ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ៖ កុមារ​កម្ពុជា​អាច​នឹង​រងគ្រោះ​កាន់​តែ​ច្រើន​ក្រោយ​អាស៊ាន​២០១៥


ទង់ជាតិ​នៃ​ប្រទេសចូល​រួម​កិច្ច​ប្រជុំអាស៊ាន​និង​​នៃ​គូពាណិជ្ជកម្ម​អាស៊ីប៉ាស៊ីហ្វិក(២០ខែវិច្ឆិកាឆ្នាំ២០១២)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​កុមារព្រមាន​ថា កុមារ​ក្រីក្រ​នៅ​កម្ពុជា​ជាពិសេស​ក្មេង​ស្រី​ទំនងជានឹង​ប្រឈម​នឹង​បញ្ហា​អាជីវកម្មផ្លូវ​ភេទ​ឬការ​បំពានផ្សេង​ៗ​កាន់តែ​ច្រើន​នៅពេល​ដែលប្រទេស​ក្នុង​តំបន់​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចនៅ​ឆ្នាំ​២០១៥។​

​ការ​លើក​ឡើង​បែប​នេះ​ស្រប​ពេល​ដែល​របាយការណ៍​ថ្មីមួយ​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម(​United ​Nations ​on ​Drugs ​and ​Crime)ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​រក​ឃើញ​ថាស្ថានភាព​នៃ​ការ​ជួញដូរផ្លូវ​ភេទ​លើ​កុមារអាច​នឹង​កាន់​តែ​អាក្រក់​នៅ​ពេល​ប្រទេស​ទាំង​១០​របស់អាស៊ានធ្វើ​សមាហរណកម្ម​នៅចុង​ឆ្នាំ​ក្រោយ​នេះ​ហើយ​ក្រុ​ម​ឧក្រិដ្ឋ​ជន​នឹង​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើស​លើ​កុមារនៅ​ពេលនោះ​ដែរ។

​ការ​ទស្សទាយ​នេះ​ដោយ​សំអាង​លើសមត្ថភាព​របស់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ក្នុង​ប្រទេស​នីមួយៗ​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​ស្រី​លឹម​ មុន្នី​ អនុ​ប្រធាន​កម្មវិធី​ស្ត្រីនិង​កុមារប្រចាំ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាហុក​(Adhoc)​យល់​ស្រប​នឹង​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ UNODC​នេះ។

​«ដោយ​សារ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​នៅក្នុងប្រទេស​កម្ពុជា​វា​នៅ​មាន​កម្រិត​ខ្សោ​យ​នៅ​ឡើយ​ដើម្បី​ការការពារ​កុមារ ​អីចឹង​នៅ​ពេល​អនាគត​បើ​មាន​គម្រោង​សមាហរកម្មខ្ញុំ​គិតថាចំនួន​រឹតតែ​កើន»។

​អនុប្រធានកម្មវិធី​រូប​នេះលើក​ឡើង​ថា​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ដែល​កុមារជា​ពិសេស​ក្មេង​ស្រី​អាច​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ ជួញ​ដូរដោយសារ​កម្រិត​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​ទន់​ខ្សោយ។​

​ម្យ៉ាង​វិញ​ទៀត​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​មួយ​ចំនួន​ធំ​ខ្វះខាត​ជំនាញ​ និងថវិកា​សម្រាប់​ការ​ចុះ​អនុវត្តន៍​កិច្ចការ​ដើម្បី​តាមដាន​ និង​ទប់​ស្កាត់​បទល្មើសនៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទលើ​កុមារ។

​លោក​មាស​ សំណាង​ អគ្គលេខាធិការ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ​

(NGOCRC)​ព្រួយ​បារម្ភថា​កុមារ​កម្ពុជាអាច​ក្លាយជា​ចំណុច​ស៊ីប​នៃ​ការរង​គ្រោះ​ដោយសារ​ការជួញ​ដូរ។

