ការស្រាវជ្រាវកាន់តែច្រើនបន្ទោសការកើនឡើងនីវ៉ូទឹកសមុទ្រ ទៅលើការឡើងកម្ដៅផែនដី ការធ្វើទំនប់ទឹក ការបូមដីល្បាប់ចេញពីទន្លេសំខាន់ៗ និងការបាក់ស្រុតនិងរួមតូចក្នុងល្បឿនលឿននូវប្រព័ន្ធដីសណ្ដសំខាន់ៗចំនួន៧ក្នុងទ្វីបអាស៊ី ដែលលាតសន្ធឹងពីទន្លេ Indus ក្នុងប្រទេសប៉ាគីស្ថាន ទៅទន្លេ Pearl ក្នុងប្រទេសចិន។
អ្នកជំនាញនិយាយថា ការពង្រីកទីក្រុងកំពុងតែធ្វើឲ្យសម្ពាធកាន់តែកើនឡើង ដោយសារការបង្រួមដីសណ្ដនិងការបូមយកទឹកក្រោមដី។ ដីសណ្ដទាំង៧កន្លែងនេះមានទីក្រុងធំៗចំនួន១៤ក្នុងចំណោមទីក្រុងធំៗទាំង៣៣នៅទូទាំងពិភពលោក ដោយរួមទាំងទីក្រុងបាងកកផងដែរ។ ផ្នែកមួយចំនួននៃសណ្ដទាំងនេះកំពុងរួមតូចប្រមាណពីរសង់ទីម៉ែត្រក្នុងមួយឆ្នាំ។
ក្រុមអ្នកជំនាញខាងទឹកនិងអាកាសធាតុទាំងនេះបានជួបប្រជុំគ្នាកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
អ្នកជំនាញបានបន្ថែមទៀតថា ការបាត់បង់ដីសណ្ដទាំងនេះនឹងមិនត្រឹមតែធ្វើឲ្យបាត់បង់នូវប្រព័ន្ធអេកូឡូស៊ីដ៏ចម្រុះបំផុតនៅក្នុងពិភពលោកនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យជីវិតសត្វនិងរុក្ខជាតិនៅក្នុងនោះរត់ទៅតំបន់ផ្សេងក្នុងចំនួនដ៏ច្រើន បំផ្លិចបំផ្លាញដល់ដីស្រែចម្ការ និងបង្អាក់ដល់ដំណើរការរបស់មជ្ឈមណ្ឌលជំនួញដ៏មមាញឹកបំផុតមួយចំនួននៅក្នុងទ្វីបអាស៊ីផងដែរ។
ដីសណ្ដទន្លេ Pearl ដែលហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង កាត់ទីក្រុង ហុង កុង ត្រូវបានគេដាក់ឈ្មោះឲ្យថាជា «បណ្ដុំរោងចក្រពិភពលោក» ដោយសារតែនៅទីនោះ មានរោងចក្រមមាញឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រុមអ្នកព្យាករណ៍ទស្សន៍ទាយថា នៅក្នុងប្រទេស វៀតណាម មនុស្សចំនួនមួយលាននាក់នឹងត្រូវចាកចេញពីដីសណ្ដទន្លេមេគង្គ ដែលជាចានបាយនៃប្រទេសនេះ ត្រឹមឆ្នាំ២០៥០។
លោកស្រី Kavita Prakash-Mani នាយិកាអភិរក្សសកលលោកនៃអង្គការ World Wide Fund for Nature ហៅកាត់ថា WWF បានមានប្រសាសន៍ថា៖ «តំបន់ទាំងនេះគឺជាកន្លែងដែលងាយរងគ្រោះបំផុតទៅនឹងការប្រែប្រួលអាកាសធាតុ និងការប្រែប្រួលទៅលើប្រព័ន្ធទន្លេនេះ ប៉ុន្តែកន្លែងទាំងនេះក៏ជាទីតាំងដែលពលរដ្ឋជាច្រើនរស់នៅផងដែរ។ តំបន់ទាំងនេះក៏ជាតំបន់ផ្ដល់ស្បៀងអាហារដល់ពិភពលោក ដែលចិញ្ចឹមជីវិតមនុស្សជាច្រើនរាប់មិនអស់នៅតាមបណ្ដាប្រទេសដែលពឹងផ្អែកលើតំបន់ទាំងនេះផងដែរ»។
