អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ីបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជំរុញឱ្យមានការបោះឆ្នោតត្រឹមត្រូវនៅកម្ពុជា ដោយការធានាថា គណបក្សសង្គ្រោះជាតិអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ អតីតប្រធានគណបក្សសង្គ្រោះជាតិអះអាងថា គណបក្សកាន់អំណាចនិងរដ្ឋាភិបាលកំពុងរកលេសចង់រំលាយគណបក្សសង្គ្រោះជាតិ។
ការអំពាវនាវនេះធ្វើឡើងក្រោយពេលដែលច្បាប់ស្ដីពីគណបក្សនយោបាយត្រូវបានធ្វើវិសោធនកម្ម ដែលនាំឱ្យសហគមន៍អន្តរជាតិព្រួយបារម្ភថា វាជារបត់ដ៏គ្រោះថ្នាក់មួយចំពោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោកសម រង្ស៊ី ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេស បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ជាមួយនឹងបរិយាកាសប្រកបដោយភាពភ័យខ្លាច និងការបំភិតបំភ័យ តាមរយៈការដាក់ពន្ធនាគារអ្នករិះគន់រដ្ឋាភិបាលជាបន្តបន្ទាប់ ការបោះឆ្នោតនាពេលខាងមុខមិនអាចប្រព្រឹត្តទៅដោយសេរីនោះទេ។
អតីតប្រធានគណបក្សប្រឆាំងរូបនេះសរសេរបន្តថា៖
«ក៏ប៉ុន្តែយ៉ាងហោចណាស់ សូមជួយធានាថា ការបោះឆ្នោតនាពេលខាងមុខមានភាពត្រឹមត្រូវគ្រប់គ្រាន់ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់មានអាសនៈក្នុងសភា»។
លោកសម រង្ស៊ី ដែលបានលាលែងចេញពីតំណែងដោយសារវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ក៏បាននិយាយផងដែរថា គណបក្សកាន់អំណាច និងរដ្ឋាភិបាលកំពុងតែរកលេសចង់រំលាយគណបក្សសង្គ្រោះជាតិ ដើម្បីចៀសវាងការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
កាលពីថ្ងៃចន្ទសប្ដាហ៍មុន រដ្ឋសភាបានអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយមានសំឡេង៦៦លើ៦៦ ដោយគ្មានវត្តមានគណបក្សប្រឆាំងទេ ទោះបីជារងការរិះគន់ជាច្រើនពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិក៏ដោយ។
ច្បាប់នេះត្រូវបានព្រឹទ្ធសភាឯកភាពទាំងស្រុងកាលពីថ្ងៃអង្គារ ហើយក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសនៅថ្ងៃសុក្រនេះថា ច្បាប់នេះស្របនឹងរដ្ឋធម្មនុញ្ញ ហើយបានបិទផ្លូវតវ៉ា។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបដិសេធមិនធ្វើអធិប្បាយទាក់ទងនឹងការអំពាវនាវរបស់លោកសម រង្ស៊ីទេ ដោយបានឱ្យ VOA យោងតាមសេចក្ដីថ្លែងការណ៍ដែលស្ថានទូតបានចេញកាលពីថ្ងៃចន្ទសប្ដាហ៍មុន។
ក្នុងសេចក្ដីថ្លែងការណ៍ដែលចេញភ្លាមៗក្រោយពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយត្រូវបានអនុម័តដោយរដ្ឋសភានោះ ស្ថានទូតអាមេរិកបានសម្ដែង«ការព្រួយបារម្ភយ៉ាងខ្លាំង»ចំពោះវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មានការពិគ្រោះយោបល់ ឬពិភាក្សាគ្នាជាសាធារណៈតែបន្តិចបន្តួចប៉ុណ្ណោះ ហើយថា វិសោធនកម្មនេះ«បានផ្ដល់អំណាចយ៉ាងធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ» ហើយនឹងកំណត់លក្ខខណ្ឌមិនច្បាស់លាស់ ដែលអាចឈានទៅដល់ការរំលាយគណបក្សនយោបាយតែម្ដង។
ស្ថានទូតអាមេរិកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាថា យុទ្ធនាការឃោសនា និងការបោះឆ្នោតក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ មានលក្ខណៈសេរី យុត្តិធម៌ និងមានតម្លាភាព ដោយអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយទាំងអស់មានឱកាសចូលរួមប្រកួតប្រជែងដោយស្មើភាព។
