ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​យ៉ាង​ហោចណាស់​២៧នាក់ បាន​ស្លាប់​ក្នុង​​​ការឆ្លង​ច្រក​សមុទ្រ​អង់គ្លេស


មន្ត្រី​ប៉ូលិស​ឈរ​នៅ​កំពង់ផែ​ក្រុង Calais ប្រទេស​បារាំង​​​ក្រោយ​ជន​ចំណាក​ស្រុក​យ៉ាង​ហោចណាស់​២៧​នាក់ ​ស្លាប់​​ដោយ​ការ​លង់ទឹក​ពី​ការ​ក្រឡាប់​ទូកនៅពេល​ដែល​ពួកគេ​បាន​ព្យាយាម​ឆ្លង​ដៃ​សមុទ្រ​ពី​​ប្រទេស​បារាំង​ទៅ​អង់គ្លេស។
មន្ត្រី​ប៉ូលិស​ឈរ​នៅ​កំពង់ផែ​ក្រុង Calais ប្រទេស​បារាំង​​​ក្រោយ​ជន​ចំណាក​ស្រុក​យ៉ាង​ហោចណាស់​២៧​នាក់ ​ស្លាប់​​ដោយ​ការ​លង់ទឹក​ពី​ការ​ក្រឡាប់​ទូកនៅពេល​ដែល​ពួកគេ​បាន​ព្យាយាម​ឆ្លង​ដៃ​សមុទ្រ​ពី​​ប្រទេស​បារាំង​ទៅ​អង់គ្លេស។

ជន​ចំណាក​ស្រុក​យ៉ាង​ហោចណាស់​២៧​នាក់ បាន​លង់​ទឹក​ស្លាប់កាល​ពី​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពីទូក​ដែល​ពួកគេ​ជិះ​ឆ្លង​នោះ​បាន​ក្រឡាប់​នៅពេល​ដែល​ពួកគេ​បាន​ព្យាយាម​ឆ្លង​ដៃ​សមុទ្រ​ពីប្រទេស​បារាំង​ទៅ​អង់គ្លេស។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​លោក Gerald Darmanin បាន​និយាយ​ថា មនុស្ស​៣៤​នាក់​បាន​ស្ថិត​នៅ​លើ​ទូក​នោះ។ មនុស្ស​២នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ​ម្នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ដែល​នេះ​ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​ទាក់ទិនជនចំណាក​ស្រុក​រវាង​ប្រទេស​ទាំង២។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​មិន​មាន​ការ​ពន្យល់​ណា​មួយ ក្រសួង​មហាផ្ទៃ​បារាំង បានប្រកាស​តួលេខ​អ្នកស្លាប់​សរុប​ចំនួន​២៧នាក់។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​ទីភ្នាកងារ​ព័ត៌មាន​បារាំង AFP។ គេ​នៅ​មិន​ទាន់​ដឹង​ពី​សញ្ជាតិ​របស់​ជន​ចំណាក​ស្រុក​ទាំងនោះ​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបារាំង បាន​បញ្ជាក់ថា៖ «នេះ​ជា​គ្រោះ​មហន្តរាយ​មួយ​សម្រាប់​ប្រទេស​បារាំង សម្រាប់សហភាព​អឺរ៉ុប​និង​សម្រាប់​មនុស្ស​ជាតិ​ដែល​បាន​ឃើញពី​ការ​ស្លាប់​របស់ជន​ចំណាក​ស្រុក​ទាំង​នេះ​នៅឯ​សមុទ្រ​ដោយសារ​ពួក​រត់​ពន្ធ​មនុស្ស»។

លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​រូប​នេះ បាន​បង្ហោះ​សារ​ក្នុង Twitter ថា​អ្នក​រត់​ពន្ធ​មនុស្ស​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ជន​ចំណាកស្រុក​ទាំង​នេះ។

ប៉ូលិស​បារាំង​បាន​ចាប់​ខ្លួន​មនុស្ស​៤នាក់​ដែល​សង្ស័យ​ពី​ការទាក់ទិន​ខ្លះ​នៅ​ក្នុង​ការលង់ទឹក​មនុស្ស​ស្លាប់​ហើយ​បាន​បើក​ការស៊ើប​អង្កេត​អំពី​ការស្លាប់​នេះ។

កាសែត Washington Post បាន​រាយការណ៍​ថា ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៅ​តំបន់អឺរ៉ុប​ឲ្យ​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន​ប្រសើរ​ឡើង​នូវ​បម្លាស់​ទី​របស់​ជន​ចំណាកស្រុក​ដែល​ឆ្លង​កាត់​ច្រក​សមុទ្រ​នេះ។

លោក​ប្រធានាធិបតី Macron បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «បារាំង​នឹង​មិន​អនុញ្ញាត​ឲ្យ​ច្រក​សមុទ្រ​នេះ​ក្លាយ​ទៅជា​វាល​បញ្ចុះ​សព​នោះទេ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson វិញ​បានបើក​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​ពី​ការ​ស្លាប់​របស់​ជនចំណាកស្រុក​ទាំង​នោះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង AFP

XS
SM
MD
LG