លោកស្រីបានបន្ថែមទៀតថា៖ «ដូច្នេះខណៈពេលដែលយើងមានការព្រួយបារម្ភអំពីប្រព័ន្ធអេកូឡូស៊ីដ៏ច្រើនសន្ធឹកសន្ធាប់នៅទូទាំងពិភពលោក យើងពិតជាត្រូវការការផ្ដោតជាពិសេសទៅលើប្រព័ន្ធដីសណ្ដរបស់យើង និងតំបន់ដីសើម ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីដទៃទៀតផងដែរ»។
អង្គការ WWF បានរៀបចំវេទិការយៈពេលបីថ្ងៃមួយនៅទីក្រុង បាងកក ដែលបានចាប់ផ្ដើមកាលពីថ្ងៃពុធ ទី១៦ ខែតុលា ដើម្បីជួយដល់អ្នកស្រាវជ្រាវនិងអ្នកបង្កើតគោលនយោបាយមកពីទូទាំងទ្វីបអាស៊ីឲ្យដោះស្រាយបញ្ហានេះ រៀនពីគ្នាទៅវិញទៅមក និងគិតពីវិធីសាស្ត្រថ្មីដែលល្អជាងមុន ដើម្បីសង្គ្រោះដល់ដីសណ្ដទាំងនេះ។
អង្គការការពារបរិស្ថាននិងអង្គការដទៃទៀតកំពុងតែជំរុញឲ្យគំនិតក្នុងការ «បង្កើតធម្មជាតិ» ដែលធម្មជាតិត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ដូចជាការដាំព្រៃកោងកាងដើម្បីការពារសហគមន៍តំបន់ឆ្នេរពីគ្រោះទឹកជំនន់ និងការអភិវឌ្ឍដែលស្របជាមួយនឹងស្ថានភាពធម្មជាតិនៅក្នុងពិភពលោកនេះជាដើម។
លោកស្រី Prakash-Mani បានថ្លែងថា៖ «ដូច្នេះវាមិនមែនគ្រាន់តែជាការសាងសង់ជញ្ជាំងខ្ពស់ដើម្បីកុំឲ្យទឹកចូលប៉ុណ្ណោះទេ។ វាគឺជាការស្ដារឡើងវិញនូវតំបន់ដីសើម ព្រៃកោងកាង និងទន្លេ ដើម្បីឲ្យទឹកហូរ ដែលអាចបង្កើតជាដីសណ្ដដែលយើងចង់បាន។ វាក៏ជួយបង្កើតនូវភាពរឹងមាំដែលកើតចេញពីសកម្មភាពទាំងនេះនិងផ្ដល់ការការពារដល់យើងមិនឲ្យកម្រិតទឹកសមុទ្រកើនឡើងផងដែរ។ នេះគឺជាដំណោះស្រាយដ៏ល្អបំផុតមួយរបស់យើងក្នុងចំណោមដំណោះស្រាយដ៏ល្អបំផុតនានា»។
លោក Anamitra Anurag Danda អ្នកស្រាវជ្រាវជាន់ខ្ពស់ទៅលើការប្រែប្រួលអាកាសធាតុនៃមូលនិធិ Observer Research របស់ឥណ្ឌាបានថ្លែងថា ការការពារតំបន់ដីសណ្ដមិនមែនគ្រាន់តែមានន័យថាសម្របខ្លួនទៅតាមកម្រិតទឹកសមុទ្រដែលកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវថែទាំទន្លេដែលជាប្រភពរបស់ដីសណ្ដទាំងនោះផងដែរ។
លោក Anurag Danda បានថ្លែងថា ទន្លេនិងដៃទន្លេនៃដីសណ្ដ Ganges របស់ប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃប្រព័ន្ធដីសណ្ដដ៏ធំបំផុតនៅក្នុងពិភពលោក «ត្រូវបានទប់ទឹកមិនឲ្យហូរ ធ្វើឲ្យដីល្បាប់ដែលត្រូវបង្កើតជាដីសណ្ដមិនអាចហូរទៅលើដីសណ្ដបាន»។
ចន្លោះដីសណ្ដ Ganges និងទីក្រុង Kolkata ដែលត្រូវការទឹកយ៉ាងច្រើន ត្រូវបានប្រជាពលរដ្ឋបូមយកទឹករាប់រយលានលីត្រជារៀងរាល់ថ្ងៃ។ ដីសណ្ដនេះបានបាត់បង់ដីអស់ចំនួន១៦៣០០ហិកតាក្នុងរយៈពេល៤០ឆ្នាំគិតត្រឹមឆ្នាំ២០០៩។ នេះបើយោងតាមការបញ្ជាក់របស់លោក Anurag Danda ដែលក៏ជាទីប្រឹក្សាមួយរូបដ៏អង្គការ WWF ផងដែរ។
