អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានហៅសេចក្ដីស្នើវិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានអនុម័តដោយ គណបក្សកាន់អំណាច ថាបានកំពុងដាក់ឲ្យលទ្ធិប្រជាធិបតេយ្យស្ថិតក្នុងការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ។ នេះបើយោងតាមរបាយការណ៍ដែលមានចំណងជើងថា «ប្រផ្នូលនៃការស្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ ការវាយប្រហារទៅលើតំណាងរាស្ត្រ និងការគំរាមកំហែងមកលើស្ថាប័ននានារបស់កម្ពុជា» របស់អង្គការនេះ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
កាលពីខែកុម្ភៈ សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច បានអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយក្នុងសំឡេង៤៤/៤៤ ដោយគ្មានការចូលរួមពីសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំង។ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ ត្រូវបានអ្នករិះគន់មើលឃើញថា មានគោលបំណងរំលាយគណបក្សនយោបាយណា ដែលមានមេដឹកនាំប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
របាយការណ៍ដែលមានកម្រាស់៥២ ទំព័ររបស់អង្គការសមាជិកអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានលើកឡើងថា ក្រោយការវាយបំបែកចោល «វប្បធម៌សន្ទនា» ថ្មីមួយដែលត្រូវបានបង្កើតឡើងដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅពាក់កណ្ដាលឆ្នាំ ២០១៥ ការវាយប្រហារនានាទៅលើតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានកើនឡើងកាន់តែច្រើនឡើង។
របាយការណ៍បន្តថា៖ «តាក់តិករបស់គណបក្សប្រជាជនកម្ពុជា បានគំរាមកំហែងយ៉ាងខ្លាំង មិនត្រឹមតែលើសុវត្ថិភាពនៃតំណាងរាស្ត្រគណបក្សប្រឆាំង ប៉ុន្តែវាបានកើតឡើងផងដែរទៅលើភាពដែលអាចទុកចិត្តបាន និងប្រសិទ្ធភាពនៃស្ថាប័នប្រជាធិបតេយ្យនានា ក្នុងនោះមានសមត្ថភាពរបស់សភាក្នុងការបម្រើដល់កិច្ចការខាងនីតិប្បញ្ញត្តិ ភាពជាអ្នកតំណាង និងតួនាទីឃ្លាំមើលជាច្រើនទៀត»។
លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ប្រធានអង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែកមួយក្នុងន័យដើមថា៖
«អ្វីដែលកំពុងកើតមានក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គឺជាសូចនាករដំបូងនៃការវាយប្រហារចំពោះលទ្ធិប្រជាធិបតេយ្យក្នុងតំបន់ទាំងមូល។ យើងបានមើលឃើញការផ្លាស់ប្ដូរស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសដទៃទៀត។ ប៉ុន្តែឥឡូវនេះ គណបក្សប្រជាជនកម្ពុជា បានយកការវាយប្រហារនេះទៅកម្រិតថ្មីមួយទាំងមូល។ យើងត្រូវតែឈរនៅជាមួយបងប្អូនប្រុសស្រីកម្ពុជារបស់យើង ដែលកំពុងធ្វើការដើម្បីការពារគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយប្រឈមនឹងការយាយីដែលមិនធ្លាប់មានពីមុន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA កាលពីថ្ងៃចន្ទថា របាយការណ៍របស់អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ព្យាយាមលើកយកបញ្ហាចាស់ៗ ដែលបានកើតឡើងកន្លងមក ដើម្បីបន្តវាយប្រហារលើគណបក្សកាន់អំណាច។
«ការលើកយករឿងឧបទ្ទវហេតុ មានអំពើហិង្សាលើសមាជិកពីររូបនៅក្នុងគណបក្សប្រឆាំងហ្នឹងវារំលងបានពីរបីឆ្នាំទៅហើយ ដូច្នេះហើយ គាត់នឹងជាសន្សំរឿងទេ រឿងវាផុតរលត់បាត់ទៅហើយ។ តុលាការបានចាត់ការនីតិវិធីចប់សព្វគ្រប់អស់ទៅហើយ។ បាទអញ្ចឹង យើងយល់ថា នេះជាចេតនាទុច្ចរិតមួយរបស់ក្រុមប្រឆាំងដែលមានខ្សែរយៈទាំងក្នុងទៅក្រៅប្រទេស»។
