​ជំរុញ​ឲ្យប្រជាពលរដ្ឋ​កម្ពុជា​រៀនសូត្រ​អំពី​ប្រវត្តិសាស្រ្តរបស់​ប្រទេស​ខ្លួន។

លោក George ដែល​បាន​បង្កើត​គម្រោង​ «Cambodian Genocide» នៅ​សាកលវិទ្យាល័យ​ Yale University ក្នុង​ឆ្នាំ ១៩៨២ បាន​និយាយ​ថា៖

«ដើម្បី​ដឹង​ថា​ពួកគេ​ជា​នរណា​នោះ ប្រជាជន​ទាំងអស់​ត្រូវ​ដឹង​ពី​ប្រវត្តិសាស្រ្ត​ផ្ទាល់​របស់​ពួកគេ។ ប្រសិន​បើ​ពួកគេ​មិនដឹង​ពី​ប្រវត្តិសាស្រ្ត​ទេ​ នោះ​នឹង​មិន​មាន​ការ​ឲ្យ​តម្លៃ​ពេញលេញ​ទៅ​លើ​ ថា​តើ​ពួកគេ​ជា​នរណា​ឲ្យ​ប្រាកដ ក្នុង​ឋានៈ​ជា​ប្រជាជន​របស់​ប្រទេស​មួយ»។

លោក​សាស្រ្តាចារ្យ Theodore Christov នៃ​សាកលវិទ្យាល័យ​ Georgetown University ក៏​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​យល់ដឹង​ពី​ប្រវត្តិសាស្រ្ត​សម្រាប់ជនជំនាន់​ក្រោយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល​បោះជំហាន​ទៅ​មុខ។

លោក​សាស្រ្តាចារ្យ​បាន​ថ្លែង​ថា៖

«ប្រសិន​បើ​អ្នក​មាន​ជនវ័យក្មេង​ ដែល​មិនដឹង​ពី​ប្រវត្តិសាស្រ្ត ដែល​ឪពុក​ម្តាយ និង​ជីដូនជីតា​របស់​ពួកគេ​ មិន​អាច​ប្រាប់​ពួកគេ​ទេ ដោយសារ​តែ​ពួកគាត់​ទុក​អារម្មណ៍​ទាំង​នោះ​ក្នុង​ចិត្ត​ និង​មិន​លើក​មក​និយាយ​នោះ ខ្ញុំ​គិត​ថា វា​ជា​បញ្ហា​មួយ។ ហើយ​ដរាប​ណា​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ ប្រទេស​កម្ពុជា​មិន​អាច​រំកិល​ទៅ​មុខ​បាន​ទេ»។

សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​រូបនេះបាន​បន្ថែម​ថា៖

«លិទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ខ្ញុំ​ គឺ​មិនមែន​ផ្តោត​លើ​ការ​បង្ហាញ​ជា​សាធារណៈ និង​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ ដើម្បី​កំណែទម្រង់​នោះ​ទេ។ ពួកគេ​ត្រូវ​រៀនសូត្រ​ពី​រឿងរ៉ាវ​នៅ​អតីតកាល។ ហើយ​ផ្លូវ​តែ​មួយ​ក្នុង​ការ​សម្រេច​វា​ឲ្យ​បាន គឺ​ត្រូវមាន​ការ​ចោទសួរ​ផ្សេងៗ​អំពី​រដ្ឋាភិបាល​របស់​ពួកគេ»។

ជនជំនាន់​ក្រោយ​ ដែល​កើត​បន្ទាប់​ពី​របប​ខ្មៅ​ងងឹត​ខ្មែរក្រហម កំពុង​តែ​មាន​ការចោទ​សួរ​កាន់​តែ​ខ្លាំង ដោយសារ​តែ​ជា​បន្តបន្ទាប់​ ពួកគេ​អាច​ទទួល​បាន​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្រៅ​ពី​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដែល​ភាគច្រើន​ផ្សព្វផ្សាយ​លើកកម្ពស់​ដល់​បក្ស​កាន់​អំណាច។

លោក Sebastian Strangio អ្នកនិពន្ធ​សៀវភៅ​ «‍ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន សែន» បាន​ប្រាប់​ VOA ថា នៅ​តែ​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​សម្រាប់​ជន​វ័យក្មេង​នៅ​កម្ពុជា ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ឆ្ពោះ​ទៅ​កាន់​កំណែទម្រង់​សង្គម និង​នយោបាយ​ប្រកបដោយ​ផ្លែផ្កា​មួយ ដោយសារ​តែ​ នៅ​ដំណាក់កាល​ដំបូង ពួកគេ​ត្រូវ​ដកស្រង់​បទពិសោធន៍ និង​ចំណេះដឹង​ជា​មុន​សិន។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«ជន​វ័យក្មេង​ជំនាន់​ក្រោយ​យល់ដឹង​ច្បាស់​ពី​ការ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ ប៉ុន្តែ​ពួកគេ​មិនទាន់​ដឹង​ច្បាស់​ពី​មធ្យោបាយ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​ការ​ផ្លាស់ប្តូរ​នៅ​ឡើយ​ទេ។ ដូច្នេះ បញ្ហា​ប្រឈម​សម្រាប់​ជនជំនាន់​នេះ​ គឺ​ធ្វើការ​ទាមទារ​ជាក់លាក់ និង​មុតមាំ​ ផ្នែក​នយោបាយ​ ពី​សំណាក់​រដ្ឋាភិបាល​របស់​ពួកគេ»។

រូបឯកសារ៖ លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia»។ (សឹង សុផាត/VOA)
រូបឯកសារ៖ លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia»។ (សឹង សុផាត/VOA)

លោក Sebastian ដែល​បាន​ចូលរួម​ធ្វើ​ការ​អធិប្បាយ​ក្នុង​ភាពយន្ត​ឯកសារ «អង្គរ​ភ្ញាក់​ឡើង៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» ផង​ដែរ​នោះ ជឿជាក់​ថា យុវជន​កម្ពុជា​អាច​នាំ​មក​នូវ​កំណែទម្រង់​ជា​បន្តបន្ទាប់ តាមរយៈ​ការ​ចែករំលែក​ការ​យល់ដឹង​ពី​ការ​ទទួលខុសត្រូវ​ផ្នែក​ដឹកនាំ​ទៅ​កាន់​អ្នក​ដទៃ​ក្នុង​សង្គម​ខ្លួន។​

លោក​បាន​និយាយ​ថា៖

«ការណ៍​នេះ​នឹង​មិន​ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា​មួយ​រំពេច​ភ្នែក​នោះ​ទេ ប៉ុន្តែ​ការ​យល់ដឹង​កាន់​តែ​ច្រើន គឺ​ជា​ផ្នែក​សំខាន់​មួយ​ ក្នុង​ការ​បង្កើត​សង្គម​ប្រជាធិបតេយ្យ។ យើង​ត្រូវ​ការ​ប្រជាពលរដ្ឋ​ប្រជាធិបតេយ្យ​និយម​សិន​ មុន​នឹង​យើង​មាន​សង្គម​ប្រជាធិបតេយ្យ​មួយ»៕

XS
SM
MD
LG