លោកបានថ្លែងថា ការបាក់ស្រុតនិងការរួមតូចនៃដីសណ្ដនេះគឺជារឿងដែលចៀសមិនផុតនោះទេ ហើយវាមានន័យថា ត្រូវទុកពេលឲ្យតំបន់ទាំងនោះស្ដារគុណភាពរបស់ខ្លួនឡើងវិញ។
ប៉ុន្តែមិនមែនគ្រប់តំបន់ទាំងអស់អាចធ្វើដូច្នេះបាននោះទេ។
លោក Stuart Orr អ្នកជំនាញខាងទឹកស្អាតនៃអង្គការ WWF បាននិយាយថា «វាមិនមែនគ្រាន់តែស្ដារធម្មជាតិឡើងវិញប៉ុណ្ណោះទេ។ ពិតណាស់ យើងត្រូវការហេដ្ឋារចនាសម្ព័ន្ធដទៃទៀតផងដែរ។ ប៉ុន្តែយើងត្រូវតែគិតឲ្យកាន់តែឆ្លាតវៃជាងមុនអំពីវិធីដែលយើងកែប្រែប្រព័ន្ធទន្លេរបស់យើងនិងប្រព័ន្ធដីសណ្ដរបស់យើង ហើយអនុញ្ញាតឲ្យវិទ្យាសាស្ត្រថ្មីជួយយើងធ្វើការសម្រេចចិត្តនិងការវិនិយោគនានា»។
លោកស្រី Tiziana Bonapace នៃគណៈកម្មាធិការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «ប្រព័ន្ធព្រមានជាមុននិងដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដទៃទៀតអាចជួយផ្លាស់ប្ដូរស្ថានភាពនេះ ក្នុងការជួយដល់មនុស្សរាប់លាននាក់ដែលហៅតំបន់ដីសណ្ដនេះថាជាផ្ទះ ឲ្យអាចបន្ដរស់នៅតំបន់នេះប្រកបដោយសុវត្ថិភាពបាន»។
លោកស្រីនិយាយថា ការិយាល័យរបស់លោកស្រីឥឡូវនេះកំពុងតែធ្វើការនៅតាមបណ្ដាប្រទេសនៅអាស៊ីចំនួន១៥ ដើម្បីលើកកម្ពស់ការព្យាករណ៍អំពីទឹកជំនន់នៃប្រព័ន្ធដីសណ្ដGanges-Brahmaputra-Meghna ដែលបានបង្កើនការយកចិត្តទុកដាក់អំពីតម្រូវការនៃការសហការគ្នារវាងប្រទេសនីមួយៗ។
លោក Seri Suptharathit នៃមជ្ឈមណ្ឌលសិក្សាអំពីការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្ដរាយនៃសាកលវិទ្យាល័យ Rangsit ប្រទេសថៃ បាននិយាយថា រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងនោះក៏ត្រូវខិតខំធ្វើការឲ្យខ្លាំងក្លាជាងមុនក្នុងការគិតអំពីបញ្ហានេះនិងដំណោះស្រាយរបស់វា ជាពិសេសគិតដល់កូនចៅជំនាន់ក្រោយ មិនមែនគិតត្រឹមតែក្នុងអាណត្តិបោះឆ្នោតរបស់ខ្លួននោះទេ។
លោកបានថ្លែងបន្ថែមទៀតថា៖ «នយោបាយគិតត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះគឺត្រូវគិតដល់រាប់សិបឆ្នាំទៅមុខទៀត។ តើយើងត្រូវឲ្យពួកគេគិតដល់អនាគតដោយរបៀបណាសម្រាប់កូនចៅជំនាន់ក្រោយ?»
លោក Seri បានយកការពិតមកនិយាយបែបកំប្លែងថា៖ «ប្រសិនបើពួកគេបរាជ័យក្នុងដោះស្រាយបញ្ហានេះ នោះភ្ញៀវដែលមកចូលរួមក្នុងវេទិកាស្ដីពីការបាក់ស្រុតនិងការរួមតូចដីសណ្ដនៅទ្វីបអាស៊ី ដែលប្រារព្ធឡើងក្នុងទីក្រុងបាងកកនេះ ក្នុងរយៈពេល៣០ឬ៤០ឆ្នាំខាងមុខ ប្រហែលជាត្រូវធ្វើដំណើរមកដោយជិះទូកហើយ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា