ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​សមាជិក​ទៅ​បោះ​ឆ្នោត​ដើម្បី​រក្សា​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត


លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក ​រ៉ុង ឈុន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​អំពាវនាវ​ឱ្យ​សមាជិក​គណបក្ស​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ខាង​មុខ​នេះ​ ដើម្បី​អាច​រក្សា​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ បើ​ទោះ​បី​អវត្ត​មានគណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ក៏​ដោយ។​

លោក ​រ៉ុង ឈុន ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ស្រុក​ព្រៃឈរ ​ខេត្ត ​កំពង់ចាម ​ពេល​លោក​ចុះ​ទៅ​សំណេះ​សំណាល​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ដែល​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ភ្លើង​ទៀន។​

លោក​ថ្លែង​ថា​ វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ដែល​អនុម័ត​ដោយ​រដ្ឋសភា ​បាន​តម្រូវ​ឱ្យទៅ​បោះ​ឆ្នោត ​ទើប​អាច​ឈរ​ឈ្មោះឱ្យគេ​បោះ​ឆ្នោត​បាន។ ​ដូច្នេះ​លោក​ថា ​សមាជិក​ទាំង​អស់​ដែល​ជា​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត ​ត្រូវ​តែ​មាន​សិទ្ធិ​ឱ្យគេ​បោះ​ឆ្នោត​ឱ្យនៅ​ពេល​ក្រោយ​ទៀត។​

លោក​ថ្លែង​ថា៖ ​«យើង​ទៅ​បោះ​ឆ្នោត​ដើម្បី​បាន​សិទ្ធិ​មួយ​ទៀត ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត ២០២៨ ​ដូច​គ្នា​បោះ​ឆ្នោត​សកល​តំណាង​រាស្រ្ត។ ​បើ​អត់​បាន​បោះ​នៅ​ពេល​នេះ ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​ក៏​ឈរ​អត់​បាន»។​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បន្ត​ថា ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ​គឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ ដោយ​ផ្អែក​ទៅ​លើ​ឆន្ទៈ​ និង​សម្បជញ្ញៈរបស់​ខ្លួន ​ដោយ​មិន​មាន​នរណា​ម្នាក់​បង្ខិត​បង្ខំ​បាន​ឡើយ។​

លោក​បន្ថែម​ថា៖ ​«បើ​យើង​មាន​បំណង​ចង់​ឈរ​ឱ្យ​គេ​បោះ​ឆ្នោត ​យើង​ត្រូវ​ទៅ​បោះ​ហើយ​ ហើយ​បោះ​អាហ្នឹង​ទៅ​លើ​ឆន្ទៈ។ ​ចូល​ទៅ​ដល់​បន្ទប់​សម្ងាត់​គឺ​ទៅ​លើ​ឆន្ទៈ​ និង​សម្បជញ្ញៈ​របស់​បង​ប្អូន»។​

ការ​ថ្លែង​របស់​លោក​ រ៉ុង ឈុន ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​ដែល​គ្រប់​គ្រង​ទាំង​មូល​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ទាំង​ស្រុង​កាល​ពី​សប្តាហ៍​មុន ​ដែល​ច្បាប់​នេះ​នឹង​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​អ្នក​នយោបាយ​ និង​ធានា​ថា ​មន្រ្តី​គណបក្ស​ជំទាស់​នឹង​ទៅ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​ បើ​ទោះ​មិន​មាន​វត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន។​

វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត ​កំណត់​ថា​ លុះ​ត្រា​តែ​បេក្ខជន​បាន​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ដោយ​បាន​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សកល​ចំនួន​ពីរ​លើក​ចុង​ក្រោយ​ជាប់​គ្នា​ ទើប​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​បាន ​លើក​លែង​តែ​ករណី​ដែល​មិន​អាច​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នេះ​មាន​មូល​ហេតុ​ស្រប។​

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ក៏​ត្រូវបាន​កំណត់​ដូច​គ្នា​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត ​ដែល​តម្រូវ​ឱ្យ​បេក្ខជន​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជា​សកល​ពីរ​ដង​ជាប់​គ្នា ​ទើប​អាច​ឈរ​ឈ្មោះ​បាន។​

វិសោធន​កម្ម​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ពិនិត្យ​បន្ត​នឹង​ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​ ដើម្បី​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ប្រញាប់​ឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី​ ២៣ ​ខែ​កក្កដា ​ឆ្នាំ​ ២០២៣​ ខាង​មុខ។​

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។

sអតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក សម រង្ស៊ី ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«គូស​សន្លឹក​ឆ្នោត​ចោល ​គឺ​ជា​កាយ​វិការដ៏ល្អ​បំផុត​សម្រាប់​អ្នក​ស្នេហា​ជាតិ និង​អ្នក​ដែល​ស្រឡាញ់​យុត្តិធម៌។ ​ពលរដ្ឋ​ម្នាក់ៗ​ត្រូវ​ទៅ​បោះ​ឆ្នោត​គ្រប់​គ្នា។ ​បើ​យើង​មិន​ទៅ​បោះ​ឆ្នោត​ទេ ​ជន​ខិល​ខូច​នឹង​យក​ឈ្មោះ​យើង​ទៅ​ប្រើ ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដ៏​អាក្រក់​របស់​ពួក​គេ»។

កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ​ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ​គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ប្រមាណ​៦០​ម៉ឺន​សន្លឹក។​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​ អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ខ្លះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ទៅ​បោះ​ឆ្នោត​ ដោយ​សារ​បារម្ភ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​រើស​អើង​នយោបាយ ​និង​មិន​ធ្វើ​ឯកសារ​សម្រាប់​ប្រជា​ពល​រដ្ឋ ​នៅ​ពេល​ពួកគេ​ត្រូវ​ការ។​

សម្រាប់​មន្រ្តី​រាជការ ​កម្លាំង​ប្រដាប់​អាវុធ ​មាន​ប៉ូលិស ទាហាន ​ពួកគេ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ​ដើម្បី​មាន​ចង្អុល​ដៃ​ជ្រលក់​ថ្នាំ​ និង​បង្ហាញ​ថា​ ពួកគេ​មិន​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ដែល​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន ​ក្នុង​គ្រា​អវត្តមាន​គណ​បក្ស​ភ្លើង​ទៀន៕​


វីដេអូថ្មីៗបំផុត

XS
SM
MD
LG