លោកថ្លែងថា លោកឃើញមានចំណុចជាច្រើនក្នុងសេចក្តីព្រាងច្បាប់ទាំងបីនោះ នៅមានការសង្ស័យថាអាចជួយឲ្យតុលាការមានឯករាជ្យភាព មានភាពយុត្តិធម៌ សម្រាប់ពលរដ្ឋគ្រប់រូប។ បញ្ហាទាំងនោះរួមមានទាំងរដ្ឋាភិបាលនៅមានឥទ្ធិពល ខ្លាំងក្នុងសេចក្តីព្រាងច្បាប់ជាពិសេសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមភាគច្រើនមកពីរដ្ឋាភិបាល អង្គព្រះមហាក្សត្រដែលត្រូវធានាឯករាជ្យភាពរបស់ តុលាការហាក់ដូចជាមិនមានអំណាច ក្រសួងយុត្តិធម៌មានអំណាចខ្លាំងដែល បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ចៅក្រម ជាពិសេសទាក់ទង នឹងការតែងតាំងដំឡើងឋានៈនិងបញ្ហាមួយចំនួនទៀត។
គណៈកម្មការសភាគ្រោងនឹងចាប់ផ្តើមសិក្សាសេចក្តីព្រាងច្បាប់ទាំងបី ទី១គឺ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំតុលាការ ទី២ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រពឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយទី៣ គឺសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា៕