«យើង​មាន​ក្ដី​បារម្ភថា​ប្រទេស​យើង​នឹង​ក្លាយ​ជាប្រទេស​រងគ្រោះ​ក្នុង​ក្របខណ្ឌ​ដែល​ច្បាប់​មាន​តែ​ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព។ ​មាន​យន្តការ​តែការ​ប្រើប្រាស់​ដើម្បី​ដល់​ក្មួយៗ​មិនបាន​ដើរ​ឡើយ»។

​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​១០រួម​មាន​កម្ពុជាវៀតណាម​ ឡាវ​ ថៃ ​ហ្វ៊ីលីពីន ​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី ​ប្រ៊ុយណេ ​សិង្ហបុរី​ និង​ភូមា​អាច​ធ្វើ​ពាណិជ្ជកម្ម​ ដោយ​សេរី​ដោយ​គ្មាន​រនាំងផ្នែក​សេដ្ឋកិច្ច។​ អ្នក​ធ្វើ​ជំនួញ​ ក្រុម​កម្មករ​ជំនាញ​អាច​ចេញ​ចូល​ដោយ​ងាយ​ស្រួល​ជាងមុន​ក្នុងការ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​តំបន់ឬ​ប្រទេស​ដែល​ត្រូវ​ការ​កម្លាំង​ពលកម្ម។

លោក​ស្រី​ Margaret ​Akullo​គឺ​ជាអ្នក​និពន្ធ​សៀវភៅ​ស្ដី​អំពី​ការ​ពារ​អនាគត​ និង​ការ​អភិវឌ្ឍន៍​ដើម្បី​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារនៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

លោកស្រី​ព្រមាន​ដែរ​ថាការ​ស្ទុះឡើង​នៃ​វិស័យ​ទេសចរណ៍​នោះ​មិនមែន​សុទ្ធ​តែ​ផ្ដល់​ប្រយោជន៍ដល់​ក្រុម​ពលរដ្ឋ​ទេ។​ជាពិសេស​ក្មេង​ៗ​ដែល​ភាគច្រើន​តែង​ត្រូវ​បាន​គេ​យក​ទៅ​បម្រើ​ការ​ក្នុងវិស័យ​នានា។​ជា​ហេតុ​ធ្វើ​ឲ្យ​កុមារ​ទាំង​នោះប្រឈម​កាន់​តែ​ខ្ពស់​ការជួញ​ដូរ​ ឬ​បំពាន។

លោក​ស្រី​Akullo ​បន្ថែម​ថា​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​(United ​Nations ​on ​Drugs ​and ​Crime)​បាន​ធ្វើ​ការ​សិក្សា​មួយ​ដោយ​បាន​ចុះ​សាកសួរ​ជាមួយ​ក្រុមមន្ត្រី​អនុវត្ត​ច្បាប់​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់និងបាន​រក​ឃើញ​ថា​មាន​ករណី​តិចតួច​ប៉ុណ្ណោះ​ដែល​ក្រុម​ជនល្មើស​ត្រូវ​បាន​គេ​ចាប់​យក​មក​កាត់​ទោស។​

ជាង​នេះ​ទៅ​ទៀត​ប៉ូលិស​និង​ក្រុម​អ្នកអនុវត្ត​ច្បាប់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ភាគ​ច្រើន​នៅ​ខ្វះ​ជំនាញ និង​ធនធាន​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​តាមដាន​ ស៊ើបអង្កេត​ នឹងដោះស្រាយរឿង​ក្ដី​ដែលទាក់​ទង​នឹង​ការ​រំលោភ​បំពាន​លើ​កុមារ។​

របាយ​ការណ៍​ដដែល​ក៏បាន​លើក​យក​ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​ហ្វីលីពីនដែល​រក​ឃើញ​ថា​មាន​ការ​ប្រើប្រាស់​កុមារ​ឲ្យ​សម្ដែងតួ​ដែល​មាន​ភាព​ស្រើប​ស្រាល និង​ករណី​ខ្លះ​ទៀតក្នុង​ប្រទេស​ថៃ​ដែល​ក្រុម​អាជ្ញាធរ​បានប្រព្រឹត្តអំពើ​ពុក​រលួយ​ដើម្បី​បិទ​ភ្នែក​នៅ​ពេល​មាន​ករណី​ការ​ជួញដូរ​លើ​កុមារ។

​លោក​ យ៉ា​ណាវុធ ​នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា​(CARAM​ Cambodia)​ជឿជាក់​ដែរ​ថា​នៅ​ពេលដែលមាន​លំហូរ​ចរាចរណ៍​មនុស្សកាន់តែ​សេរី​ជាង​មុន​មក​កាន់​កម្ពុជា​នៅ​ពេល​អាស៊ាន​ធ្វើសមាហរណកម្ម​កុមារក្រីក្រ​នៅ​កម្ពុជា​ដែលភាគច្រើន​តែ​ត្រូវ​បានឪពុកម្ដាយ​ ឬ​សាច់ញាតិតម្រូវឲ្យ​ប្រឡូក​ក្នុង​វិស័យ​ការ​ងារ​ដូច្នេះពួកគេ​អាច​នឹង​ប្រឈម​កាន់តែ​ខ្លាំង​ក្នុង​ការ​ជួញដូរ​ ឬ​រំលោភ​បំពាន​ផ្សេងៗ។

«អីចឹង​ទម្រាំ​តែ​ធ្វើ​សមាហរណកម្ម​អាស៊ានលំហូរ​មនុស្ស​ចេញចូល​ដោយ​សេរី​ហ្នឹង​ខ្ញុំគិត​ថា​ការ​ជួញដូរ​មនុស្ស​អាច​នឹង​កើន​ឡើង»។​

​លោក​ស្រី​ជូ​ ប៊ុន​អេង​គឺ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​និង​រត់​ពន្ធ​មនុស្ស ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ​និង​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ។​

​លោក​ស្រី​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថាប្រទេស​ទាំង​អស់​ក្នុ​ងសមា​គម​អាស៊ានរួម​ទាំង​កម្ពុជាបានត្រៀម​ផែន​ការ និង​យុទ្ធ​សាស្ត្រគ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ឬ​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៅ​លើ​កុមារ។

«រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​រៀបចំ​ជាយន្តការ​ជាតិហើយ​ដែល​ឲ្យ​ក្រសួងស្ថាប័ន​ចំនួន​២២​ ក៏​ដូចជា​អង្គភាព​សំខាន់ៗ​ចំនួន​៤​ចូលរួម​ជា​គណៈកម្មាធិការ​ជាតិហើយ​យើង​នឹង​ប្រមើល​មើល​ជា​បណ្ដើរៗទៅ​លើ​នីតិវិធី​ដោយ​មិន​បណ្តែត​បណ្ដោយ​ឲ្យ​ស្ថានភាព​អាក្រក់​វា​អាច​កើត​ឡើងមិនបាន​គ្រោង​ទុក​ជាមុន»។

យ៉ាង​ណា​ក៏ដោយរបាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ដដែល​ក៏បាន​លើក​សរសើរ​ប្រទេស​កម្ពុជា​ វៀតណាម​ ថៃ​ និង​ឡាវ​សម្រាប់ការ​ចូលរួម​សហការ​ជា​លក្ខណៈ​តំបន់​ដើម្បី​ឃ្លាំ​មើល នឹង​ទប់ស្កាត់​ជន​បរទេស​ដែល​ធ្លាប់​មាន​ប្រវត្តិ​ឧក្រិដ្ឋ​បំពាន​លើ​កុមារ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន។​

​របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ថា​ប្រទេស​ទាំងបួនក៏បាន​ចូលរួម​ក្នុង​ការ​បង្កើត​ជា​ប្រព័ន្ធរក្សា​ទុក​ឯកសារ​ដើម្បី​កំណត់​មុខ​សញ្ញា​និង​រូបភាពមុខ​ជន​ដែល​ធ្លាប់​ប្រព្រឹត្ត​ល្មើស​ផង​ដែរ៕

XS
SM
MD
LG