មន្ត្រីសិទ្ធិមនុស្សរិះគន់ស្ថាប័នសិទ្ធិមនុស្សអាស៊ានថាការពាររដ្ឋ ជាជាងរាស្ត្រ
ក្រុមមន្ត្រីអង្គការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានចោទសួរអំពីអត្ថប្រយោជន៍នៃវត្តមានរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights) ក្រោយពីស្ថាប័ននេះ ត្រូវបានបង្កើតឡើងអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយនោះ។ លោក អំ សំអាត នាយករងផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍នៅក្នុងកម្មវិធីHello VOAកាលពីថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០១៩ថា៖ «គ្រាន់តែបង្កើតទេ អត់មានយន្តការ អត់មានដំណើរការស្អីទេ។ យើងឃើញថាកើតមកហើយ តែបញ្ហាប្រទេសមួយចំនួនដែលរំលោភសិទ្ធិទៅលើពលរដ្ឋហ្នឹង អត់មានយន្តការអីដើម្បីដោះស្រាយ ដើម្បីការពារទេ»។ លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់អង្គការអាដហុក ក៏មានប្រសាសន៍ដែរថា៖ «រដ្ឋហ្នឹងភាគច្រើនគឺគាត់តែងតែការពាររដ្ឋទៅវិញ មិនមែនការពារពលរដ្ឋទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ តុលា ២០១៩)