ទីផ្សារភាគហ៊ុននៅទ្វីបអាស៊ីបានធ្លាក់ចុះក្នុងអំឡុងការជួញដូរនៅថ្ងៃពុធនេះ ខណៈដែលបន្តមានព័ត៌មានមិនល្អពីការរីករាលដាលនៃជំងឺកូវីដ១៩ជាសាកល។
ទីផ្សារ Nikkei នៅក្នុងប្រទេសជប៉ុនបានធ្លាក់ជាង៨៥០ពិន្ទុ ឬស្មើនឹង៤,៥%នៃតម្លៃរបស់ទីផ្សារនេះ នៅពេលបិទផ្សារខណៈដែលអ្នកវិនិយោគបារម្ភថា ចំនួនឆ្លងមេរោគកូវីដ១៩កាន់តែច្រើននៅប្រទេសជប៉ុននឹងបង្ខំឲ្យរដ្ឋាភិបាលបិទទីក្រុងតូក្យូ។
នៅតំបន់ដទៃទៀតនៃទ្វីបអាស៊ី ទីផ្សារ Hang Seng ក្នុងទីក្រុងហុងកុងបានធ្លាក់ចុះ២,៥ភាគរយនៅរសៀលថ្ងៃពុធ ខណៈដែលទៅផ្សារនៅក្រុងសៀងហៃនៃចិនដីគោកបានធ្លាក់ចុះជាងកន្លះភាគរយ
ទីផ្សារភាគហ៊ុន S&P/ASX នៅប្រទេសអូស្ត្រាលីជាទីផ្សារដែលមានការកើនឡើងតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយបានកើន៣,៥%កាលពីថ្ងៃពុធ។
ការធ្លាក់ចុះទីផ្សារភាគហ៊ុននៅអាស៊ីកាលពីថ្ងៃពុធ បណ្តាលមកពីឥទ្ធិពលនៃការធ្លាក់ចុះទីផ្សារភាគហ៊ុន Wall Street នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ដោយទីផ្សារ Dow Jones ផ្សារ S&P 500 និងផ្សារ Nasdaq សុទ្ធតែបានធ្លាក់ចុះ១ភាគរយឬលើសពីនេះ។
ការធ្លាក់ចុះផ្សារភាគហ៊ុននៅអាមេរិកនេះជាការធ្លាក់ចុះរយៈពេលបីខែខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៩៨៧មក ដោយតម្លៃផ្សារភាគហ៊ុនសរុបបានធ្លាក់ចុះ២៣%ក្នុងមួយត្រីមាស។ ទីផ្សារ S&P បានធ្លាក់ថ្លៃ២០% ដែលជាការធ្លាក់ថ្លៃក្នុងមួយត្រីមាសខ្លាំងបំផុតក្នុងរយៈពេលជាងមួយទសវត្ស៕