ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្តី​ព្រាង​ច្បាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​អនុម័ត​ដើម្បី​បញ្ជូន​ទៅ​សភា

  • គង់ សុឋានរិទ្ធ

សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​រួម​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការរៀបចំ​អង្គតុលាការ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម និងសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអជ្ញា។
គណៈរដ្ឋ​មន្ត្រី​របស់​ប្រទេស​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​គេ​រង់​ចាំ​យ៉ាង​យូរ​ចំនួន​បី​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុងគោល​ដៅ​កែទម្រង់​ប្រពន្ធ​យុត្តិ​ធម៌។ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​ការ​ច្បាប់​នៅ​ក្នុង​ស្រុកបាន​រិះគន់​ថា ច្បាប់​ទាំង​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​តុលាការ​ស្ថិត​នៅ​ក្រោម​អំណាច​រដ្ឋាភិបាល​ដដែល។ សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​រួម​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការរៀបចំ​អង្គតុលាការ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម និងសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអជ្ញា។

លោក ផៃ ស៊ីផាន រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីអធិប្បាយ​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះជា​ផ្នែក​មួយ​នៃ​គោលការណ៍​សម្រាប់​សមធម៌​ផ្នែក​យុត្តិធម៌​សង្គម។

«ច្បាប់​គោលទាំង​បី​នឹង​បង្កើត​បាន​ជាមូល​ដ្ឋាន​ដ៏​សំខាន់​នេះ​នឹង​បង្កើត​បាន​ជាមូល​ដ្ឋាន​ដ៏​សំខាន់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ​និង​និតិរដ្ឋ។ វា​មាន​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​សេវាកម្ម​យុត្តិធម៌​ដើម្បី​ធានា​ឲ្យ​សង្គម​ទទួល​បាន​យុត្តិធម៌​និង​សមធម៌»។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការរៀបចំ​អង្គតុលាការ​រួម​មាន​៩១​មាត្រា​ដដែល​ចែក​ជា​ប្រាំបីជំពូក។ សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​លើក​ពី​ការ​ធានា​អំពី​ឯករាជ្យភាព​របស់​តុលាការ​និង​ផ្តល់​យុត្តិធម៌​ដល់​រឿង​ក្តី​គ្រប់​ប្រភេទ។​

រី​ឯ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​មាន​ប្រាំមួយ​ជំពូក​និង៣១​មាត្រា។ សេចក្តីព្រាង​ច្បាប់​នេះ​ចែងថា ព្រះ​មហាក្សត្រ​ទ្រង់​គង់​ជា​ព្រះ​រាជា​ធិបតី​នៃ​ស្ថាបន​កំពូល​នេះ​និង​មាន​សមាជិក​ចំនួន​ប្រាំបួន​រូប។ សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ទាំង​អស់​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រិត្យ​និង​ត្រូវ​ស្នើ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។សេចក្តី​ព្រាង​ច្បាប់​ទី​៣​គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអជ្ញា ដែល​មាន​១១១​មាត្រា​និង​ចែកចេញ​ជា​ប្រាំ​មួយ​ជំពូក។​

មាត្រា​ទី​៦​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា ចៅ​ក្រម​និង​ព្រះរាជ​អាជ្ញា​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ឬ​ផ្នែក​រដ្ឋ​ប្បវេណី​ណា​មួយ​ដោយសារ​ការ​សម្រេច​ក្នុង​ក្រប​ខណ្ឌ​នៃ​ការងារនិង​តួនាទី​របស់​ខ្លួន​នោះ​ទេ។ មាត្រា​ទី​៧​ចែង​ថា ចៅ​ក្រម​និង​ព្រះរាជអាជ្ញា​ទាំង​អស់​ត្រូវ​ក្រោម​ក្រប​ខណ្ឌ​រដ្ឋ​បាល​កណ្តាល​នៃ​ក្រសួង​យុត្តិធម៌។

ក៏​ប៉ុន្តែ​លោក​សុខ សំអឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP)​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ជំនាញ​ច្បាប់​និងតំណាង​អង្គការ​សង្គម​ស៊ីវិល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​វិភាគ​ទាន​ក្នុង​ការ​កសាងសេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ទេ។ ​លោក សុខ សំអឿន ​បាន​រក​ឃើញ​ចំណុច​ខ្វះ​ខាត​ជាច្រើន​ដែល​គួរ​ត្រូវ​កែប្រែ។

«យើង​សង្កេត​ឃើញ​ថា ក្រសួង​យុត្តិធម៌​ដូចជា​ពន្លាត​អំណាច​ច្រើន​ហើយ​អំណាច​របស់​ព្រះ​មហា​ក្សត្រ​ថយ​ចុះ​សម្រាប់សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម»។

លោក សុខ សំអឿន ក៏​បាន​ប្រាប់​វីអូអេ​ដែរ​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គ​តុលាការ​គ្រាន់​តែ​និយាយ​ទូទៅ​មិន​ជាក់​លាក់​ពេក ដូចជា​គ្រាន់​តែ​និយាយ​ពី​តុលាការ​ពាណិជ្ជកម្ម។ ប៉ុន្តែ រចនា​សម្ព័ន្ធ​តុលាការ​មាន​បញ្ហា ដោយសារ​នៅ​ក្នុង​នោះ​គេ​កាត់​ក្តី​ដោយ​មាន​ចៅ​ក្រម​ជំនាញ​តែ​ម្នាក់ និង​មាន​ក្រុម​ប្រឹក្សា​មក​ពី​មជ្ឈដ្ឋាន​ពាណិជ្ជករ។ ដូច្នេះ​អំណាច​សម្រេច​នៅ​លើ​ពាណិជ្ជករ។

«យើង​បារម្ភ​ខ្លាច​ក្រែង​ការ​សម្រេច​ក្តី​មួយៗ​ទាក់​ទង​នឹង​រឿង​ពាណិជ្ជកម្ម​នោះ​មិន​កាត់​ក្តី​ដោយ​ច្បាប់​គឺ​កាត់​ក្តី​ដោយ​មនោសញ្ចេតនា​វិញ។ រីឯ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា​វិញ ដូចជា​មិន​សូវ​ច្បាស់​លាស់​ដែរ ប៉ុន្តែ​មាន​ការ​កែ​ប្រែ​មួយ​គឺ​ថា​ព្រះរាជ​អាជ្ញា​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ក្រសួង​យុត្តិធម៌។ ក្នុង​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជអាជ្ញា​ត្រូវ​ស្ថិត​នៅ​ក្រោម​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​ ប៉ុន្តែ​នេះ​នៅ​ក្រោម​ឧត្តម​ក្រុម​ប្រឹក្សានៃ​អង្គ​ចៅ​ក្រម​ដែរ តែ​ដូចជា​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្ទាល់​ពី​ក្រសួង​យុត្តិធម៌»។

ដោយ​ឡែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​និង​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់​មួយ​រូប​របស់​ប្រទេស​កម្ពុជា​មើល​ឃើញ​ថា អំណាច​របស់​ក្រសួង​យុត្តិធម៌នឹង​បង្ក​ហានិភ័យ​ដល់​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ។

«បើ​សិន​ជា​ខ្លឹមសារ​ដូច​ដែល​យើង​បាន​ឃើញ​គឺ​ច្បាប់​នេះ​អាក្រក់​ណាស់​សម្រាប់​កសាង​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ​យើង។ ដោយសារ​ទី១​អត់​មាន​ការ​ធានា​ឯករាជ្យ​ភាព​របស់​តុលាការ។ ទី​២​អំណាច​ដែល​ផ្តល់​ឲ្យ​ផ្នែក​នីតិ​ប្រតិបត្តិ​ជាពិសេស​ក្រសួង​យុត្តិធម៌​គ្រប់​គ្រង​តែងតាំង​និង​ដាក់​ទណ្ឌកម្ម​ចៅ​ក្រម​និង​ព្រះរាជអាជ្ញា»។

លោក សុខ សំអឿន មាន​ប្រសាសន៍​ថា «គណៈរដ្ឋ​មន្ត្រី រដ្ឋា​ភិបាល ឬ​សភា​គួរ​តែ​ស្តាប់​យោបល់​សង្គម​ស៊ីវិល​ជា​មុនៗ​នឹង​ធ្វើ​សេចក្តី​សម្រេច​ជា​ចុង​ក្រោយ»។

ឆ្លើយ​តប​មក​វិញ លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​និយាយ​ថា ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មិន​បាន​យល់​អំពី​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ទេ។

«ច្បាប់ទាំង​នេះ យើង​យក​ពង្រាង​តាម​ទំនោរ​របស់​ប្រទេស​បារាំង​ហើយ​យើង​មាន​អ្នក​ជំនាញ​ការ​មក​ចូល​រួម​ជាមួយ​ក្រសួង​យុត្តិ​ធម៌។ កាលពី​ព្រឹក​មិញ​សម្តេច ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​ជួយ​រក​មើល​ចំណុច​ដែល​ថា ក្រសួង​យុត្តិធម៌​មាន​ឥទ្ធិពល​លើ​ឧត្តម​ក្រុម​ប្រឹក្សានៃ​អង្គ​ចៅ​ក្រម។ តែ​រក​មិន​ឃើញ។​ដូច្នេះ​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ខុស​និង​មិន​ដឹង​ពី​ការណ៍ពិត»។

លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ទៀត​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋ​សភា​ដើម្បី​ពិភាក្សា​និង​អនុម័ត​នៅ​សប្តាហ៍​ក្រោយ៕
XS
SM
MD
LG