ស្ថានទូតកាណាដា និងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាពុំបានឆ្លើយតបនឹងសំណួររបស់ VOA កាលពីល្ងាចថ្ងៃសុក្រ ពាក់ព័ន្ធនឹងការអំពាវនាវរបស់លោកសម រង្ស៊ីនោះទេ។
ក៏ប៉ុន្តែកន្លងទៅ ស្ថានទូតកាណាដា និងសហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដើម្បីបង្ហាញពីការព្រួយបារម្ភចំពោះវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។ ស្ថានទូតទាំងពីរបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាថា ការបោះឆ្នោតនៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨នឹងប្រព្រឹត្តទៅដោយសេរី បើកចំហ និងមានតម្លាភាព។
ក្រៅពីប្រទេសមហាអំណាចទាំងនេះ អង្គការជាតិ និងអន្តរជាតិក៏បានបង្ហាញពីក្ដីបារម្ភលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយរបស់កម្ពុជាផងដែរ។ អង្គការ និងអ្នកដែលបានសម្ដែងការព្រួយបារម្ភនោះមានដូចជា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺលោកស្រី Rhona Smith អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស។
បើទោះបីជាមានការរិះគន់ជាបន្តបន្ទាប់ក្ដី រដ្ឋាភិបាលកម្ពុជាបានច្រានចោលការចោទប្រកាន់ និងការអំពាវនាវជាបន្តបន្ទាប់។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ច្បាប់នេះមិនធ្វើឱ្យប៉ះពាល់ដល់ប្រជាធិបតេយ្យនៅកម្ពុជាទេ ហើយវានឹងត្រូវអនុវត្តសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់។ លោកបន្តថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាព ដូច្នេះច្បាប់នេះនឹងត្រូវយកទៅប្រើប្រាស់ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅជាធម្មតា បើទោះជាមានការរិះគន់ក្តី។
«យើងមិនឈឺក្បាលវិលមុខទេ! អស់លោកហ្នឹង អ្នកព្រួយបារម្ភ អ្នកភ័យខ្លាច... គឺថា សំខាន់វានៅលើយើងជាអ្នកអនុវត្តច្បាប់ បាទ! អីចឹងទេគឺថា ចេញហើយ ហើយយើងទាំងអស់គ្នារង់ចាំមើល តើវាមានប្រតិកម្មយ៉ាងណាជាមួយគណបក្សនយោបាយនោះ»។
VOA បានព្យាយាមសុំការអធិប្បាយពីលោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.និងលោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការនេះ តែមិនអាចទាក់ទងបានទេកាលពីល្ងាចថ្ងៃសុក្រ។
លោកសំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា Nicfec មានប្រសាសន៍ថា ច្បាប់ស្ដីពីគណបក្សនយោបាយដែលទើបត្រូវបានធ្វើវិសោធនកម្មនេះនឹងក្លាយជាគំនាបលើគណបក្សប្រឆាំងនានា ជាពិសេសគណបក្សសង្គ្រោះជាតិ។
លោកបន្តថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទេនោះ នោះការបោះឆ្នោតនេះមិនអាចត្រូវបានចាត់ទុកថា មានលក្ខណៈសេរី និងយុត្តិធម៌នោះទេ ទោះបីមានគណបក្សផ្សេងៗជាច្រើនទៀតចូលរួមក៏ដោយ។
«ព្រោះអី គណបក្សដែលមានប្រជាប្រិយភាព ដែលប្រហាក់ប្រហែលគ្នាគឺមានតែពីរហ្នឹងទេ [គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ] ដែលមានអាសនៈនៅក្នុងសភា ហើយបើរំលាយមួយហើយ នៅសល់តែមួយទេ។ ឈ្មោះច្រើនគណបក្សមែន ប៉ុន្តែសំឡេងគាំទ្របោះឆ្នោតដូចតែឯកបក្សអីចឹង។ ដូចគ្នា វាអត់ខុសគ្នាទេ គ្រាន់តែរូបរាងខាងក្រៅមានគណបក្សច្រើនមែន បាទ»។
លោកសំ គន្ធាមីបន្តថា ដោយសារស្ថានភាពនយោបាយមានភាពប្រសើរឡើង លោករំពឹងថា ច្បាប់ស្ដីពីគណបក្សនយោបាយនេះនឹងមិនត្រូវបានប្រើប្រាស់នោះទេ។ ក៏ប៉ុន្តែលោកថា ច្បាប់នេះនឹងក្លាយជាសម្ពាធលើគណបក្សប្រឆាំងហើយនឹងមិនអនុញ្ញាតឱ្យគណបក្សនេះធ្វើយុទ្ធនាការខ្លាំងក្លា ឬធ្វើការវាយប្រហារលើរដ្ឋាភិបាល ដូចការបោះឆ្នោតឆ្នាំ២០១៣នោះទេ៕