ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា ប្រធានាធិបតី​ត្រាំ ស្តាយក្រោយ​ដែល​មិន​បាន​បង្កើន​ពន្ធគយ​កាន់​តែ​ច្រើន​ឡើង​លើ​​ប្រទេស​ចិន


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G7 ក្នុង​ក្រុង Biarritz ប្រទេស​បារាំង កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ម្សិលមិញ​ថា ​លោក ​បាន​គិត​ឡើង​វិញ​ចំពោះ​ការ​ដំឡើង​ពន្ធ​គយ​ទៅ​វិញ​ទៅមក​របស់​លោក​ជាមួយ​ចិន ​ក៏ប៉ុន្តែ ​សេតវិមាន ​បាន​ធ្វើ​ការ​បញ្ជាក់​ភ្លាមៗ​ថា ​លោក​ប្រធានាធិបតី​ចង់​និយាយ​ថា ​លោក​ស្តាយ​ណាស់ ដែល​មិន​បាន​ដំឡើង​ពន្ធគយ​ឲ្យ​ខ្ពស់​ជាង​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​ដំឡើង​នោះ​ទេ។

​កាល​ពី​សប្តាហ៍​មុន ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​របស់​មេដឹកនាំ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​ទាំង​៧ហៅកាត់​ថា G7 លោក​ប្រធានាធិបតី​ត្រាំ បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​៥រយ៥០ពាន់​លាន​ដុល្លារ​ដែល​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិកបន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និយាយ​ថា ខ្លួន​នឹង​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំ​ចេញ​របស់​សហរដ្ឋ​អាមេរិកដែល​មាន​តម្លៃ​៧៥ពាន់​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ចិន ​ដែល​ជា​ការ​សងសឹក​របស់​ចិន​នៅ​ក្នុង​ការ​យក​ពន្ធគយ​ដ៏​ខ្ពស់​កាល​ពី​ដំបូង​របស់ប្រធានា​ធិបតី​ត្រាំ។

កាល​ពី​ថ្ងៃ​អាទិត្យ នៅពេល​ដែល​លោក​ប្រធានា​ធិបតី​ត្រាំ ​ទទួល​ទាន​អាហារ​ពេលព្រឹក​ជាមួយ​លោក Boris Johnson នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ​អ្នក​យក​ព័ត៌​មាន​ម្នាក់ ​បាន​សួរ​ប្រធានា​ធិបតី​ត្រាំ​ថា តើ​លោក ​មាន​ការស្តាយ​ក្រោយ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​យក​ពន្ធគយ​ទៅ​វិញ​ទៅមក​ជាមួយ​ចិន​ដែរ​ឬ​ទេ។ លោក​ប្រធានាធិបតី​ត្រាំ ​បាន​ឆ្លើយថា «បាទ! អាច​មាន​ការ​ស្តាយ​ក្រោយ»។ លោក​ប្រធានាធិបតី​ត្រាំ ​បាន​និយាយ​ទៀត​ថា «ខ្ញុំ​បាន​គិត​ឡើង​វិញ​ពី​អ្វីៗ​គ្រប់​យ៉ាង»។

នៅពេល​ដែល​គេ​សួរ​ថា​តើ​លោក នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ​ដើម្បី​រារាំង​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​ទិញទំនិញ​របស់​ចិន​ដែរ ឬ​យ៉ាង​ណា។​ ប្រធានាធិបតី​ត្រាំ ​បាន​ឆ្លើយ​ថា «ខ្ញុំ ​មាន​សិទ្ធិ ប្រសិន​បើ​ខ្ញុំ​ចង់​ធ្វើ»។

ក៏ប៉ុន្តែ ​បន្ទាប់​មក ប្រធានាធិបតី​ត្រាំ ​បាន​អះអាង​ថា ការ​ចរចា​ពាណិជ្ជកម្ម​មាន​ដំណើរ​ការ​យ៉ាង​ល្អ​ជាមួយ​ចិន ​ហើយ​ថា ​លោក​មាន​គម្រោង​លុប​ចោល​ការគំរាម​កំហែងកាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក ​ដូចជា​ការ​ស្វះស្វែង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ចាក​ចេញ​ពី​ប្រទេស​ចិន។

ព័ត៌មាន​មក​ពី​ទីកន្លែង​សន្និសីទ​កំពូល​នៅ​ក្នុង​ប្រទេស​បារាំង បាន​ធ្វើ​ឲ្យ​មាន​ការ​បកស្រាយភ្លាមៗ​ថា ​ការ​គិត​ឡើង​វិញ​របស់​លោក​ប្រធានាធិបតី​ត្រាំ ​មាន​ន័យ​ថា លោក​សោកស្តាយ​ចំពោះ​ការ​ដំឡើង​ពន្ធគយ​លើ​ការ​នាំចេញ​ទំនិញ​របស់​ចិន​មក​កាន់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG