មេដឹកនាំនៃប្រទេសអាស៊ានទាំង១០ដែលបានជួបប្រជុំគ្នានៅសប្តាហ៍នេះក្នុងប្រទេសហ្វីលីពីនបានចៀសវាងមិនរិះគន់ប្រទេសចិនចំពោះការវាតទីនៅតំបន់សមុទ្រចិនខាងត្បូងដែលកំពុងមានការទាមទារជាន់គ្នាទេ។ នេះជាសញ្ញាមួយដែលអ្នកវិភាគខ្លះនិយាយថាដោយសារតែឥទ្ធិពលសេដ្ឋកិច្ច និងការទូតរបស់រដ្ឋបាលទីក្រុងប៉េកាំង។
មេដឹកនាំប្រទេសអាស៊ានដែលបានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលបួនថ្ងៃនៅទីក្រុងម៉ានីលកាលពីថ្ងៃសៅរ៍មិនបានចេញសេចក្តីថ្លែងការណ៍រិះគន់ប្រទេសចិនទាល់តែសោះ។ អ្នកវិភាគនិងសេចក្តីរាយការណ៍សារព័ត៌មានដែលបានចេញផ្សាយនៅសប្តាហ៍នោះបានរំពឹងថានឹងមានសេចក្តីថ្លែងការណ៍ដែលមានពាក្យពេចន៍ស្រាលៗដោយមិនហៅឈ្មោះប្រទេសណាមួយថាជាអ្នកបង្កហេតុទេ។
ការប្រមាថតិចតួចណាមួយប្រឆាំងនឹងចិន ដូចជាការរំលឹកថាចិនបានចាញ់ក្តីនៅតុលាការអាជ្ញាកណ្តាលកាលពីថ្ងៃទី១២ខែកក្កដាអាចជា «ការបង្កហេតុដោយមិនចាំបាច់»។ នេះបើតាមការបញ្ជាក់របស់លោក Collin Koh អ្នកស្រាវជ្រាវខាងសន្តិសុខដែនសមុទ្រនៅឯសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងក្នុងប្រទេសសិង្ហបុរី។
ការស្ទាក់ស្ទើរក្នុងការរិះគន់ប្រទេសចិនបង្ហាញពីផលនៃការចរចាដ៏ខ្លាំងរបស់រដ្ឋបាលទីក្រុងប៉េកាំងជាមួយនឹងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន និងការផ្តល់កញ្ចប់សេដ្ឋកិច្ចដល់ពួកគេចាប់តាំងពីតុលាការបានចេញសេចក្តីសម្រេច។ សកម្មភាពឆ្មាំសមុទ្ររបស់ប្រទេសចិន ការទាមទារដី និងការសាងសង់មូលដ្ឋានយោធានៅលើដីទំហំ៣,៥គីឡូម៉ែត្រការ៉េបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីពេលមុន៕