ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច ១៣២ នាក់​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​នៅ​ឥណ្ឌា


ប្រជាជន​ឥណ្ឌា​នាំគ្នា​ចោមរោម​មើល​ហេតុការណ៍​បាក់ស្ពាន​នៅ​ក្រុង Morbi នៅ​ប៉ែក​ខាង​លិច​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២។
ប្រជាជន​ឥណ្ឌា​នាំគ្នា​ចោមរោម​មើល​ហេតុការណ៍​បាក់ស្ពាន​នៅ​ក្រុង Morbi នៅ​ប៉ែក​ខាង​លិច​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២។

អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៣២ នាក់​បាន​ស្លាប់ បន្ទាប់ពី​មាន​ហេតុការណ៍​បាក់​ស្ពាន​យោល​អាយុកាល​ជិត ១៥០ ឆ្នាំ​មួយ​ខ្សែ​ដែល​ទើប​ជួសជុល​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ឆ្លងកាត់​ពី​លើ​ទន្លេ Macchu នៅ​ក្នុង​រដ្ឋ Gujarat កាលពី​ថ្ងៃ​អាទិត្យ។

មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​អាជ្ញាធរ​ថា ចំនួន​អ្នក​សា្លប់​អាច​កើនឡើង​ថែម​ទៀត។

សេចក្ដី​រាយការណ៍​នានា​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ស្ពាន​យោល​មួយ​ខ្សែ​នេះ​ត្រូវ​បាន​បើក​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​កាលពី ៥ ថ្ងៃ​មុន បន្ទាប់ពី «បាន​ជួសជុល​អស់​រយៈពេល ៧ ខែ ដោយ​ក្រុមហ៊ុន​ឯកជន​មួយ» មក។ សេចក្ដី​រាយការណ៍​ទាំង​នោះ​បាន​បញ្ជាក់​ថា ស្ពាន​នេះ​មិន​ទាន់​ទទួល​បាន​លិខិត​បញ្ជាក់​អំពី​សុវត្ថិភាព​ឬ​អំពី​ស្ថានភាព​របស់​វា​ពី​រដ្ឋបាល​មូលដ្ឋាន​នៅ​ឡើយ​ទេ។

អាជ្ញាធរ​បាន​បញ្ជាក់​ថា មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ឆ្លងកាត់​ស្ពាន​នេះ​នៅ​ក្នុង​ពិធី​បុណ្យ Diwali នៃ​សាសនា​ហិណ្ឌូ​របស់​ឥណ្ឌា។

ក្រុម​សង្គ្រោះ​បន្ទាន់​និង​កង​ទាហាន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋ Gujarat នៅ​ចំ​ពេល​ដែល​ហេតុការណ៍​បាក់​ស្ពាន​នេះ​បាន​កើតឡើង បាន​និយាយ​ថា លោក​មាន «ក្តី​រន្ធត់​ជា​ខ្លាំង​ចំពោះ​សោកនាដកម្ម​នេះ» ដែល​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋ​កំណើត​របស់​លោក។ ខុទ្ទកាល័យ​របស់​លោក​បាន​ប្រកាស​ផ្តល់​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ទាំង​នោះ៕

XS
SM
MD
LG