ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​​ការពារ​ជាតិ​​ថា ប៉ូឡូញ​ប្រឈម​​​នឹង​សម្ពាធ​ជន​ចំណាក​ស្រុក​ដែល​ព្យាយាម​ឆ្លង​កាត់​ពី​​​​បេឡារុស​ក្នុង​​ច្រើន​​ខែ​ទៀត


ជន​ចំណាក​ស្រុក​ប្រមូល​ផ្តុំ​​នៅ​តាម​​ព្រំដែនប្រទេស​បេឡារុស​ជាមួយ​​​​ប្រទេស​ប៉ូឡូញ​​​ ក្នុង​បំណង​ឆ្លង​​ចូល​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
ជន​ចំណាក​ស្រុក​ប្រមូល​ផ្តុំ​​នៅ​តាម​​ព្រំដែនប្រទេស​បេឡារុស​ជាមួយ​​​​ប្រទេស​ប៉ូឡូញ​​​ ក្នុង​បំណង​ឆ្លង​​ចូល​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

វិបត្តិ​ជន​ចំណាក​ស្រុក​នៅ​តាមព្រំដែន​ប្រទេស​ប៉ូឡូញ​ជាមួយ​ប្រទេស​បេឡារុស​នឹង​មាន​រយៈពេល​រាប់​ខែ​ទៅ​មុខ​ទៀត ខណៈពេល​ដែល​ក្រុម​ជន​ចំណាក​ស្រុករាប់​ពាន់​នាក់កំពុង​ជាប់​នៅ​ទី​នោះនៅ​ក្នុង​អ្វី​ដែល​សហភាព​អឺរ៉ុប​ហៅ​ថា ជា​យុទ្ធនាការ​ចាប់​ជម្រិត​ដោយ​ចេតនារបស់​រដ្ឋាភិបាលបេឡារុស។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ូឡូញ​កាល​ពី​ថ្ងៃ​ពុធ​ហើយត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ឆ្មាំការពារ​ព្រំដែន​ប៉ូឡូញ​ចំនួន​៩​នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃ​អង្គារ​ហើយ​ប៉ូឡូញ​បាន​ប្រើកាណុង​បាញ់​ទឹក​ទៅ​លើ​ក្រុមតូចៗ​នៃជន​ចំណាក​ស្រុក​ដែល​បាន​គប់​ដុំថ្ម​លើ​របង​លួស​បន្លាដែល​ខណ្ឌចែក​ព្រំដែន។ ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​បេឡារុស BELTA បាន​ផ្សាយ​ឲ្យ​ដឹង​នៅយប់​ថ្ងៃ​អង្គារ​ថា ឆ្មាំព្រំដែន​បេឡារុស បាន​ចាប់ផ្តើម​ដឹក​ជញ្ជូន​ក្រុម​ជន​ចំណាកស្រុក​មួយ​ចំនួន​ទៅ​កាន់​មណ្ឌលប្រមូល​ផ្តុំ ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​បន្ទាត់​ព្រំ​ដែនជា​មួយ​ប្រទេស​ប៉ូឡូញ។ ឆ្មាំ​ការពារ​ព្រំដែន​បេឡារុស​និង​ប៉ូឡូញ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គេ​ឃើញ​មាន​ជន​ចំណាក​ស្រុក​ប្រមាណ​ជា​២ពាន់​នាក់កំពុង​ស្ថិត​នៅ​តាម​របង​ព្រំដែនរវាង​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ។

ប្រទេសនានា​នៅ​ក្នុង​សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​មិនស្កិ​នៃ​ប្រទេស​បេឡារុស​ថា បាន​ដឹកជញ្ជូន​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​មក​កាន់​ប្រទេស​របស់​ខ្លួន​ដែល​ភាគ​ច្រើន​នៃ​ជន​ចំណាក​ស្រុក​ទាំង​នោះមក​ពីតំបន់​មជ្ឈិមបូព៌ា​ហើយ​បាន​ជំរុញ​ឲ្យ​ពួក​គេ​ឆ្លងកាត់ព្រំ​ដែន​ដោយ​ខុស​ច្បាប់​ដែល​ជាល្បិចកល​មួយ​ដើម្បី​សង​សឹកដល់​ការដាក់​ទណ្ឌកម្ម​របស់​អឺរ៉ុប​ដែល​បាន​ដាក់មក​លើ​ខ្លួន​ដែល​បាន​បង្ក្រាបក្រុម​អ្នក​ប្រឆាំង​តវ៉ាដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពេល​កន្លង​មក។

ចំណែក​បេឡារុស​វិញបាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​សហភាព​អឺរ៉ុប​មក​លើក​ខ្លួន​ថា បានបង្កើត​នូវ​វិបត្តិជន​ចំណាក​ស្រុក​នោះ​ថា ជា​រឿងមិន​សមហេតុផល ប៉ុន្តែ​បាន​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវ​តែ​លុបចោល​ទណ្ឌកម្ម​មក​លើប្រទេសរបស់​ខ្លួន ប្រសិន​បើពួក​គេ​ចង់​ធ្វើ​ការ​ដោះស្រាយបញ្ហា​នេះ។

រដ្ឋមន្រ្តី​ការពារ​ជាតិ​ប៉ូឡូញ​លោក Mariusz Blaszczak បាន​ថ្លែង​ប្រាប់​វិទ្យុ​ជាតិ​ប៉ូឡូញ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ពេល​ព្រឹក​ថា៖ «យើង​ត្រូវ​តែ​ត្រៀម​ខ្លួនព្រោះ​ស្ថានភាពនៅ​តាម​ព្រំ​ដែន​ជាមួយ​ប្រទេស​បេឡារុស​នឹង​មិនអាច​ត្រូវបាន​ដោះ​ស្រាយ​ភ្លាមៗ​នោះ​ទេ។ យើង​ត្រូវត្រៀម​ខ្លួនក្នុង​រយៈពេល​រាប់​ខែទៅ​មុខ​ទៀត​ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​មិន​មែន​រាប់​ឆ្នាំ​នោះ​ទេ»៕

XS
SM
MD
LG