លោក សុខ ឥសាន បន្តថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងមិនស្លាប់ដូចអ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍ អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនោះទេ។ លោកមានប្រសាសន៍ថា៖
«ផ្ទុយទៅវិញវាមានការរីកចម្រើន វាមានការបើកទូលាយ សិទ្ធិសេរីភាពជូនប្រជាជន ក៏ដូចជាគណបក្សនយោបាយដែលកំពុងតែធ្វើសកម្មភាពរាល់ថ្ងៃនេះ។ តើបានសេចក្តីថាលទ្ធិប្រជាធិបតេយ្យកម្ពុជាស្លាប់ ឬមួយក៏ដើរថយក្រោយ។ អាហ្នឹងយើងមើលទាំងអស់គ្នា អញ្ចឹងនេះការនិយាយរបស់គាត់ហ្នឹង វាមិនបានផ្សារភ្ជាប់តថភាពសង្គមកម្ពុជា»។
ក៏ប៉ុន្តែ អ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រាប់ VOA ថា ក្រុមអ្នកធ្វើច្បាប់នៃគណបក្សប្រឆាំង កំពុងរងគំនាបកាន់តែខ្លាំងនៅមុនការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតឆ្នាំ២០១៨។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា របាយការណ៍របស់អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ត្រូវបានធ្វើឡើងដោយយោងទៅតាមការវាយប្រហារផ្ទួនៗគ្នា ទៅលើក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកតំណាងរាស្ត្រគណបក្សជំទាស់ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៥។
លោកបានបន្ថែមថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងមិនអាចមានភាពល្អប្រសើរបាននោះទេ នៅគ្រាដែលស្ថានភាពនយោបាយ នៅបន្តមានភាពតានតឹងដូចសព្វថ្ងៃនេះ។
«យើងឃើញថា មកទល់ពេលនេះ មិនទាន់ឃើញមានសញ្ញាណណាមួយ ដើម្បីស្ដារលទ្ធភាពនៃវិស័យនៃការគោរពសិទ្ធិមនុស្សឲ្យបានល្អ ឲ្យប្រសើរឡើងវិញបាននៅឡើយទេ ហើយជាពិសេសទាក់ទងបញ្ហានយោបាយកំពុងតែក្ដៅគគុក ឬតានតឹងនេះគឺកម្ពុជាយើងខ្ញុំសង្កេតឃើញអញ្ចឹងថា នៅពេលដែលកម្ដៅនយោបាយឡើងខ្លាំង ឬក៏តានតឹងហ្នឹង យើងឃើញថា ស្ថានភាពសិទ្ធិមនុស្សហ្នឹងក៏មានការធ្លាក់ចុះយ៉ាងគំហុកផងដែរ»។
របាយការណ៍ស្តីពីប្រផ្នូលនៃការស្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានឲ្យដឹងបន្ថែមថា បីឆ្នាំកន្លងមកនេះ មានតំណាងរាស្ត្រចំនួន១៥រូប ត្រូវបានរកឃើញថា ជាជនរងគ្រោះនៃបទចោទប្រកាន់បទព្រហ្មទណ្ឌ និងនីតិវិធីរបស់តុលាការ ដែលជារួមបង្កើតបានការវាយប្រហារដោយតុលាការទៅលើក្រុមអ្នកប្រឆាំងនៅកម្ពុជា។
របាយការណ៍បន្តថា តំណាងរាស្ត្រពីររូប ត្រូវបានឃុំខ្លួន ពីររូបទៀតកំពុងនិរទេសខ្លួន ដោយការចោទប្រកាន់បទព្រហ្មទណ្ឌ ហើយមួយរូបទៀត ត្រូវបានកាត់ទោស និងចំណាយពេលជាងប្រាំមួយខែ ដោយការឃុំខ្លួនក្នុងផ្ទះ ដើម្បីបញ្ចៀសការចាប់ដាក់ក្នុងពន្ធនាគារនៅឆ្នាំ ២០១៦។
ស្របពេលជាមួយគ្នានេះ មានតំណាងរាស្ត្រយ៉ាងហោចណាស់៨រូបផ្សេងទៀត បានមើលឃើញករណីរបស់ពួកគេត្រូវបានព្យួរទុក និងមិនត្រូវបានទម្លាក់ចោល ដែលទុកឲ្យរាល់ការចោទប្រកាន់ទាំងឡាយ អាចត្រូវសើរើឡើងវិញនៅគ្រប់ពេល ដែលនេះជាការគំរាមកំហែងទៅលើពួកគេ។
របាយការណ៍ដដែល សង្កត់ធ្ងន់ថា ការវាយប្រហាររបស់ក្រុមអ្នកគាំទ្ររដ្ឋាភិបាលលើរាងកាយតំណាងរាស្ត្រពីររូបនៃគណបក្សសង្គ្រោះជាតិ ដែលបានកើតឡើងកាលពីខែតុលា ឆ្នាំ២០១៥ បានបង្កើតឲ្យមានបរិយាកាសភ័យខ្លាចផងដែរ។
របាយការណ៍ក៏បានលើកជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងនានាលើតំណាងរាស្ត្រនោះ ការពិនិត្យឡើងវិញ និងការធ្វើសេចក្ដីបញ្ជាក់ទៅលើរាល់លក្ខន្តិកពាក់ព័ន្ធ និងកិច្ចខិតខំនានា ត្រូវតែជាកិច្ចការអាទិភាព ដើម្បីធានាឲ្យបានថាគ្រប់ភាគីទាំងអស់ដែលយកចិត្តទុកដាក់នៅក្នុងស្ថិរភាព ភាពចម្រុងចម្រើន និងការទទួលខុសត្រូវនៅកម្ពុជាត្រូវតែធ្វើអ្វីៗឲ្យស្របទៅតាមច្បាប់៕